(20-12-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត បានទទួលបងប្អូនពលករខ្មែរចំនួន ១០នាក់ ក្នុងនោះកុមារ ០៣នាក់ ដែលចាញ់បោកមេខ្យល់បានទៅធ្វើការនៅប្រទេសថៃ ហើយបានវិលមកស្រុកកំណើតវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន។
តាមរបាយការណ៍សមត្ថិកិច្ចប្រចាំច្រកអន្តរជាតិព្រំ បានអោយដឹងថានៅវេលាម៉ោង ៦ នឹង ៤៥នាទី យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៦ មានបងប្អូនពលករខ្មែរ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសថៃ បានធ្វើដំណើរមកដល់ច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តប៉ៃលិន ដែលពរករទាំងនោះរួមមាន៖ ទី១-ឈ្មោះ ញ៉េម សុខ ភេទប្រុស អាយុ ៤៩ឆ្នាំ ទី២-ឈ្មោះ ហ៊ុល សុផល ភេទ ស្រី អាយុ ៥១ឆ្នាំ ទី៣-ឈ្មោះ ញ៉េម រាវី ភេទប្រុស អាយុ ២៣ឆ្នាំ ទី៤-ឈ្មោះ ឈាង តុលា ភេទស្រី អាយុ ៣១ឆ្នាំ ទី៥-ឈ្មោះ ញ៉េម ភឹម ភេទស្រី អាយុ ១៦ឆ្នាំ ទី៦-ឈ្មោះ ញ៉េម ភីម ភេទស្រី អាយុ ១៣ឆ្នាំ ទី៧-ឈ្មោះ ញ៉េម ចិន្តា ភេទស្រី អាយុ ១៣ឆ្នាំ ទី៨-ឈ្មោះ ញ៉េម ស្រីមាស ភេទស្រី អាយុ ១ខួប ទី៩-ឈ្មោះ ញ៉េម ស្រីប្រាក់ ភេទស្រី អាយុ ៤៥ឆ្នាំ និងទី១០-ឈ្មោះ ញឹម ចើត ភេទប្រុស អាយុ ២១ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិបី សង្កាត់បី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយក្រុមគ្រួសារពួកគាត់ បានទៅធ្វើការជាអ្នកចំណាកស្រុកនេះ តាមរយ:មេខ្យល់ ដោយយកទៅធ្វើការនៅក្នុងខេត្តឈុនបុរីប្រទេសថៃ ជាអ្នកចាំចំការអោយគេ។ក្នុងការស្នាក់នៅធ្វើការនេះ ពួកគាត់ជួបបញ្ហាលំបាកខ្លាំងទាំងការរស់នៅ និងការហូបចុក ហើយថែមទាំងថៅកែថៃ កេងប្រវ័ញកម្លាំងពលកម្ម ដោយបើកប្រាក់កម្រៃពុំបានគ្រប់ចំនួន ទើបសម្រេចចិត្តនាំគ្នាដើរផ្សងព្រេង ដោយគេចពីតម្រួតថែផងវិលមកកម្ពុជាវិញ។ (ឃ្លីប)
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំ បងប្អូនពលករទាំងអស់ថា បញ្ហាការធ្វើចំណាកស្រុកទៅរកការងារនៅប្រទេស ដោយខុសច្បាប់ គឺវាជួបបញ្ហាគ្រោះថ្នាក់ណាស់ ហើយភាគច្រើនដែលបងប្អូនដែលទៅធ្វើការជាពលករចំណាកស្រុកនៅប្រទេសគេ តាមមេខ្យល់ដោយខុសច្បាប់នេះ គឺយើងប្រឈមនឹងការបាត់បង់ទាំងលុយកាក់ និងគ្រោះថ្នាក់ដល់ជិវិតទៀតផង ដូចនេះយើងមិនត្រូវចាញ់បោកមេខ្យល់ទៀតឡើយ។ (ឃ្លីប)
ក្នុងឱកាសនោះដែរលោកជំនាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនក្នុងនាមអាជ្ញាធរខេត្ត នឹងតំណាងខ្ពស់ខ្ពស់ឯកឧត្តម កើត សុធា គណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សម្ដែងនូវ ក្ដីអាណិតអាសូរចំពោះ បងប្អូនពលករយ៉ាងយ៉ាងខ្លាំង។ ដោយគ្រាន់តែទទួលបានព័ត៌មានភ្លាម ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ បានមកសួរសុខទុក្ខផ្ទាល់តែម្តង។ លោកជំទាវមានប្រសាសន៏ថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកគិតគូរយ៉ាងខ្លាំង ចំពោះសុកទុក្ខរបស់ប្រជាពលរដ្ឋយើង និងបានខិតខំអភិវឌ្ឍប្រទេស មានការររីកចំរើនគ្រប់វិស័យ ហើយបានខិតខំដោះស្រាយរកការងារឲ្យប្រជាពលរដ្ឋមានការងារនៅក្នុងប្រទេស ដែលទទួលបានប្រាក់កម្រៃសមរម្យចិញ្ចឹមគ្រួសារបាន មិនចាំបាច់ទៅធ្វើការដោយខុសច្បាប់នៅប្រទេសគេទៀតទេ។ លោកជំទាវបានផ្តាំផ្ញើរដល់បងប្អូនពលករពេលត្រឡប់ទៅកាន់ស្រុកកំណើតវិញត្រូវខិតខំរកការងារប្រកបមុខរបរ ដោយខ្លួនឯងវាប្រសើរជាង ដែលយើងទៅធ្វើកម្មករ នៅស្រុកគេ ដែលជួបការលំបាកគ្រប់យ៉ាង ។
សូមបញ្ជាក់ថា ក្នុងពេលបងប្អូនមកដល់ទឹកដីខេត្តប៉ៃលិន អាជ្ញាធរខេត្តបានទទួលដោះស្រាយការស្នាក់នៅ ហូបចុកហើយក៏បានដោះស្រាយជូនថវិការមួយចំនួន និងរថយន្តមួយគ្រឿងដឹកជញ្ជូនបងប្អូនទាំងអស់ធ្វើដំណើរ ទៅកាន់ខេត្តព្រះសីហនុវិញប្រកបដោយសុវត្ថភាព។
[youtube id= “jRGMS01F3wI”]