(14-12-2106) ប៉ៃលិន៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចុះពិនិត្យការងារកសាងសាលារៀន អាគារទីចាត់ការសាលា ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦កន្លងទៅ។
លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនបានមានប្រសាសន៍ថា សំណង់អាគារដែលសម្តេចបានផ្តល់មកអោយខេត្តប៉ៃលិនទាំងអស់កំពុងតែកសាងយ៉ាងមមាញឹក ដោយក្រុមជាងជាច្រើនក្រុម ដោយអាគារខ្លះកំពុងតែបុកគ្រិះយ៉ាងរឹងមាំ ហើយក៏មានអាគារខ្លះបានបញ្ចប់នូវគ្រិះខាងក្រោមរួចរាល់ហើយដែរ។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានកោតសរសើដល់ក្រុមការងារទាំងអស់ដែលកំពុងកសាងអាគារសិក្សាជាអំណោយរបស់សម្តេចហ៊ុនសែននៅក្នុងខេត្តប៉ៃលិន ក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡា ដែលបានគ្រប់គ្រង មើលការខុសត្រូវលើការកសាងសំណង់អាគារទាំងនោះបានល្អ , កសាងបានលឿន រឹងមាំ ត្រឹមត្រូវតាមស្តង់ដាកំណត់។
សូមបញ្ជាក់ថា នៅក្នុងបំពេញបេសកកម្មអញ្ជើញមកមកខេត្តប៉ៃលិន សម្តេចតេជោ សែន បានផ្តល់អគារសិក្សា សរុប ៥៦ខ្នង ស្មើនឹង ៥០៦បន្ទប់ ព្រមទាំងសម្ភារៈសិក្សាមួយចំនួន ដូចជា ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងម៉ាស៊ីនព្រីនធឺ ដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ហើយសមិទ្ធិផលទាំងអស់នេះនឹងក្លាយជាថ្នាលបណ្តុះបណ្តាលនូវគុណភាពអប់រំរបស់កម្ពុជាឲ្យកាន់តែខ្លាំងក្លា ជាពិសេសគឺយុវជនដែលជាទំពាំងស្នងឫស្សីរបស់សង្គមជាតិសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
[youtube id= “wsYHv9gdRuQ”]