(05-07-2015) ប៉ៃលិន៖ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កើត សុធា ប្រធាន គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពង្រឹងក្រុមការងារបក្ស នៅថ្នាក់មូលដ្ឋាន ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
កិច្ចប្រជុំនេះមានគោលបំណងពង្រឹងក្រុមការងារបក្សក្នុងមូលដ្ឋាននិងត្រួតពិនិត្យពីចំណុចខ្លាំងនិងចំណុចខ្សោយក្នុងការដឹកនាំកន្លងមកក៏ដូចរកឲ្យឃើញពីតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងការគិតគូរពីសុខទុក្ខ ជីវភាពរបស់បងប្អូននៅក្នុងមូលដ្ឋាន។
បន្ទាប់ពីលោក កង ថេង ប្រធានគណបក្សឃុំស្ទឹងកាច់ធ្វើរបាយពីសកម្មភាពទូទៅរបស់ក្រុមការងារបក្សរួចមក លោកជំទាវ ជាលាប អនុប្រធានក្រុមការងារចុះជួយឃុំស្ទឹងកាច់បានលើកឡើងថាៈ ក្រុមការងារគណបក្សប្រជាជនកម្ពុជាបានចុះមូលដ្ឋានជាប្រចាំជួបជាមួយប្រជាពលរដ្ឋដើម្បីក្តាប់រាល់សំណូមពរ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់។ លោកជំទាវ បន្តថាៈបញ្ហាប្រឈមនានាដែលក្រុមការងារទទួលពីសំណូមពរប្រជាពលរដ្ឋឲ្យជួយដោះស្រាយបន្ទាន់រួមមាន ទី១/ការធ្វើសំបុត្រកំណើតខ្វះខាតសៀវភៅកំណើតធ្វើឲ្យប្រជាពលរដ្ឋទៅធ្វើច្រើនដង ទី២/ការធ្វើអត្តសញ្ញាណប័ណ្ណជួបការលំបាកមន្ត្រីផ្តល់អត្តសញ្ញាណប័ណ្ណធ្វើពេលវេលាតិចពេក។ទី៣/ប្រជាពលរដ្ឋអត់មានសំបុត្រកំណើតនិងសៀវភៅគ្រួសារ ព្រោះថាពួកគាត់មិនបានយល់ពីការចុះសំបុត្រកំណើត និងធ្វើសៀវភៅគ្រួសារធ្វើឲ្យការផ្តល់អត្តសញ្ញាប័ណ្ណជួបការលំបាក។
ឯកឧត្តម កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុនសែន ជាប្រធានគណបក្សប្រជាជនកម្ពុជាបានបន្តអនុវត្តគោលនយោបាយវប្បធម៌សន្ទនាដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ជាពិសេសការពង្រឹងសាមគ្គីភាពឯកភាពជាតិខ្មែរ និងការបង្រួបបង្រួមជាតិខ្មែរទាំងមូល។ ដូច្នេះក្រុមការងារគ្រប់ថ្នាក់ទាំងអស់ត្រូវខិតខំប្រឹងប្រែងចុះមូលដ្ឋានដើម្បីក្តាប់បានពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។ ឯកឧត្តមបន្តថាៈក្រុមការងារថ្នាក់ភូមិឃុំ មានតួនាទីយ៉ាងសំខាន់ក្នុងការចុះជួយពង្រឹង បំប៉នស្មារតីឆន្ទះ ដល់កម្លាំងសមាជិកសមាជិការបក្សនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវឲ្យបានរឹងមាំ ។ ទាក់ទងបញ្ហាការធ្វើសំបុត្រកំណើត និងធ្វើអត្តសញ្ញាណប័ណ្ណ ឯកឧត្តមបានទទួលយកសំណូមពរទាំងអស់នេះដើម្បីជំរុញដល់មន្ត្រីជំនាញ ក៏ដូចមន្ត្រីនគរបាលផ្តល់អត្តសញ្ញាណប័ណ្ណខិតខំកែសម្រួលការងារនេះឲ្យប្រសើឡើងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមការងារគណបក្សប្រជាជនទាំងអស់ ត្រូវធ្វើគំរូល្អដល់សមាជិកសមាជិការបក្ស ត្រូវគោរពស្រឡាញ់ប្រជាជនផ្តល់ទំនុកចិត្តនិងភាពកក់ក្តៅដល់ប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅ ជាពិសេសត្រូវពង្រឹងសាមគ្គីភាពឯកភាពគ្នាឲ្យបានល្អ ព្រោះថាកត្តាសាមគ្គីនេះវាមានសារៈណាស់ដែលធ្វើឲ្យគណបក្សប្រជាជនទទួលបាននូវជ័យជំនះគ្រប់កាលៈទេសៈកន្លងមក។
[youtube id= “w0404VgNzsI”]