(23-12-2016) ប៉ៃលិន៖ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ មន្ទីរព័ត៌មានខេត្តប៉ៃលិនបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន និងឯកឧត្តម គង់ ដួង ទីប្រឹក្សាក្រសួងព័ត៌មាន ទទួលបន្ទុកជាប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន។
លោក គង់ ជឺ ប្រធានការិយាល័យរដ្ឋបាល សោតទស្សន៍នៃមន្ទីរព័ត៌មានខេត្តប៉ៃលិនបានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងខេត្តប៉ៃលិនដែលកំពុងដំណើរការផ្សាយជាប្រចាំថ្ងៃមាន ទូរទស្សន៍ខេត្តប៉ៃលិនមួយស្ថានីយ៍, វិទ្យុFM90.5 MHzមួយស្ថានីយ៍, វិទ្យុអូតងប៉ៃលិនមួយស្ថានីយ៍, វិទ្យុ ABCមួយស្ថានីយ៍, វិទ្យុជំនោរប៉ៃលិនមួយស្ថានីយ៍, ទូរទស្សន៍ខ្សែកាបប៉ៃលិនមួយស្ថានីយ៍ និងទូរទស្សន៍ខ្សែកាបព្រំ មួយស្ថានីយ៍។ វិទ្យុ និងទូរទស្សន៍ខេត្តប៉ៃលិន ដែលដំណើរការគ្រប់គ្រងដោយស្ថាប័នរដ្ឋ មានវិទ្យុFM90.5 MHz ខេត្តប៉ៃលិន និងទូរទស្សន៍ខេត្តប៉ៃលិន ។ វិទ្យុFM90.5 MHzខេត្តប៉ៃលិន ដំណើរការផ្សាយពីម៉ោង ៥ព្រឹករហូតដល់ម៉ោង ១០យប់ ដែលមានខ្លឹមសារ និងកម្មវិធីផ្សាយដូចជា ព្រះរាជសកម្មភាពព្រះមហាក្សត្រ ព្រះមហាក្សត្រី និងព្រះរាជជីវប្រវត្តព្រះបរមរតនកោដ, សកម្មភាពរដ្ឋសភា , សកម្មភាពព្រឹទ្ធសភា ,សកម្មភាពរដ្ឋាភិបាល ,សកម្មភាពថ្នាក់ដឹកនាំខេត្ត មន្ទីរ/អង្គភាពវិស័យក្នុងខេត្ត ,សរុបរួមចំនួន៤៣៤២អត្ថបទ និងបានចាក់ផ្សាយសរុបរួមចំនួន២៥៩៩៩លើក។
ទូរទស្សន៍ខេត្តប៉ៃលិនដំណើរការផ្សាយពីម៉ោង៥ព្រឹករហូតដល់ម៉ោង ១០យប់ មានខ្លឹមសារ និងកម្មវិធីដូចជា ព័ត៌មានខេត្តប៉ៃលិន , ព័ត៌មានជាតិ និងអន្តរជាតិ , ដំណឹងផ្សេងៗ , ការចាក់ផ្សាយប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា , ប្រសាសន៍សំខាន់ៗរបស់សម្តេចហ៊ុន សែន , ការចាក់ផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាល , ការចាក់ផ្សាយស្ពត់ និងចំរៀងរបស់ គ ជ ប អំពាវនាវអោយពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត , ការចាក់ផ្សាយភាពយន្ត ចំរៀងកំសាន្ត, កម្មវិធីសន្តិភាពផ្លូវចិត្តប្រតិប័ត្តតាមមាគាព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម , នាទីប្លែកៗ , ឯកសាសត្វ និងកម្មវិធីសិក្សាភាសាជប៉ុន សរុបបានចំនួន៤៣១២ អត្ថបទ និងផ្សាយបានចំនួន២១៧១៧លើក។ មន្រ្តីនរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិនបានចុះយកព័ត៌មានសកម្មភាពនានាក្នុងខេត្ត ធ្វើការចាក់ផ្សាយតាមទូរទស្សន៍ខេត្តប៉ៃលិន, វិទ្យុFM90.5 MHz, វិទ្យុអូតងប៉ៃលិនទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា ទូរទស្សន៍ហង្សមាស ទូរទស្សន៍បានយ័ន និងទូរទស្សន៍នានាមួយចំនួនទៀត មានសកម្មភាពដូចជា៖ សកម្មភាពក្រុមប្រឹក្សាខេត្តបានចំនួន ៦៥លើក, សកម្មភាពគណអភិបាលខេត្តចំនួន៣៦៧លើក, សកម្មភាពមន្ទីរ ស្ថាប័ននានាចំនួន២២២លើក , សកម្មភាពមនុស្សធម៌៦៥លើក, សកម្មភាពសង្គម និងសេដ្ឋកិច្ច៣៥លើក និង រាយការណ៍តាមទូរស័ព្ទ ១៣៥លើក។
