រដ្ឋបាលខេត្តប៉ៃលិននាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ៦០ គ្រួសារ នៅសង្កាត់ទួលល្វា


(12-12-2016) ប៉ៃលិន៖ ថ្ងៃទី​១២ ​ខែធ្នូ​ ឆ្នាំ​២០១៦ ​លោក​ជំទាវ ​សោ ​មុន្នីរ័ត្ន ​អភិបាល​រង​ខេត្ត​ប៉ៃលិន​ រួម​ដំណើរ​ដោយ​លោក​ឌិន ​គឹម​ ប្រធាន​មន្ទីរ​សារធា​រណ​ការ​ និង​ដឹក​ជញ្ជូន ​លោក​ស្រី ​សាត ​ណាត់ ​អភិបាល​រង​ក្រុង​ប៉ៃលិន ​លោក​ស្រី​គង់​ សុភ័ក្រ ​និង​មន្រ្តី​រាជការ​មួយ​ចំនួន​ទៀត​ បាន​នាំ​យក​អង្ករ ​និង​ទឹក​សុទ្ធ​ ទៅ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន​៦០​គ្រួសារ ​នៅ​ក្នុង​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​ប្រជា​ពល​រដ្ឋ​ដែល​បាន​មក​ទទួល​អំណោយ​នា​ពេល​នោះ​ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​ អង្ក​រ២៥​ គីឡូ​ក្រាម​ និង​ទឹក​សុទ្ធ​មួយ​ចំនួន​ទៀត​។​

​ឌឹន ​គឹម ​ប្រធាន​មន្ទីរ​សារធា​រណ​ការ​ និង​ដឹក​ជញ្ជូន ​ខេត្ត​ប៉ៃលិន ​និង​ លោក​ជំទាវ ​សោ ​មុន្នី​រ័ត្ន​ អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ ការ​នាំ​យក​អំណោយ​មក​ចែក​ជូន​ដល់​ពល​រដ្ឋ​យើង​នា​ពេល​នេះ​ ​គឺ​ជា​ទឹក​ចិត្ត ​ការ​គិត​គូ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត ​មន្ទីរ​អង្គ​ភាព​ជំនាញ​ចំពោះ​សុខ​ទុក្ខ​ និង​ជីវភាព​រស់នៅ​ប្រជា​ពល​រដ្ឋ​យើង​។​ លោក​បាន​បន្ត​ថា ​អំណោយ​ទាំង​នេះ​មាន​ចំនួន​តិច​តួច​ សំរាប់​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​យើង​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ​តែ​អ្វី​ដែល​សំខាន់​គឺ​បងប្អូន​ប្រជា​ពល​រដ្ឋ​ត្រូវ​ខិត​ខំ​បង្ក​បង្កើន​ផល​ ប្រ​កប​របរ​ទទួល​ទាន​ដោយ​ខ្លួន​ឯង​ ដោយ​ការ​ឈ្លា​វៃ ​ប៉ិន​ប្រសប់​។ ​លោក​ជំទាវ​បាន​បន្តថា ​នៅ​ពេល​នេះ​មាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ដ៏ទៃ ​ដោយ​ខ្លះ​ទៅ​ដោយ​ស្រប​ច្បាប់​ ខ្លះ​មិន​ស្រប​ច្បាប់​ ដែល​ងាយ​រង​គ្រោះ​ដោយ​អំពើ​ជួញ​ដូរ​មនុស្ស ​និង​ការ​កេង​ប្រវ័ញ្ច​លើ​កំលាំង​ពល​កម្ម​ និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​។​ លោក​ជំទាវ​ក៏​បាន​សំណូម​ពរ​សូម​អោយ​ ប្រជា​ពល​រដ្ឋ​យើង​ត្រូវ​សហការ​ចូល​រួម ​ជា​មួយ​អាជ្ញាធរ​  និង​សមត្ថ​កិច្ច​ជំនាញ ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថ​ភាព​របស់​រាជ​រដ្ឋា​ភិ​បាល​ ដោយ​មិន​ត្រូវ​លេង​ល្បែង​ស៊ី​សង ,​ បង្ក​អំពើ​ហឹង្សា​ក្នុង​គ្រួសារ ​, មិន​ត្រូវ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ និង​បើក​បរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ជៀស​វាង​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​។​

​ក្នុង​ឱកាស​នោះ​ដែរ​ លោក ​អ៊ុំ ​ដារី ​តំណាង​សហគមន៍​ប៉ៃលិន​រុងរឿង​បាន​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​រក្សា​ទុក​ដី​ខ្លះៗ​ពី​ការ​ដាំ​ពោត ​ឬ​ដំឡូង ​មក​ដាំ​ទំពាំង​បារាំង​វិញ​ ព្រោះ​ដំណាំ​ទំពាំង​បារាំង​មាន​តម្លៃ​ខ្ពស់​ក្នុង​ទីផ្សារ,​ ងាយ​ស្រួល​ក្នុង​ការ​ដាំ ​ហើយ​ការ​ប្រមូល​ផល​មាន​រយៈ​ពេល​យូរ​។​ ដំណាំ​នេះ​អាច​ជួយ​សំរួល​ដល់​ជីវ​ភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ​យើង​បាន​ច្រើន​ជាង ​បើ​ប្រៀប​នឹង​ដំណាំ​ពោត​ ឬ​ដំឡូង​។​

​បន្ទាប់​ពី​បាន​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​សង្កាត់​ទួល​ល្វា​រួច​មក​ លោក​ ជំទាវ​ សោ ​មុន្នីរ័ត្ន​ រួម​ដំណើរ​ដោយ​លោក​ស្រី ​សាត ​ណាក់ ​លោក​ស្រី ​គង់​សុភ័ក្រ ​និង​មន្រ្តី​រាជការ​មួយ​ចំនួន​ទៀត​ ​ក៏​បាន​អញ្ជើញ​ទៅ​ពិនិត្យ ​សកម្ម​ភាព​ជួស​ជុល​ផ្លូវ​លំ​មួយ​ខ្សែ ​ប្រវែង​៤​គីឡូ​ម៉ែត្រ ​ពី​ចំណុច​ផ្លូវ​បំបែក​ថ្នល់​ជាតិ​លេខ​៥៧ ​ទៅ​កាន់​ទឹក​ធ្លាក់​អូតាវ៉ៅ ​ក្នុង​ភូមិ​ខ្លុង​ សង្កាត់​អូតាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន ​និង​បាន​បន្ត​ទៅ​ដល់​ទឹក​ធ្លាក់​អូរតាវ៉ៅ​ ពិនិត្យ​មើល​ឬស​ដើម​ឈើ​ទាល​មួយ​កន្លែង ​នៅ​ចំណុច​នោះ​ ដែល​មាន​លក្ខណៈ​ទ្រង់​ទ្រាយ​ដូច​ទៅ​នឹង​ សត្វ​នាគ​មួយ​គូរ​កំពុង​បែ​ក្បាល​រក​គ្នា​។​

cpp-12-12-2016-011 cpp-12-12-2016-012 cpp-12-12-2016-013 cpp-12-12-2016-014 cpp-12-12-2016-015 cpp-12-12-2016-016vv

[youtube id= “R4-la7LgsdQ”]