(10-01-2017) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅមន្ទីរគណបក្សប្រជាកម្ពុជាខេត្តប៉ៃលិនបានបើកនិងបិទសន្និបាតបូកសរុបសមិទ្ធិផលការងារ ៥ឆ្នាំ គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វានិងលើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២ ក្រោមអធិបតីឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន លោក ឌិន គឹម ប្រធានគណបក្សប្រជាកម្ពុជាចុះជួយសង្កាត់ទួលល្វា សមាជិកសមាជិកាគណៈកម្មាធិការគណបក្ស ប្រធានអនុប្រធានបក្សភូមិសង្កាត់និងសមាជិកសមាជិការចំនួន៣៤៤នាក់ ។
បន្ទាប់ពីលោក សំ ភួង ប្រធានក្រុមប្រឹក្សាសង្កាត់ទួលល្វានិងជាប្រធានគណបក្សសង្កាត់ទួលល្វាបានឡើងថ្លែងបើកអង្គសន្និបាតរួចមក លោក ឡុង សួរ សមាជិកក្រុមប្រឹក្សាសង្កាត់បានអានរបាយការពីសមិទ្ធិផលការងារ ៥ឆ្នាំ គណៈកម្មាធិការគណបក្សសង្កាត់ទួលល្វា និងលើកទិសដៅការងារ ៥ឆ្នាំបន្ត ២០១៧-២០២២។
ក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិរបស់ខ្លួនកន្លងមកនេះ ក្រុមប្រឹក្សាសង្កាត់ទួលល្វាបានបំពេញតួនាទីសហការដឹកនាំប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួនដោយខិតខំប្រឹងប្រែងយ៉ាងអស់កម្លាំងកាយចិត្តនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី ហ៊ុន សែននាយករដ្ឋមន្រ្តី ជាប្រមុខដ៏ឆ្នើម ក្នុងកោលបំណងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនឲ្យបានអតិបរមា។ រយៈពេល៥ឆ្នាំកន្លងទៅ ការងារទទួលខុសត្រូវជាក់ស្តែងប្រចាំថ្ងៃបានផ្តល់បទពិសោធន៍ជាច្រើន ដែលជាមូលដ្ឋានទុនដ៏វិសេសវិសាល បង្កើតសមត្ថភាពដល់ក្រុមប្រឹក្សាសង្កាត់ឲ្យបំពេញភារកិច្ច បម្រើប្រជាជន ដោយទទួលបានសមិទ្ធិផលជាផ្លែផ្កាគួរជាទីពេញចិត្តហើយក៏ជាដើមទុនមួយដ៏មានប្រសិទ្ធិភាពសម្រាប់ការងារកសាង អភិវឌ្ឍន៍សង្កាត់ក្នុងអាណត្តិទី៤ ជាបន្តទៀត។ បានអនុវត្តតាមគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ធ្វើឲ្យបទល្មើសគ្រប់ប្រភេទថយចុះជាពិសេសអំពើ លួច ឆក់ ប្លន់ស្ទើរតែគ្មាន បានជ្រើសរើសប្រជាកាពារភូមិដើម្បីជួយរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋនិងព្រមទាំងចូលរួមពីប្រជាពលរដ្ឋ ទាំងសម្ភារៈ ថវិកា ស្មារតី។ បានជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយធ្វើការអភិវឌ្ឍន៍នានាក្នុងសង្កាត់និងជួយបម្រើសេវាសាធារណៈជូនប្រជាជន បានលើកកម្ពស់កែប្រែជីវភាពប្រជាពលរដ្ឋមានការហូបចុកស្នាក់នៅស្លៀកពាក់សមរម្យមានជីវភាពធូធាររស់នៅមានសុខភាពល្អនិងបានកសាងផ្លូវស្ពានតភ្ជាប់ពីភូមិមួយទៅភូមិមួយពីទីប្រជុំជនទៅជនបទ បានកសាងសាលារៀន មន្ទីរពេទ្យនៅជិតផ្ទះងាយស្រួលទទួលសេវាព្យាបាល សម្រាលកូនបញ្ចៀសបាននូវគ្រោះថ្នាក់ដល់មាតានិងទារក កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋានព្រមទាំងទទួលបានកន្លែងសេវាកម្មផ្សេងៗដូចជា សេវាកម្មរដ្ឋបាល សេវាកម្មឥណទាន។ បានរៀបចំរចនាសម្ព័នដឹកនាំក្នុងជួរគណបក្សមូលដ្ឋានសង្កាត់ជាខ្សែសង្វាក់ដែលមានក្រុមការងារចុះជួយសង្កាត់ បែងចែកសមាជិកចុះធ្វើការងារនយោបាយ អប់រំបំប៉ន