ឯកឧត្តម គង់ ដួង ទីប្រឹក្សាក្រសួងព័ត៌មាន ទទួលបន្ទុកជាប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិនបានមានប្រសាសន៍ថា មន្ទីរព័ត៌មានខេត្ត ជាយន្តការរបស់រដ្ឋ ក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាល ការងារអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម, សកម្មភាពរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាដើម។ នៅក្នុងខេត្តប៉ៃលិន យើងមានវិទ្យុ , ទូរទស្សន៍ ,គេហទំព័រ, Facebook សំរាប់ការផ្សាយព័ត៌មានសកម្មភាពរបស់អភិបាលខេត្ត សកម្មភាពក្រុមប្រឹក្សាខេត្ត សកម្មភាពរបស់មន្ទីរវិស័យនានាក្នុងខេត្ត និងសកម្មភាពព័ត៌មានផ្សេងៗទៀត ដើម្បី អោយបានយល់ជ្រាបដល់ប្រជាពលរដ្ឋមូលដ្ឋាន។ ឯកឧត្តមបានបន្តថា មន្រ្តីរាជការនៃមន្ទីរព័ត៌មានមានការខិតខំប្រឹងប្រែង ដោយមិនគិតពីថ្ងៃឈប់សំរាកក្នុងគោលបំណងចុះយកព័ត៌មានពិត ត្រឹមត្រូវ មកផ្សព្វផ្សាយ រហ័សជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត ។ ឯកឧត្តម បានបន្តទៀតថា ព័ត៌មានជាអាវុធមុខពីរ អាចនឹងផ្តល់ផលអាក្រក់ដល់អ្នកយកព័ត៌មានវិញ បើអ្នកយកព័ត៌មាននោះធ្វើតាមតែអារម្មណ៍ខ្លួនឯង តាមចិត្តខឹងបុគ្គល ឬធ្វើការដោយមិនមានជំនាញវិជ្ជាជីវៈច្បាស់លាស់។ ដូច្នេះសូមអោយអ្នកព័ត៌មានទាំងអស់ត្រូវគិតអោយបានច្បាស់ មុននឹងសរសេរអត្ថបទព័ត៌មានពីអ្វីមួយ ត្រូវគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មានអោយបានត្រឹមត្រូវ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានខិតខំធ្វើការងារជំនាញរបស់ខ្លួនបានល្អ ធ្វើអោយ វិស័យផ្សព្វផ្សាយក្នុងខេត្តមានការរីកចំរើន។ លោកជំទាវបានមានប្រសាសន៍ថា ការផ្សព្វផ្សាយពិតជាមាន សារៈសំខាន់ណាស់ ក្នុងការដឹកនាំ គ្រប់គ្រងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដើម្បីអោយប្រជាពលរដ្ឋបានយល់ដឹងពីនយោបាយដឹកនាំរបស់រដ្ឋាភិបាល ពីការអភិវឌ្ឍន៍ ពីសកម្មភាពថ្នាក់ដឹកនាំ សកម្មភាពមន្ទីរវិស័យនានា ការអប់រំណែនាំ ឬដំណឹងផ្សេងៗជាដើម យើងត្រូវពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយ។ លោកជំទាវក៏បានណែនាំសូមអោយមន្រ្តីព័ត៌មាន ពិធីករ ពិធិការនីវិទ្យុ ទូរទស្សន៍ ត្រូវរៀបចំព្ញកពារ ឥរិយាបទ ការស្លៀកពាក់អោយបានសមរម្យជាគំរូល្អដល់ប្រជាពលរដ្ឋ យុវជនរបស់យើង។ ម្យ៉ាងទៀតត្រូវខិតខំសិក្សា រៀនសូត្រដកស្រង់បទពិសោធន៍ល្អ ពីរៀមច្បង និង ខិតខំកែ លំអរការងាររបស់ខ្លួនអោយកាន់តែរីកចំរើនប្រសើឡើង៕
[youtube id= “9e3ByvWuXnA”]