(14-12-2016) ប៉ៃលិន៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន តំណាងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកស្រី ប៊ុន គឹមហេង អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន លោកស្រីគង់ សុភ័គ្រ លោកអភិបាលរងក្រុងប៉ៃលិន និងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញនាំយកអំណោយជាអង្ករ និងទឹកសុទ្ធទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦០គ្រួសារ រស់នៅក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម និងទឹកសុទ្ធមួយយួរ។
មានប្រសាសន៍សំណេះសំណាល ណែនាំដល់ប្រជាពលរដ្ឋនាឱកាសនោះ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន លោកស្រី ប៊ុន គឹមហេង និង លោកសេង វណ្ណថា អភិបាលរងក្រុងប៉ៃលិន បានណែនាំអោយប្រជាពលរដ្ឋ យកចិត្តទុកដាក់លើការងារធ្វើសំបុត្រកំណើតកូនចៅ, ការធ្វើអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារអោយបានត្រឹមត្រូវ ច្បាស់លាស់ ជាពលរដ្ឋខ្មែរ។ លោកជំទាវបានមានប្រសាសន៍ថា ទារកទើបនឹងកើតរហូតដល់មុនអាយុ១ខែ គឺយើងមិនចាំបាច់បង់ប្រាក់ថ្លៃសេវានោះទេ ប៉ុន្តែបើមានអាយុលើសពីមួយខែ នោះយើងត្រូវបង់ប្រាក់១០០០០រៀលសំរាប់សេវាធ្វើសំបុត្របញ្ជាក់កំណើតមួយ។ ចំណែកអត្តសញ្ញាណប័ណ្ណ គឺយើងត្រូវបង់សេវា១០០០០រៀលក្នុងម្នាក់ ហើយយើងត្រូវមកធ្វើនៅអធិការនគរបាលក្រុងប៉ៃលិនរៀងរាល់ម៉ោងធ្វើការ។ លោកជំទាវបានបន្តថា បញ្ហាការផ្ទេរ ការលក់ដូរដីកម្មសិទ្ធ គឺយើងត្រូវមកដល់ការិយាល័យច្រកចេញចូលតែមួយ នៅសាលាក្រុងតែម្តង ដើម្បីពិនិត្យលើតារាងតម្លៃសេវារដ្ឋបាលដែលតម្រូវអោយបង់ចូលរដ្ឋ ជៀសវាងយើងពឹងពាក់អ្នកទី៣ រត់ការអោយយើង ដោយចំណាយថវិកាច្រើន។ លោកជំទាវ ក៏បានសំណូមពរសូមអោយប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង ការប្រើអំពើហឹង្សាក្រុមគ្រួសារ អប់រំណែនាំកូនចៅកុំអោយសែបគ្រឿងញៀន កុំអោយប្រមូលផ្តុំបក្សពួកបងតូច បងធំ ក្នុងភូមិសង្កាត់របស់យើង ,ជំរុញអោយកូនចៅមករៀនសូត្រ និងតាមដានការសិក្សារបស់កូន, ហើយក៏ត្រូវណែនាំកូនចៅអោយបើកបរត្រូវគោរពច្បាប់ចរាចរណ៍ កុំបើកបរហួសល្បឿនកំណត់ បើកបរត្រូវចេះគោរពសិទ្ធអាទិភាពអ្នកដទៃ។ លោកជំទាវ ក៏បានណែនាំសូមអោយប្រជាពលរដ្ឋទាំងអស់កុំធ្វើចំណាកស្រុកដោយប្រថុយប្រថាន តែត្រូវចំណាកស្រុកដោយមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ព្រោះការចំណាកស្រុកខុសច្បាប់តាម រយៈការអូសទាញរបស់មេខ្យល់ អាចនាំអោយជួបគ្រោះថ្នាក់ពីការជួញដូរមនុស្ស ការកេងប្រវ័ញ្ញកំលាំង ពលកម្ម និងកេងប្រវ័ញ្ញផ្លូវភេទ ។ លោកជំទាវក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ក៏ត្រូវប្រុងប្រយ័ត្នថែ ទាំសុខភាពអោយបានល្អ ត្រូវមានបង្គន់អនាម័យ, ត្រូវហូបស្អាត, ផឹកស្អាត, រស់នៅស្អាត និងត្រូវដេកក្នុងមុង៕
[youtube id= “rbEqkElg5fQ”]