គណៈកម្មាធិការគណបក្សសង្កាត់បរយ៉ាខាធ្វើសន្និបាត បូកសរុបសមិទ្ធិផលការងារ ០៥ឆ្នាំនិងលើកទិសដៅការងារ ០៥ឆ្នាំបន្ត ២០១៧-២០២២


​(14-01-2017) ប៉ៃលិន៖ នៅ​ព្រឹក​ថ្ងៃ​ទី១៤ ​ខែមករា ​ឆ្នាំ​២០១៧ ​នៅ​ភូមិ​បរតាំង​ស៊ូ ​សង្កាត់​បរយ៉ាខា ​ក្រុង​ប៉ៃលិន ​គណៈ​កម្មា​ធិការ​គណ​បក្ស​សង្កាត់​បរយ៉ាខា​ បាន​ធ្វើ​សន្និបាត​បូក​សរុប​សមិទ្ធិ​ផល​ការងារ ​៥ឆ្នាំ ​និង​លើក​ទិស​ដៅ​ការងារ ​៥ឆ្នាំ​បន្ត​ ២០១៧​-​២០២២​ ក្រោម​អធិបតី​ភាព​ ឯក​ឧត្តម ​ផាន់​ ចាន់​ធុល ​ប្រធាន​ក្រុម​ការងារ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរយ៉ាខា ​ព្រម​ទាំង​សមា​ជិក​សមា​ជិកា​ដែល​បាន​ចូល​រួម​ ចំនួន ​២៥៤​នាក់​ ។​

​បន្ទាប់​ពី​លោក ​លឹម ​សំបូរ​ ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​បរយ៉ាខា​ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​គណ​បក្ស​សង្កាត់​ បាន​ឡើង​ថ្លែង​បើក​អង្គ​សន្និបាត​រួច​មក​ លោក ​ប៊ុន ​គឹមសេង ​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ បាន​អាន​របាយ​ការ​ណ៍​ស្តីពី​សមិទ្ធិផល​ការងារ ​០៥ឆ្នាំ ​របស់​គណៈ​កម្មា​ធិការ​គណ​បក្ស​សង្កាត់​បរយ៉ាខា​ និង​លើក​ទិស​ដៅ​ការងារ​ ០៥​ឆ្នាំ​បន្ត ​២០១៧​-​២០២២ ​ដោយ​ក្នុង​រយៈ​ពេល​០៥ឆ្នាំ ​នៃ​អាណត្តិ​របស់​ខ្លួន ​កន្លង​មក​ក្រុម​ប្រឹក្សា​សង្កាត់​បរយ៉ាខា ​បាន​បំពេញ​តួនាទី​សហ​ការ​ដឹក​នាំ​ប្រជា​ជន​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ដោយ​ខិត​ខំប្រឹង​ប្រែង​យ៉ាង​អស់​ពីកម្លាំង​កាយ​ចិត្ត​ ដើម្បី​អនុវត្ត​នូវ​គោល​នយោ​បាយ​យុទ្ធ​សាស្រ្ត​ចតុកោណ ​ដំណាក់​កាល​ទី៣​ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន ​សែន ​ជា​នាយក​រដ្ឋ​មន្រ្តី ​និង​ជា​ប្រមុខ​ដឹក​នាំ​ដ៏​ឆ្នើម​ ដែល​បាន​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស ​លើ​គ្រប់​វិស័យ ​ជា​ពិសេស​គឺ​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជីវ​ភាព​រស់នៅ​របស់​ប្រជា​ពល​រដ្ឋ​។​ ដូច្នេះ​ការងារ​ទទួល​ខុស​ត្រូវ​ជាក់​ស្តែង​ជា​ប្រចាំ​ និង​ដោយ​ផ្ទាល់​ បាន​ផ្តល់​បទ​ពិសោធន៍​ជា​ច្រើន​ ដែល​ជា​មូល​ដ្ឋាន​ ដ៏​វិសេស​វិសាល ​បង្កើន​សមត្ថ​ភាព​ដល់​ក្រុមប្រឹក្សា​សង្កាត់​ឲ្យ​បំពេញ​ភារ​កិច្ច ​បម្រើ​ប្រជា​ជន​ ដោយ​ផុស​ចេញ​ជា​សមិទ្ធិ​ផល​ គួរ​ជា​ទីពេញ​ចិត្ត​ហើយ​ក៏​ជា​ដើម​ទុន​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​ការងារ​កសាង​ អភិវឌ្ឍន៍​សង្កាត់​ក្នុង​អាណត្តិ​ទី៤ ​ជា​បន្ត​ទៀត​។​

​ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល ​ប្រធាន​ក្រុម​ការងារ​ គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​បរយ៉ាខា​បាន​មាន​ប្រសាសន៍​ថា​៖ ​ផ្លូវ ​ទឹក​ ភ្លើង ​នេះ​ជា​កត្តា​សំខាន់​ណាស់​សំរាប់​បងប្អូន​ប្រជា​ពល​រដ្ឋ​យើង​ព្រោះវា​ជា​តម្រូវ​ការ​ដ៏ចាំបាច់​ដែល​បង​ប្អូន​យើង​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ ​ដូច្នេះ​ត្រូវ​ជំរុញ​ឲ្យ​សមាជិក​សមាជិកា​ប្រធាន​បក្ស​ភូមិ​ក្នុង​សង្កាត់​នីមួយៗ​ត្រូវ​ចុះ​តាម​មូល​ដ្ឋាន​របស់​បងប្អូន​ប្រជា​ពល​រដ្ឋ​ដោយ​ផ្ទាល់​ និង​ជួយ​ជ្រុម​ជ្រែង​ប្រជា​ពល​រដ្ឋ​ដើម្បី​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ទាន់​ពេល​វេលា។​ ឯក​ឧត្តម​បាន​បន្តថា៖​ ដើម្បី​ឲ្យ​គណ​បក្ស​យើង​មាន​ជ័យ​ជំនះ​នៅ​ពេល​ខាង​មុខ​យើង​ទាំង​អស់​គ្នា​ត្រូវ​៖ ទី១/​ យើង​ទាំង​អស់​គ្នា​ត្រូវ​រួម​សុខរួម​ទុក្ខ​ជា​មួយ​បងប្អូន​ប្រជា​ពល​រដ្ឋ​ ​។​ ទី២/​ ត្រូវ​បង្កើត​កម្ម​វិធីន​យោបាយ​នៅ​តាម​ភូមិ​ឃុំ​សង្កាត់ ​។​ទី៣/ ​ត្រូវ​បង្ហាញ​នូវ​សមិទ្ធិ​ផល​សង្គម​ដែល​យើង​មាន​ដូច​ជា​ផ្លូវ​ ស្ពាន ​សាលារៀន ​មន្ទីរ​ពេទ្យ ​វត្ត​អារាម ​ដែល​ជា​សមិទ្ធិ​ផល​សម្រេច​បាន​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ​ហ៊ុន​ សែន ​សម្តេច​ពញ្ញា​ចក្រី​ហេង ​សំរិន​ និង​សមិទ្ធិ​ផល​ជាច្រើន​រាប់​មិន​អស់​ដើម្បី​ឃោសនា​ឲ្យ​ប្រជា​ពល​រដ្ឋ​យើង​បាន​ដឹង​។ ​ទី៤/​ បេក្ខ​ជន​ឃុំ​សង្កាត់​ត្រូវ​មាន​ប្រជា​ប្រិយ​ភាព​ជាមួយ​បងប្អូន​ប្រជា​ពល​រដ្ឋ​និង​មាន​ការ​ជួយ​ជ្រុម​ជ្រែង​ពី​ថ្នាក់​លើ​។ ​ទី៥/​ ពង្រឹង​ទីតាំង​ស្នាក់​ការ​បក្ស​ជាពិសេស​មេបក្ស​ភូមិ​ត្រូវ​មាន​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​និង​ចេះ​រាយការណ៍​ជូន​ថ្នាក់​លើ​។ ​និង​ទី៦/​ ចាត់​ភ្នាក់​ងារ​សង្កេត​ការណ៍​តាម​ការ​រិយា​ល័យ​បោះឆ្នោត​នីមួយៗ​។ ​ក្នុង​ឱកាស​នោះ​ដែរ​ ឯក​ឧត្តម ​ផាន់ ​ចាន់​ធុល ​ព្រម​ទាំង​ក្រុម​ការងារ ​បាន​ឧប​ត្ថម្ភថវិកា​មួយ​ចំនួន​ដល់​លោក​ កែវ​ កើន ​មេ​បក្ស​ភូមិ​អូរ​ច្រាលិច​ ដែល​កំពុង​មាន​ជម្ងឺ​ ព្រម​ទាំង​រៀប​ចំហូប​បាយ​សាមគ្គី​រួម​គ្នា​ផង​ដែរ ​ដើម្បី​បង្កើន​ភាព​ស្និត​ស្នាល​ និង​សាមគ្គី​ភាព​ឯក​ភាព​ផ្ទៃក្នុង​ ធ្វើ​យ៉ាង​ណា​ដណ្តើម​យក​ប្រៀប​ឈ្នះ​នា​ពេល​ខាង​មុខ​។​

cpp-14-01-2017-001 cpp-14-01-2017-002 cpp-14-01-2017-003 cpp-14-01-2017-004vv

[youtube id =”lLlJPMGuTxM”]