គណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិនប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណកម្មាធិការកណ្តាលលើកទី៤០អាណត្តិទី៥


​(05-01-2017) ប៉ៃលិន៖ ថ្ងៃទី៥ ​ខែមករា ​ឆ្នាំ២០១៧ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​នៃ​សន្និ​បាត​គណ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​លើក​ទី៤០​ អាណត្ត​ទី៥​ ក្រោម​អធិបតី​ឯក​ឧត្តម​ អ៊ី​ ឈាន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ​និង​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯក​ឧត្តម ​កើត ​សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម ​ឡី ​ចាន់​ឆាយ​ អនុ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន ​សមា​ជិក ​សមា​ជីការ ​គណ​កម្មា​ធិការ​គណ​បក្ស​ខេត្ត​ ព្រម​ទាំង​លោក​ប្រធាន​បក្ស​ស្រុក​ ក្រុង​ ប្រធាន​បក្ស​ភូមិ ​បក្ស​ឃុំ ​ជា​ច្រើន​នាក់​ទៀត​។​

​ឯក​ឧត្តម ​កើត​ សុធា ​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​បាន​អាន​សេចក្តី​ជូន​ដំណឹង​ស្តីពី​លទ្ធ​ផល​នៃ​សន្និ​បាត​គណកម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ លើក​ទី៤០ ​អាណត្តិ​ទី៥​ ដោយ​អង្គ​សន្និ​បាត​បាន​គត់​សំគាល់​ដោយ​ក្តី​សោម​នស្ស​រីករាយ ​និង​សុទិដ្ឋិ​និយម​ចំពោះ​បរិយា​កាល​នយោ​បាយ​ដ៏​ល្អ​ប្រសើ​នៃ​សង្គម​ជាតិ ​ដែល​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​គ្រប់​ស្ថាប័ន​ជាតិ​  ព្រម​ទាំង​កិច្ច​សហ​ប្រតិប័ត្ត​ការ​ដោយ​ស្ថាបនា ​ក្នុង​ស្មារតី​បង្រួម​បង្រួម​ជាតិ​ រវាង​កម្លាំង​នយោ​បាយ ​និង​មជ្ឈ​ដ្ឋាន​នានា​ក្នុង​សង្គម​ ពិសេស​កិច្ច​សហ​ប្រតិប័ត្ត​ការ​រវាង​គណ​បក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា។​ អង្គ​សន្និបាត​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល​និតិ​កាល​ទី៥​ នៃ​រដ្ឋ​សភា ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ក្នុង​ការ​អនុវត្ត​កម្ម​វិធី​នយោ​បាយ​ និង​យុទ្ធ​សាស្រ្ត​ចតុ​កោណ​ដំណាក់​កាល​ទី៣ ​ដែល​សម្រេច​បាន​សមិទ្ធ​ផល​ថ្មីៗ​ជា​ច្រើន​ទៀត​ ជូន​ជាតិ​ ប្រជា​ជន​។​ ខឿន​ការ​ពារ​ប្រទេស​កាន់​តែ​ត្រូវ​បាន​ពង្រឹង ​សន្តិ​ភាព ​ស្ថេរ​ភាព​នយោ​បាយ ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​សាធារណៈ ​ត្រូវ​បាន​រក្សា​យ៉ាង​រឹងមាំ ​ធ្វើ​អោយ​ប្រជា​ជន​រស់​នៅ​យ៉ាង​សុខ​ដម​រមនា ​និង​ធានា​នូវ​ភាព​អនុគ្រោះ​សំរាប់​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច ​សង្គម​។ ​លទ្ធិ​ប្រជា​ធិប​តេយ្យ ​ និតិ​រដ្ឋ ​និង​សិទ្ធ​សេរី​ភាព​របស់​ប្រជា​ពល​រដ្ឋ​កាន់​តែ​ត្រូវ​បាន​លើក​កំពស់ ​។​ដំណើរ​ការ​កែ​ទំរង់​នានា​កាន់​តែ​ត្រូវ​បាន​ជំរុញ ​យ៉ាង​ខ្លាំង​ខ្លា​ប្រកប​ដោយ​ឆន្ទៈ​មុត​ស្រួច​ និង​ទទួល​បាន​ផ្លែ​ផ្កា​។ ​កម្ពុជា​ធានា​បាន​ស្ថេរ​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​យ៉ាង​ល្អ​ប្រសើ ​និង​សម្រេច​បាន​ក្នុង​រង្វង់​៧%​ ប្រកប​ដោយ​បរិយាបន្ន ​និង​សម​ធម៌ ​ក្នុង​នោះ​វិស័យ​ឧស្សាហ​កម្ម​មាន​កំណើន​១១,៤% ​ វិស័យ​សេវា​កម្ម​មាន​កំណើន​៦,៧% ​និង​វិស័យ​កសិ​កម្ម​មាន​កំណើន​ល្អ​ជាង​ឆ្នាំ​មុន​។ ​វិស័យ​បរិស្ថាន ​ការងារ​ សង្គម​កិច្ច ​អប់រំ​ សុខា​ ភិបាល​ និង​វិស័យ​ផ្សេងៗ​ទៀត​ក៏​សម្រេច​បាន​សមិទ្ធ​ផល​ថ្មីៗ​ជា​ច្រើន​ផង​ដែរ​។​ ជីវភាព​របស់​ប្រជា​ជន​ទូទៅ ​មន្រ្តី​រាជ​ការ​ កង​កំលាំង​ប្រដាប់​អាវុធ ​កម្មករ ​និយោ​ជិត ​ត្រូវ​បាន​លើក​កំពស់​កាន់​តែ​ប្រសើ​ឡើង​ ភាព​ក្រីក្រ​របស់​ប្រជា​ជន​ ក៏​កាន់​តែ​បាន​កាត់​បន្ថយ​។​ អង្គ​សន្និ​បាទ​បាន​កំណត់​ទិស​ដៅ​សំខាន់ៗ​ ដើម្បី​បន្ត​អនុវត្ត​ផែន​ការ​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ​អាណត្តិ​ទី៤ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី៤ ​ខែ ​ មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ ​អោយ​សំរេច​បាន​ជោគ​ជ័យ ​ដើម្បី​បំរើ​ប្រជា​ជន​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ឃុំ ​សង្កាត់​បន្តទៀត​។​ នៅ​ក្នុង​ដំណើរ​ការ​នេះ ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ គោរព​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​តាម​ច្បាប់​ បទ​បញ្ជា ​និតិ​វិធី ​ និង​ក្រម​សីល​ធម៌​សំរាប់​ការ​បោះ​ឆ្នោត ​ហើយ​ចូល​រួម​យ៉ាង​សកម្ម​ជា​មួយ​គណ​កម្មា​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​គ្រប់​គណ​បក្ស​នយោ​បាយ​ និង​មជ្ឈ​ដ្ឋាន​ផ្សេងៗ​ទៀត​ ក្នុង​ការ​ពង្រឹង​បរិយា​កាស​នយោ​បាយ​អោយ​កាន់​តែ​ល្អ​ប្រសើ​ប្រកប​ដោយ​លក្ខណៈ​អព្យា​ក្រឹត ​និង​ប្រជា​ធិប​តេយ្យ​ ដើម្បី​ធានា​អោយ​ការ​បោះ​ឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី  ​ត្រឹម​ត្រូវ​ និង ​យុត្តិ​ធម៌​។​

