(14-01-2017) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ គណៈកម្មាធិការគណបក្សសង្កាត់អូរតាវ៉ៅធ្វើសន្និបាតបូកសរុបសមិទ្ធិផលការងារ ៥ឆ្នាំ និងលើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២ ក្រោមអធិបតីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន សមាជិកសមាជិកាគណៈកម្មាធិការគណបក្ស ប្រធានអនុប្រធានបក្សភូមិសង្កាត់និងសមាជិកសមាជិការចំនួន៤៥០នាក់ ។
លោក សួន អ៊ន់ ប្រធានក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅនិងជាប្រធានគណបក្សសង្កាត់អូរតាវ៉ៅបានអានរបាយការពីសមិទ្ធិផលការងារ ៥ឆ្នាំ គណៈកម្មាធិការគណបក្សសង្កាត់អូរតាវ៉ៅនិងលើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២។
ក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិរបស់ខ្លួនកន្លងមកនេះ ក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅបានបំពេញតួនាទីសហការដឹកនាំប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនដោយខិតខំប្រឹងប្រែងយ៉ាងអស់កម្លាំងកាយចិត្តនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខដ៏ឆ្នើម ក្នុងកោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឲ្យបានអតិបរមា។ ធ្វើកម្មវិធីនយោបាយអភិវិឌ្ឍន៍សង្កាត់ជាពិសេសការអនុវត្តន៍គោលនយោបាយវិមជ្ឍការនៅថ្នាក់ឃុំសង្កាត់ ការអនុវត្តន៍គោលនយោបាយអភិបាលកិច្ចល្អ តាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានដែលជាការឆ្លើយតបទៅនិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ សង្កាត់អូរតាវ៉ៅបានធ្វើការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងចងក្រងបទពិសោធន៍សម្រាប់អាណត្តិទី៤បន្តទៀត។ ទន្ទឹមនឹងនោះគណបក្សសង្កាត់បានលើកទិសដៅ៥ឆ្នាំបន្ត២០១៧-២០២២ ឆ្ពោះទៅការអភិឌ្ឍន៍មូលដ្ឋានលើគ្រប់វិស័យ ដើម្បីបង្កើតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងជនបទ និងទីប្រជុំជន ដែលមានចំណុចសំខាន់ដូចជា ៖ទី១/ លើកកម្ពស់ស្ថានភាពសង្គម។ ទី២/ សេដ្ឋកិច្ចនៅជនបទ។ ទី៣/ ពង្រឹង និងលើកកម្ពស់សិទ្ធអំណាចសហគមន៍នៅមូលដ្ឋានភូមិ សង្កាត់ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពឹងផ្អែកដោយខ្លួនឯងបាន។ទី៤/ បន្តថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រក្សាបានការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្មនា។ទី៥/ បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែខ្លាំងក្លា និងកាន់តែមានប្រសិទ្ធភាព។ ទី៦/ ប្រឆាំង ទប់ស្កាត់អំពើរំលោភច្បាប់ អំពើពុករលួយ ការជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់។ទី៧/ បន្តផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋទីទ័លក្រីក្រនៅមូលដ្ឋានផ្ទាល់។ ទី៨/ គ្រប់គ្រងថែរក្សា បរិស្ថានធនធានធម្មជាតិ និងមរតកវប្បធម៌ឲ្យបានល្អគង់វង្ស ដើម្បីពង្រឹង ពង្រីកវិស័យទេសចរណ៍មូលដ្ឋាន។
ក្នុងអង្គសន្និបាតសមាជិកបក្សភូមិតំណាងឲ្យប្រជាពលរដ្ឋបានលើកឡើងពីបញ្ហានិងសំណូមពរមួយចំនួនដូចស្នើសុំភ្លើង ស្ពាននៅប៉ាងលឹម បញ្ហាកសិផល ស្នើសុំផ្លូវ ស្ពាន លូ ប្រវែង ៦០០គីឡូម៉ែត្រនៅក្រចាប់លើ ស្នើសុំផ្លូវ១ខ្សែរចូលភូមិទី៤ ជាប់សាលា ស ខេង ស្នើរសុំអណ្តូងស្នប់នៅភូមិភ្នំរាំង ស្នើសុំជួយសម្រួលបោះបង្គោលភ្លើងនៅឡូ ១,២,៤ ស្នើសុំទោងក្មេងលេងនិងជួយរបងជុំវិញសាលារៀនអូរប្រើស ស្នើសុំផ្លូវ១ខ្សែនៅភូមិខ្លុងចូលទៅឡដីឥដ្ឋ។ ហើយអង្គសន្និបាតក៏បានធ្វើការបោះឆោតស្ទាបស្ទង់មតិដើម្បីជ្រើសរើសសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ។ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ រាល់បញ្ហានិងសំណើររបស់បងប្អូនប្រជាពលរដ្ឋខាងក្រុមការងារនិងយកទៅពិភាក្សាជាមួយអភិបាលខេត្តនិងភាគីដែលពាក់ព័ន្ធដើម្បីធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម អ៊ី ឈាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សសង្កាត់ ព្រមទាំងក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់អូរតាវ៉ៅទាំងអស់ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចបំរើប្រជាជនបានល្អ នៅក្នុងសង្កាត់ទាំងមូល ដោយធ្វើការអភិវឌ្ឍន៍ ជាបន្តបន្ទាប់តាំងពីអាណត្តិទី១ ទី២ និងទី៣ ដោយគណបក្សប្រជាជនកម្ពុជា មានការរីកចំរើនគួឲ្យកត់សំគាល់ ផ្ទុយស្រឡះពីអតីតកាលដែលយើងមិនមានអ្វីសោះ ។ ឯកឧត្តមបានបន្តថា៖ ក្នុងរយៈកាល៥ឆ្នាំនេះការអនុវត្តន៍គោលនយោបាយ ឈ្នះ ឈ្នះ មានការអភិវិឌ្ឍន៍តាមគោលដៅរបស់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចពញ្ញាចក្រីហេង សំរិន្ធ ប្រធានរដ្ឋសភា បានធ្វើឲ្យប្រទេសមានសន្តិភាពពេញលេញមួយរយភាគរយ ដូចនេះយុវជនយើងត្រូវដឹងគុណមាតាបីតានិង ថ្ងៃ ៧ មករា យើងត្រូវថែក្សាសន្តិភាពកុំបង្ករចលាចលសង្គម យុវជនយើងត្រូវមានជំហររឹងមាំកុំចាញ់បោកការឃោសនារបស់ជនអគតិមួយចំនួនដែលមកបំពុលសង្គម នាំធ្វើបាតុកម្មឬក៏បដិវត្តពណ៌អ្វីឡើយ នាំអោយប្រទេសជាតិអថេភាពគ្មានសន្តិសុខ អាជ្ញាធរត្រូវការពារសន្តិភាព ថេរភាពសង្គម និងការពាប្រជាជន សូមឲ្យបងប្អូនសមាជិកសមាជិកាសាមគ្គីគ្នាជាធ្លុងមួយដើម្បីដំណើរការបានល្អក្នុងការបម្រើប្រជាពលរដ្ឋ ព្រោះថាការសាមគ្គីគ្នានេះមានសារៈសំខាន់ណាស់សំរាប់សមាជិកសមាជិកាឃុំសង្កាត់។ ក្នុងអង្គសន្និបាតបានឯកភាពគ្នាជាឯកឆន្ទ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត៕
[youtube id= “O_8c73lmgEM”]