(28-12-2016) ប៉ៃលិន៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ អង្គភាពកំចាត់មីនខេត្តប៉ៃលិន ហៅកាត់ថា Mapou បានបើកសិក្ខាសាលាអនុម័ត្តដីចំការមីនសំរាប់បញ្ចូលក្នុងផែនការបោសសំអាតឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិន។ អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានោះមាន លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងតំណាងប្រតិប័ត្តករដោះមីនក្នុងខេត្តប៉ៃលិនមាន៖ អង្គការ CMAC , អង្គការ MAG, អង្គការMPMEC, និងអង្គការ Halo Trust ។
លោក ឈិម សម្បត្តិ ប្រធានអង្គភាព Mapou ខេត្តប៉ៃលិនបានអោយដឹងថា ក្នុងឆ្នាំ២០១៦ យើងបានបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបានចំនួន៥៤ចំការ ស្មើនឹងផ្ទៃដីចំនួន៣.២៥៩ ម៉ែត្រការ៉េ, បោសសំអាតបានគ្រាប់ប្រភេទ AMPបានចំនួន ១១៣៥ គ្រាប់ , ATMបានចំនួន ១៧គ្រាប់, និងប្រភេទUXO បានចំនួន ៦៨២គ្រាប់, ដោយសំរេចបាន៥៧%បើប្រៀបនឹងផែនការប្រចាំឆ្នាំ។លោកបានបន្តថា នៅក្នុងឆ្នាំ២០១៦នេះ មានជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន៦នាក់ ស្មើនឹង ៥ករណី ក្នុងនោះនៅក្នុងសង្កាត់បយ៉ាខាចំនួន២នាក់ឃុំសាលាក្រៅចំនួន១នាក់ឃុំស្ទឹងត្រង់២នាក់ និងឃុំស្ទឹងកាច់១នាក់។ លោកបានបន្តទៀតថា សំរាប់ឆ្នាំ២០១៧នេះ យើងមានប្រតិប័ត្តករចំនួន៣អង្គភាព គឺ CMAC ចំនួន៤ចំការមីន មានទំហំដី៦៨៧ហិចតា , អង្គការMAG ចំនួន២០ចំការ មានទំហំដី ១.២៣៣ហិចតា និងអង្គការHalo Trust ចំនួន២៥ចំការ មានទំហំដី ៩២៧ហិកតា ។ សរុបក្នុងផែនការបោសសំអាតមីនក្នុងឆ្នាំ២០១៧នេះ យើងមាន ៤៩ចំការ មានទំហំដី ២.៨៤៨ហិកតា។
ឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានគណកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិនបានមានប្រសាសន៍ថា មកដល់ពេលបច្ចុប្បន្ននេះយើងបានដោះមីន រំដោះដីកសិកម្មជូនប្រជាពលរដ្ឋ ក៏ដូចជាដោះមីនសំរាប់កសារហេដ្ឋារចនាសម្ព័ន្ធ ធ្វើអោយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះមានការថយចុះយ៉ាងច្រើន សំរាប់ខេត្តប៉ៃលិនយើង។ឯកឧត្តមបានបន្តថា ស្នាដៃដោះមីនរបស់ខេត្តប៉ៃលិនយើងមានការល្អប្រសើ ទទួលបានការកោតសរសើពីថ្នាក់ជាតិ និងបានយកខេត្តប៉ៃលិនជាគំរូ បង្ហាញដល់ខេត្តផ្សេងៗទៀតផង។ ឯកឧត្តម បានមានប្រសាសន៍បន្តថា នៅក្នុងឆ្នាំ២០១៧នេះ យើងត្រូវខិតខំជំរុញការដោះមីននេះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែងអោយអស់ពីលទ្ធភាព សំរេចបានតាមផែនការកំណត់។ ជំរុញសកម្មភាពចុះពិនិត្យជាក់ស្តែងដល់ចំការមីន ដើម្បីអោយបានដឹងពីការលំបាក ការងាយស្រួលរបស់ប្រតិប័ត្តករក្នុងការដោះមីននៅតំបន់នោះ។ ត្រូវមានយន្តការផ្សព្វផ្សាយអោយបានខ្លាំងខ្លាថែមទៀតដល់ប្រជាពលរដ្ឋមូលដ្ឋានអោយបានយល់ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះ។ ត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់សំរាប់ទទួលគណប្រតិភូថ្នាក់ជាតិ មកទស្សនកិច្ចសិក្សាបញ្ហាមីននៅក្នុងខេត្តប៉ៃលិនយើង និងត្រូវជំរុញអោយមានការសហការចូលរួមអោយបានច្រើនពីប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការងារដោះមីន និងការប្រគល់-ទទួលដីចំការមីនពីប្រតិប័ត្តករដោះមីនរបស់យើង៕
[youtube id= “8oDCneznjEo”]