​ឯក​ឧត្តម ​អ៊ី ​ឈាន ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ ខ្លឹម​សារ​នៃ​សន្និបាត​គណ​កម្មា​ធិការ​កណ្តាល​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ដែល​បាន​ផ្សព្វ​ផ្សាយ​ជូន​ដល់​សមាជិក​សមា​ជិការ​នៃ​អង្គ​ប្រជុំ​នេះ ​មាន​សារៈ​សំខាន់ ​ហើយ​ក៏​ជា​មោទ​នភាព​សំរាប់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​យើង​ដែល​បាន​ដឹក​នាំ ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​យើង​អោយ​មាន​ការ​រីក​ចំរើន ​លើ​គ្រប់​វិស័យ​ ធ្វើ​អោយ​ជីវភាព​ប្រជា​ជន​មាន​ការ​រីក​ចំរើន​ជា​លំដាប់​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ​ខ្លឹម​សារ​នៃ​សន្និបាត​នេះ​បាន​បង្ហាញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឆន្ទះ​មោះ​មុត​របស់​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​ ក្នុង​ការ​ថែរក្សា​សន្តិ​ភាព ​សន្តិ​សុខ ​សណ្តាប់​ធ្នាប់​សង្គម ​ស្ថេរ​ភាព​នយោ​បាយ ​ការ​កំណែ​ទំរង់ ​និង​ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​។​ ឯក​ឧត្តម ​ក៏​បាន​អំពាវ​នាវ​ផង​ដែរ​ដល់​សមាជិក​ សមា​ជិកា​គណ​បក្ស​ទាំង​អស់​ សូម​អញ្ជើញ​ទៅ​ពិនិត្យ​បញ្ជី​បោះឆ្នោត​ឲ្យ​បាន​ទាន់​ពេល​គ្រប់​ៗគ្នា ​ដោយ​ការ​បិទ​ផ្សាយ​មាន​រយៈ​ពេល​១០ថ្ងៃ ​គឺ​ពី​ថ្ងៃទី៣ ​ខែមករា​ ឆ្នាំ​២០១៧​ នៅ​តាម​សាលា​ឃុំ ​សង្កាត់​របស់​ខ្លួន​ ឬ​និង​នៅ​លើ​គេហ​ទំព័រ​របស់​គ.​ជ​.ប​ ​www.​voterlist​.org​.kh​ ដើម្បី​ពិនិត្យ​ឈ្មោះ ​និង​ទិន្ន​ន័យ​របស់​ខ្លួន​ដោយ​ផ្ទៀង​ផ្ទាត់​តាម​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​និង​ឯក​សារ​បោះឆ្នោត​ណា​មួយ​ដែល​បាន​យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ឆ្នាំ​២០១៦​កន្លង​មក​ ជៀស​វាង​មាន​ខុស​ទិន្នន័យ ​និង​បាត់​ឈ្មោះ​បោះ​ឆ្នោត​ដែល​អាច​បាត់​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ ​សង្កាត់​អាណត្តិ​ទី៤ ​ឆ្នាំ​២០១៧​ នាពេល​ខាង​មុខ​ ​។​

cpp-05-01-2017-001 cpp-05-01-2017-002 cpp-05-01-2017-003 cpp-05-01-2017-004vv

[youtube id= “WvgiGJC0M34”]