(04-01-2017) ប៉ៃលិន៖ ព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៧ លោក ស៊ុន យី ប្រធានគណបក្សប្រជាជនក្រុងប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួននៅមូលដ្ឋានផ្ទាល់ ដែលស្ថិតនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ស្ថិតក្នុងភូមិសាស្រ្តតំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត-ប៉ៃលិន និងមានការចូលរួមពីលោកចៅសង្កាត់ លោកមេភូមិ និងមន្រ្តីបរិស្ថានមួយចំនួនផងដែរ។
ក្នុងនោះផងដែរបងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាចោទសំខាន់ៗមួយចំនួនដូចជា៖ ការដុតបំផ្លាញសំភារៈកសិកម្មរបស់ពួកគាត់ពេលជិតប្រមូលផលដំណាំផ្សេងៗពីមន្រ្តីអភិរក្ស ការហាមឃាត់ដ៏តឹងរឹងក្នុងការដឹកជញ្ជូនឈើអុសពីព្រៃចម្ការរបស់ពួកគាត់តាមគោយន្តសម្រាប់ប្រើប្រាស់ ការខ្វះដីលំនៅដ្ឋាន-អាស្រ័យផល និងការគម្រាមកំហែងពីមន្រ្តីអភិរក្សបរិស្ថានមួយចំនួនផងដែរ។
ក្រោយពេលស្តាប់នូវបព្ហាក្នុងការលើកឡើងរបស់បងប្អូនយើងរួចមក លោក ស៊ុន យី ប្រធានគណបក្សប្រជាជនក្រុងប៉ៃលិន បានមានប្រសាសន៍ថា៖ បច្ចុប្បន្នប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ជាពិសេសសម្រាប់ខេត្តប៉ៃលិនយើងទាំងមូលគឺពឹងផ្អែកលើកសិកម្មប្រមាណជា ៩០ភាគរយផងនោះ ហើយកសិកម្មទទួលផលអាស្រ័យបាន ក៏ដោយសារមានភ្លៀងធ្លាក់គ្រប់គ្រាន់ទៀងទាត់ផងដែរ។ យ៉ាងណាមិញបើយើងកាប់បំផ្លាញព្រៃឈើអស់នោះវាអាចមានគ្រោះរំាងស្ងួត អាកាសធាតុប្រែប្រួល និងដីអស់ជីវជាតិ ជាបញ្ហាចោទចម្បងមួយផងដែរ ម្យ៉ាងតំបន់ប្រើប្រាស់ច្រើនយ៉ាងដែលស្ថិតក្នុងភូមិសាស្រ្តភ្នំបង-អូស្លេវ ជាតំបន់ត្រួតស៊ីគ្នា និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ដែលជាតំបន់អភិរក្សមួយដ៏សំខាន់។ ចំពោះដីដំណាំកសិកម្មដែលមានស្រាប់នៅជាប់តំបន់អភិរក្សសូមកុំកាប់ទន្រា្ទនទៀតអីវាអាចមានទោសផ្សេងៗ ហើយបញ្ហាដែលកន្លងមកលោកនឹងជួបប្រជុំជាមួយភាគីដែលពាក់ព័ន្ធដើម្បីសម្របសម្រួលអោយបងប្អូនប្រជាពលរដ្ឋអាចប្រកបរបរកសិកម្មផ្សេងៗដោយភាពងាយស្រួលផងដែរ។ លោក ស៊ុន យី បានបន្តទៀតថា ការបោះឆ្នោតឃុំសង្កាត់ក៏នឹងខិតជិតមកដល់ក្នុងពេលឆាប់ៗផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចនៅតាមមូលដ្ឋានរបស់ខ្លួនហើយនោះ សូមកុំភ្លេចទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះអោយបានគ្រប់ៗគ្នា ហើយលោកក៏បានដឹកនាំក្រុមការងារ ចុះជួសជុល និងដាក់ស្លាកគណបក្សថ្មី ស្ថិតនៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិនផងដែរ។
[youtube id= “P2VlsroLuRM”]