(05-12-2016) ប៉ៃលិន៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយលោកស្រីឧត្តមសេនីយ៍ សាន់ សាវឿន ស្នងការរងនគរបាលខេត្ត លោកស្រី មាស សំនៀង អភិបាលរងស្រុកសាលាក្រៅ លោកស្រីគង់ សុភ័ក្រ និងមន្រ្តីរាជការមួយចំនួនទៀត បាននាំយកអង្ករ និងទឹកសុទ្ធ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៧០គ្រួសារ មកពី១២ភូមិ ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម និងទឹកសុទ្ធមួយចំនួនទៀត។
លោកជំទាវ សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយទទួលបានកាណែនាំពីឯកឧត្តមកើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន, លោកជំទាវ និងក្រុមការងារមួយចំនួនទៀត បានរូសរាន់នាំយកអំណោយជាស្បៀងនេះ មកចែកជូនដល់ប្រជាពលរដ្ឋរបស់យើង ដែលកំពុងមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ ទោះបីអំណោយទាំងនេះមានចំនួនតិចតួច តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ សប្បុរស់ជន ក្នុងការរួមចំណែកជួយដោះស្រាយក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ដែលកំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។ លោកជំទាវបានបន្តថា ជាការពិតប្រជាពលរដ្ឋយើងជាច្រើនកំពុងមានការលំបាកក្នុងជីវភាព រហូតដល់អ្នកខ្លះបានសំរេចចិត្តចាកចេញពីស្រុក ភូមិ ទៅប្រកបការងារនៅប្រទេសដទៃដែលអ្នកខ្លះទទួលបានការងារសមប្រកប រកប្រាក់បានមកផ្គត់ផ្គង់គ្រួសារ តែក៏មានអ្នកខ្លះទៀត ចាញ់បោកមេខ្យល់ធ្លាក់ខ្លួនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចលើកំលាំងពលកម្ម។ ទាំងនេះបានធ្វើអោយស្ថានភាពក្រុមគ្រួសាររិតតែលំបាកបន្ថែមទៀត។ លោកជំទាវបានណែនាំសូមអោយប្រជាពលរដ្ឋយើងកុំធ្វើចំណាកស្រុកដោយប្រថុយប្រថាន ខុសច្បាប់ ដែលនាំអោយមានគ្រោះថ្នាក់ដល់ខ្លួនឯង និងក្រុមគ្រួសារ។ លោកជំទាវក៏បានណែនាំសូមអោយប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពអោយបានល្អ ត្រូវរស់នៅស្អាត ផឹងស្អាត បរិភោគស្អាត និងត្រូវប្រញាប់ទៅមណ្ឌលសុខភាពនៅពេលមានជំងឺមកយាយីដល់ខ្លួនប្រាណរបស់យើង។ ម្យ៉ាងទៀតប្រជាពលរដ្ឋយើងក៏ត្រូវសហការចូលរួមជាមួយអាជ្ញាធរ មន្រ្តីជំនាញ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់រាជរដ្ឋាភិបាល ដោយមិនត្រូវលេងល្បែងស៊ីសង , បង្កអំពើហឹង្សាក្នុងគ្រួសារ , មិនត្រូវជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
[youtube id= “CVIf2pgcJF0”]