(14-01-2017) ប៉ៃលិន៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ គណកម្មាធិការបក្សប្រជាជនកម្ពុជាឃុំសាលាក្រៅ បានធ្វើសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំក្នុងអាណត្តទី៣ នៃក្រុមប្រឹក្សាឃុំសង្កាត់ និងលើកទិសដៅអនុវត្តបន្តក្នុង រយៈពេល៥ឆ្នាំក្នុងអាណត្តទី៤ (២០១៧-២០២២)។ សន្និបាតនេះបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសាលាក្រៅ ស្ថិតក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សចុះជួយឃុំសាលាក្រៅ និងសកម្មជនគណបក្សសរុប៣០០នាក់។
សន្និបាតនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផផ្សាយពីសមិទ្ធិផលការងារ ដែលឃុំសាលាក្រៅសំរេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងអាណត្តទី៣របស់ក្រុមប្រឹក្សាឃុំ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងដាក់ទិសដៅសំរាប់ការអនុវត្តបន្តក្នុងអាណត្តទី៤ ២០១៧- ២០២២ ។ ការដកពិសោធលើចំណុចខ្លាំង ចំណុចខ្សោយនៃការដឹកនាំ អភិវឌ្ឍន៍ឃុំសាលាក្រៅនៅក្នុងអាណត្តិទី៣កន្លងមក។ ការពិភាក្សាផ្តល់មតិយោបល់លើផែនការសកម្មភាពសំរាប់ដណ្តើមបានជ័យជំនះក្នុងពេលបោះឆ្នោតឃុំសង្កាត់នាខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ និងការបោះឆ្នោតជ្រើសរើសបេកជនចំនួន៥នាក់ដែលមានប្រជាប្រិយភាព មានការគោរព ស្រឡាញ់ គាំទ្រ ពីសំណាក់ប្រជាពលរដ្ឋ ដើម្បីអោយឈរឈ្មោះ សំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំនាពេលខាងមុខ។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនបានមានប្រសាសន៍ថា ក្រោមម្លប់សុខ សន្តិភាព តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងមានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ និង យ៉ាងឆាប់រហ័ស។ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងត្រូវបានកសាង បំរើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ធ្វើអោយការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋយើងមានភាពងាយស្រួល និងមានការរីកចំរើន សំបូរធូធា។ ឯកឧត្តម បានមានប្រសាសន៍បន្តថា សកម្មជនរបស់គណបក្សយើងទាំងអស់ត្រូវមានការយល់ដឹងអោយបានច្បាស់ពីសមិទ្ធិផល និងស្នាដៃដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើង និងត្រូវផ្សព្វផ្សាយពន្យល់ណែនាំពីសមិទ្ធផលទាំងអស់នេះ អោយដល់ប្រជាពលរដ្ឋទូទៅអោយបានយល់ដឹងផងដែរ ដើម្បីទាក់ទាញការគាំទ្រមកលើគណបក្សប្រជាជនកម្ពុជាយើង។ម្យ៉ាងទៀត សមាជិក សមាជិការរបស់គណបក្សយើងក៏ត្រូវមានតួនាទីឆ្លើយតបដោយសេចក្តីថ្លៃថ្នូរ ចំពោះជនអគតិមួយចំនួនដែលមានចេតនាលាបពណ៌ មួលបង្កាច់ថ្នាក់ដឹកនាំ បំភ្លៃការពិត ឬចេតនាជាន់ពន្លិចស្នាដៃរបស់គណបក្ស ជាដើម ដែលធ្វើអោយប៉ះពាល់ដល់ឥទ្ធិពលគណបក្សរបស់យើង។ ឯកឧត្តម ក៏បានណែនាំសូម អោយប្រជាពលរដ្ឋ សកម្មជនយើងទាំងអស់ត្រូវទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ជៀសវាងមានការខុសឆ្គងដោយប្រការណាមួយ ដែលយើងមិនអាចបោះឆ្នោតបាន នៅថ្ងៃបោះឆ្នោតខាងមុខ៕
[youtube id= “Q2vL55jTobw”]