(06-12-2016) ប៉ៃលិន៖ រសៀលថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៦ គណកម្មាការទី៨នៃព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណកម្មាការទី៨ នៃព្រឹទ្ធសភា បានអញ្ជើញចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់, ការអនុវត្តការងារ របស់មន្ទីរវិស័យដែលជាដែនសមត្ថកិច្ចរបស់ខ្លួន មានមន្ទីរសុខាភិបាល មន្ទីរកិច្ចការនារី មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន និងមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន។ កិច្ចប្រជុំសិក្សាស្វែងយល់នេះ បានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ពីឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីរាជការសាលាខេត្តជាច្រើនរូបទៀត។
ឯកឧត្តម អៀង វុធ អភិបាលស្តីទីខេត្តប៉ៃលិនបានមានប្រសសន៍ថា វត្តមានរបស់គណកម្មាការទី៨ នៃព្រឹទ្ធសភានាពេលនេះមានសារៈសំខាន់ណាស់ សំរាប់ជួយបំពេញនូវចំនុចខ្វះខាតនានាដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមក ដើម្បីអោយច្បាស់ថា ការអនុវត្តមុខងាររបស់រដ្ឋបាលខេត្ត ពិតជាបានសមស្របតាមវិធានគតិយុត្តទាំងឡាយជាធរមាន ឬក៏នៅមានបញ្ហាប្រឈមនានាដែលនាំអោយមានការរាំងស្ទះ។ ឯកឧត្តមបានបន្តថា ស្ថិតក្រោមការដឹកនាំដ៏ឈ្លាវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានបូជានូវកំលាំងកាយ កំលាំងចិត្ត ប្រាជ្ញាស្មារតី ប្រកាន់ភ្ជាប់នូវឧត្តមគតិស្នេហាជាតិដ៏ឧត្តុងឧត្តម ដោយសម្តេចបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៣ ដើម្បីធានាអោយមានកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ក្នុងន័យនេះសម្តេចបានយកចិត្តទុកដាក់ជាទីបំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តជិត ឆ្ងាយទាំងអស់។
បន្ទាប់ពីបានស្តាប់លោកប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធបានរាយការណ៍អំពីសមិទ្ធិផលការងារដែលបានអនុវត្តក្នុងឆ្នាំ២០១៦ និងបញ្ហាប្រឈមរួចមក លោកជំទាវ មាន សំអាន ប្រធានគណកម្មាការទី៨ នៃព្រឹទ្ធសភា បានមានប្រសាសន៍កោតសរសើនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធទាំងអស់ ដែលបានកសាង អភិវឌ្ឍន៍ខេត្តប៉ៃលិនអោយមានការរីកចំរើនគួជាទីមោទនៈ។ លោកជំទាវបានមានប្រសាសន៍ថា បច្ចុប្បន្ននេះខេត្តប៉ៃលិនមានការរីកចំរើនប្រែមុខប្រែមាត់ថ្មី ទាំងជីវភាពប្រជាជន និងការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត។ លោកជំទាវបានមានប្រសាសន៍បន្តថា តាមការលើកឡើងរបស់មន្ទីរវិស័យទាំង៤ គឺយើងនៅមានបញ្ហាប្រឈមខ្លះៗ ប៉ុន្តែបញ្ហាប្រឈមទាំងនេះកើតឡើងនៅគ្រប់ខេត្តក្រុង មិនមែនតែខេត្តប៉ៃលិននោះទេ ហើយលោកជំទាវនឹងយកបញ្ហាប្រឈមទាំងអស់នេះ ទៅប្រជុំដោះស្រាយអោយបានសមស្របសំរាប់ខេត្តប៉ៃលិន។ លោកជំទាវក៏បានណែនាំសូមអោយគណអភិបាលខេត្ត ក៏ដូចជាមន្ទីរសុខាភិបាលខេត្តត្រូវយកចិត្តទុកដាក់ផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋអោយបានល្អ ព្រោះសុខភាព គឺជាមូលដ្ឋានស្នូលក្នុងការអភិវឌ្ឍន៍ខេត្តក្រុងរបស់យើងអោយមានការរីកចំរើនទៅមុខ៕
[youtube id= “nDvFosJsNdg”]