ពង្រឹងសមាជិកបក្សចាស់និងសមាជិកថ្មីតាមមូលដ្ឋានភូមិទាំង១១ភូមិក្នុងសង្កាត់ ដើម្បីដណ្តើមយកជ័យជំនៈក្នុងអាណត្តិទី៤ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ។លោកបានបន្ត៖ផែនការនិងទិសដៅ៥ឆ្នាំបន្តត្រូវពង្រឹងផ្ទៃក្នុងថ្នាក់ដឹកនាំគណបក្សសង្កាត់ សាខាបក្សភូមិ មេក្រុម យុវជនបក្សក្នុងភូមិឲ្យកាន់តែល្អប្រសើរស្របតាមគោលនយោបាយគណបក្សប្រជាជន ពង្រឹងពង្រីករចនាសម្ព័នចាត់តាំងឲ្យមានប្រសិទ្ធិភាព ជម្រុញសមាជិកបក្ស យុវជនបក្សធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា ពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានរឹងមាំ រៀបចំប្រជុំក្រុមការងារឲ្យបានញឹកញាប់ ដើម្បីដោះស្រាយបញ្ហាកើតឡើងបានទាន់ពេលវេលាត្រូវជួយគ្នាទៅវិញទៅមកក្នុងជួរគណបក្ស។ ក្នុងអង្គសន្និបាតសមាជិកបក្សភូមិតំណាងឲ្យប្រជាពលរដ្ឋបានលើកឡើងពីកង្វល់និងបញ្ហាប្រឈមមួយចំនួនដូចជាបញ្ហាខ្វះបង្គោលភ្លើងនៅភូមិអូពឺតនិងបញ្ហាអត់តភ្លើងជូនគាត់ពីផ្លូវបំបែកប៊ែមប៊ូទៅផ្លូវជាតិលេខ៥៧ ស្ទឹងតារាប បញ្ហាតប្រព័ន្ធទឹកស្អាតនៅភូមចំការកាហ្វេសុំអោយជួយដោះស្រាយជូនពួកកាត់ផង។ ក្នុងនោះផងដែរអង្គសន្និបាតក៏មានបេក្ខភាពឈរឈ្មោះទាំង២៣រូបដើម្បីធ្វើការបោះឆ្នោតជ្រើសរើសសមាសភាពក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មី ។
ឯកឧត្តម កើត សុធា បានមានប្រសាសន៍ថា៖ ផ្លូវ ទឹក ភ្លើង នេះជាកត្តាសំខាន់ណាស់សំរាប់បងប្អូនប្រជាពលរដ្ឋយើងព្រោះវាជាតម្រូវការដ៏ចាំបាច់ដែលបងប្អូនយើងប្រើប្រាស់ជាប្រចាំថ្ងៃដូច្នេះត្រូវជំរុញឲ្យសមាជិកសមាជិការប្រធានបក្សភូមិក្នុងសង្កាត់នីមួយៗត្រូវចុះតាមមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនិងជួយជ្រុមជ្រែងប្រជាពលរដ្ឋដើម្បីដោះស្រាយជូនឲ្យបានទាន់ពេលវេលា។ ឯកឧត្តមបានបន្តថា៖ ដើម្បីឲ្យគណបក្សយើងមានជ័យជំនះនៅពេលខាងមុខយើងទាំងអស់គ្នាត្រូវ៖ ទី១/ យើងទាំងអស់គ្នាត្រូវរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ។ ទី២/ ត្រូវបង្កើតកម្មវិធីនយោបាយនៅតាមភូមិឃុំសង្កាត់ ។ទី៣/ ត្រូវបង្ហាញនូវសមិទ្ធិផលសង្គមដែលយើងមានដូចជាផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលជាសមិទ្ធិផលសម្រេចបានក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចពញ្ញាចក្រីហេង សំរិន និងសមិទ្ធិផលជាច្រើនរាប់មិនអស់ដើម្បីឃោសនាឲ្យប្រជាពលរដ្ឋយើងបានដឹង។ ទី៤/ បេក្ខជនឃុំសង្កាត់ត្រូវមានប្រជាប្រិយភាពជាមួយបងប្អូនប្រជាពលរដ្ឋនិងមានការជួយជ្រុមជ្រែងពីថ្នាក់លើ។ ទី៥/ ពង្រឹងទីតាំងស្នាក់ការបក្សជាពិសេសមេបក្សភូមិត្រូវមានក្រុមការងារចុះមូលដ្ឋាននិងចេះរាយការណ៍ជូនថ្នាក់លើ។ ទី៦/ ចាត់ភ្នាក់ងារសង្កេតការណ៍តាមការរិយាល័យបោះឆ្នោតនីមួយៗ។ ឯកឧត្តមក៏បានផ្តាំផ្ញើរអោយសមាជិកសមា ជិការប្រធានបក្សភូមិនិងបងប្អូនប្រជាពលរដ្ឋឲ្យទៅពិនិត្យឈ្មោះនិងផ្ទៀងផ្ទាត់ឈ្មោះជាមួយអត្តសញ្ញាណប័ណ្ណដែលគេបិទជូននៅតាមការរិយាល័យចុះឈ្មោះរបស់យើងឲ្យបានឆាប់រហ័សមុខថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧៕
[youtube id= “uuBup12DbgE”]