ជីកកកាយដីភ្នំខុសបច្ចេកទេស បណ្តាលឱ្យបាក់សង្កត់កម្មករ ០២នាក់ ស្លាប់នៅនឹងកន្លែង


(26-11-2016) ប៉ៃលិន៖ ​កម្មករ​ស៊ីឈ្នួល​បញ្ជា​គ្រឿង​ចក្រ​អែស្កា​ចំនួន ​០២នាក់ ​បាន​ស្លាប់​ភ្លាមៗ ​យ៉ាង​អាណោច​អាធ័ម​នៅ​ក្រោម​គំនរ​ថ្មភ្នំ ​ខណៈ​កំពុង​បញ្ជា​អែស្កា ​ដើម្បី​ជីក​កកាយ​ដី​ដាក់​រថយន្ត​សុខៗ​ស្រាប់​តែ​បាក់​ថ្ម​ភ្នំ​១ផ្ទាំ​ង​ធំ ​បាន​ធ្លាក់​មក​សង្កត់​លើ​មនុស្ស​ស្លាប់​ចំនួន ​០២នាក់ ​និង ​គ្រឿង​ចក្រ ​មាន​អេស្កា ​១គ្រឿង ​និង​ឡាន​ដឹកដី ​ម៉ាក​ Fu So ​១គ្រឿង​ បណ្តាល​ឱ្យ​ខ្ទេច​ខូច​ខាត​ទាំង​ស្រុង ​តែ​សំណាង​ល្អ ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ចំនួន ​០២ខ្នង ​ដែល​ទើប​ នឹង​សាង​សង់​នៅ​ក្បែរ​នោះ​ដែរ ​ត្រូវ​ដុំ​ថ្ម​ខ្ទាត​ចំ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ស្រាល ​រី​ឯម្ចាស់​ផ្ទះ​ព្រលឹង​ចុង​សក់​។​

​ហេតុ​ការណ៍​បាក់​ផ្ទាំង​ដី​ថ្ម​ភ្នំ​សង្កត់​កម្មករ​ស្លាប់ ​០២នាក់​នេះ ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥៖៣០​នាទី​ល្ងាច ​ថ្ងៃ​ទី២៦ ​ខែវិច្ឆិកា ​ឆ្នាំ២០១៦ ​នៅ​ចំណុច​ផ្លូវ​ក្រវ៉ាត់​ក្រុង ​ស្ថិត​ក្នុង​ភូមិ​ដីក្រហម ​សង្កាត់​អូរតាវ៉ៅ ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​បើ​តាម​ប្រភព​ព័ត៌​មាន​ពី​លោក ​គង់ ​សំណាង ​នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរតាវ៉ៅ ​បាន​ឱ្យ​ដឹងថា​៖​ កម្ម​ករ​ស៊ី​ឈ្នួល​ជីក​កកាយ​ដីភ្នំ​ចំនួន​ពីរ​នាក់​ដែល​ស្លាប់​បាត់​បង់​ជីវិត ​ទី១-​ឈ្មោះ ​ឈីវ ​ភេទ​ប្រុស​ អាយុ​ ២០ឆ្នាំ​ ជា​អ្នក​បើក​បរ​គ្រឿង​ចក្រ​អេស្កា​វ៉ាទ័រ ​មាន​ស្រុក​កំណើត​នៅ​ភូមិ​កំពង់​ស្ទោង ​ឃុំ​ចំរើន​ផល ​ស្រុក​សំពៅ​មាស​ ខេត្ត​ពោធិសាត់​ និង​ទី២​-​ឈ្មោះ ​ធី​ រដ្ឋា ​ហៅ ​អ៊ួក ​ភេទ​ប្រុស ​អាយុ ​១៩ឆ្នាំ ​ជា​កម្មករ​អង្គុយ​លើ​អេស្កាច​វ៉ាទ័រ​ រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ ​ហើយ​ពួក​គេ​ទាំង ​០២​គឺ​ជា​កម្មករ​របស់​ថៅកែ​ម្នាក់ ​ឈ្មោះ ​ឈុន ​ឆាង ​ភេទ​ប្រុស​ អាយុ​ ៦០​ឆ្នាំ ​រស់នៅ​ភូមិ​អូរតា​ប្រាង ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​ លោក​បាន​បន្ត​ទៀត​ថា​៖​ មូល​ហេតុ​ ដែល​នាំ​ឱ្យ​បាក់​ផ្ទាំង​ថ្ម​ភ្នំ​សង្កត់​ទៅ​លើ​កម្ម​ករ​ទាំង​នោះ​ស្លាប់ ​គឺ​ដោយ​សារ​តែ​ការ​ជីក​កកាយ​ដី​ខុស​បច្ចេក​ទេស​ ព្រោះ​ពួក​គេ​ជីក​តែ​ផ្នែក​ខាង​ក្រោម ​ដឹក​តាម​រថយន្ត ​លុះ​យូរៗ​ ទៅ​ ទើប​បាក់​ធ្លាក់​មួយ​ផ្ទាំង​ធំ​មក​សង្កត់​ពី​លើ​គ្រឿង​ចក្រ ​និង​រថយន្ត ​ដែល​កំពុង​ជីក​កកាយ ​និង​ចូល​ទៅ​ដឹក​ដី​ស្លាប់​ទាំង ​០២នាក់​តែ​ម្តង​។​

​គួរ​បញ្ជាក់​ថា​៖ ​ក្រោយ​ពេល​កើត​ហេតុ ​ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​លោក​ឧត្តម​សេនីយ៍​ត្រី​ ជា ​ចាន់​ឌិន ​ស្នង​ការ​នគរ​បាល​ខេត្ត ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ ​និង​បញ្ជា​កំលាំង​សមត្ថ​កិច្ច​ចម្រុះ​ដោយ​ផ្ទាល់ ​ដោយ​យក​គ្រឿង​ចក្រ​មក​កាយ​យក​សព​ជន​រង​គ្រោះ​ចេញ​ពី​គំន​ថ្ម​ភ្នំ​បាន​ម្នាក់ ​នៅ​វេលា​ម៉ោង​ ៧​៖​០០នាទី​យប់ ​ហើយ​សព​ម្នាក់​ទៀត ​បាន​កាយ​យក​ចេញ ​នៅ​វេលា​ម៉ោង ​៩៖០០​នាទី​ព្រឹក ​ថ្ងៃ​ទី២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ហើយ​បន្ទាប់​មក​អាជ្ញាធរ ​និង​សមត្ថ​កិច្ច ​បាន​យក​រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ​ដឹក​សាក​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ ​ទៅ​ប្រគល់​ឱ្យ​សាច់​ញាតិ​ដល់​គេហដ្ឋាន ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

cpp-26-11-2016-001 cpp-26-11-2016-002 cpp-26-11-2016-003 cpp-26-11-2016-004 cpp-26-11-2016-005 cpp-26-11-2016-006 cpp-26-11-2016-007 cpp-26-11-2016-008vv

[youtube id= “4B4PDPQHPQM”]