(19-12-2016) ប៉ៃលិន៖ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនល្ងាចថ្ងៃទី១៩ធ្នូ ឆ្នាំ២០១៦ មានពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការនគរបាលខេត្តប៉ៃលិនចំនួន១៣៩នាក់ ដែលពិធីនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន និងឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងឯកឧត្តមនាយឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនធ្វើរបាយការណ៍ពីសភាពការសន្តិសុខសណ្តាប់ធ្នាប់អោយដឹងថាៈក្នុងឆ្នាំ២០១៦នេះបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៧០លើក លើ៤៥លើកបើប្រៀបធៀបនឹងឆ្នាំ២០១៥កន្លងទៅរួមមានៈបទល្មើសឧក្រិដ្ឋមានចំនួន១៣លើកលើ១១លើក បទល្មើសមជ្ឈិមមានចំនួន៧៥លើក លើ៣៤លើក ។លោកបន្តថាៈលទ្ធផលកិច្ចប្រត្តិបត្តការបង្រ្កាបបទល្មើសមានចំនួន១២៦លើក កណីបទល្មើសព្រហ្មទណ្ឌចំនួន៦៨លើក ឃាត់ខ្លួនជនសង្ឃ័យចំនួន១៥៤នាក់ (ស្រី៤២នាក់) បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចំនួន៦០នាក់ និងអប់រំធ្វើកិច្ចសន្យារាងចាលអោយត្រឡប់ទៅផ្ទះវិញចំនួន៩៤នាក់ ។
តាមការប្រកាសរបស់ក្រសួងមហាផ្ទៃត្រូវបានផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិមន្ត្រីនគរបាលជាតិ នេះរួមមាន ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមានចំនួន ១៣៩នាក់ ថ្នាក់ស្នងការរងចំនួន ០១នាក់ ថ្នាក់នាយការិយាល័យចំនួន ០២នាក់ថ្នាក់នាយរងការិយាល័យចំនួន ០៤នាក់ ថ្នាក់អធិការរងចំនួន ០១នាក់ ថ្នាក់មេបញ្ជាការរងវរៈចំនួន ០១នាក់ ថ្នាក់នាយផ្នែកចំនួន ២២នាក់ ថ្នាក់នាយប៉ុស្តិ៍រដ្ឋបាលចំនួន ០៣នាក់ ថ្នាក់នាយរងផ្នែកចំនួន ២១នាក់ ថ្នាក់នាយរងបុស្តិ៍រដ្ឋបាលចំនួន ០៥នាក់ និង បំពាក់ឋានន្តរសក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន ០៣នាក់ថ្នាក់វរសេនីយ៍ឯក ចំនួន ០៤នាក់ ថ្នាក់វរសេនីយ៍ទោ ចំនួន ០៧នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន ០៥នាក់ ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៤នាក់ ថ្នាក់អនុសេនីយ៍ទោ ចំនួន ២១នាក់ថ្នាក់អនុសេនីយ៍ត្រី ចំនួន ៣៦នាក់ ថ្នាក់ព្រិន្ទបាលឯក ចំនួន ១៧នាក់ ថ្នាក់ព្រិន្ទបាលទោ ចំនួន ៣៣នាក់ និងថ្នាក់ពលបាលឯក ចំនួន ០៩នាក់។
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី យឹម សម្បត្តិ តំណាងអោយមន្ត្រីនគរបាលទាំងអស់ដែលបានតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ក បានប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនដើម្បីបំរើជាតិប្រជាជនរួចមក ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ ផ្តាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំបំភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនអោយមានប្រសិទ្ធិភាព ជាពិសេសត្រូវពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋអោយបានល្អ ដូចជាការងារបង្កាបទប់ស្កាត់ការចរាចរ និងប្រើប្រាស់គ្រឿងញៀន ការទប់ស្កាត់ចោរលួច ចោប្លន់, ល្បែងស៊ីសង, គ្រោះថ្នាក់ចរាចរ, អំពើរហឹង្សាគ្រប់ប្រភេទជាដើម។ ទន្ទឹមនេះមន្រ្តីនគរបាលទាំងអស់ ត្រូវ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងការគោរព ទៅតាមឋានានុក្រម។ ទាក់ទងនឹងការងារធ្វើសៀវគ្រួសារ សៀវភៅស្នាក់នៅនិងធ្វើអត្តសញ្ញាណ្ណប័ណ្ណជូនប្រជាពលរដ្ឋវិញឯកឧត្តមបានជំរុញដល់មន្ត្រីនគរបាលជំនាញត្រូវយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនអោយទទួលខុសត្រូវខ្ពស់បំផុតដើម្បីសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានអោយមានប្រសិទ្ធិភាព។
ឯកឧត្តមឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិកបានមានប្រសាសន៍អបអរសាទរចំពោះការតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កពេលនេះ ដែលជាយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកទឹកចិត្តដល់មន្រ្តីនគរបាលដែលសកម្មក្នុងការងារ មានស្នាដៃល្អក្នុងការបំពេញភារកិច្ចជំនាញរបស់ខ្លួននាពេលកន្លងមក។ដូច្នេះថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលខេត្តប៉ៃលិនទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងអោយបានល្អ ដើម្បីបំពេញភារកិច្ចជូនជាតិប្រជាជន និងរាជរដ្ឋាភិបាលអោយទទួលបានជោគជ័យ។
[youtube id= “K4xmUJQbXiE”]