(24-11-2016) ប៉ៃលិន៖ នៅអនុវិទ្យាល័យសន្តិភាពព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានអញ្ជើញជាគណធិបតីក្នុងពិធី អបអសាទរទិវាជាតិលើក កំពស់អនាម័យជនបទ១៣វិច្ឆិការលើកទី៧ឆ្នាំ២០១៦ ក្រោមប្រធានបទ(រួមគ្នាលើកកម្ពស់អនាម័យជនបទ) ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អភិបាលរង ស្រុកសាលាក្រៅ លោកមេឃុំ ប្រធាន អនុប្រធានមន្ទីរ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។
ទិវាជាតិលើកកំពស់អនាម័យជនបទនេះធ្វើឡើងក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ សិស្សានុសិស្សបានយល់ដឹងពីសារៈប្រយោជន៍ និងភាពចាំបាច់នៃការធ្វើអនាម័យ ដូចជាការ ធ្វើបង្គន់អនាម័យ ការលាងដៃនឹងសាប៊ូ មុនពេលបរិភោគអាហារ និងក្រោយពេលបន្ទរបង់ ការបរិភោគទឹកស្អាតជាដើម ដើម្បីទាំងអស់គ្នាមានសុខភាពល្អ។
លោក ពេជ្រ សំបូ ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តប៉ៃលិនបានអានរបាយការណ៏ពីស្ថានភាពវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តប៉ៃលិនអោយដឹងថា៖មានប្រជាពលរដ្ឋ៤៦%បានប្រើប្រាស់ទឹកដូចជា៖ប្រើប្រាស់បណ្តាញទឹកម៉ាស៊ីនចំនួន២៤% ទឹកអណ្តូងស្នប់គ្រប់ប្រភេទចំនួន២២% ទឹកអណ្តូងមានគម្របការពារចំនួន៣% ប្រើប្រាស់ទឹកភ្លៀងចំនួន១៥% ប្រើប្រាស់ទឹកចេញក្រោមដីអូរ បឹង ត្រពាំងចំនួន២៥% ប្រើប្រាស់ទឹកទិញតាមរថយន្តចំនួន៦% ប្រភពផ្សេងៗ៥%។លោកបន្តថា៖នៅខេត្តប៉ៃលិនមានកំណើនបង្គន់អនាម័យថ្មីចំនួន១៨០៧បង្គន់ ដែលមានគ្រួសារចំនួន១៥៩៩គ្រួសារប្រើប្រាស់។លោកបន្តទៀតថា៖សរុបការងារលើកកម្ពស់អនាម័យគិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៦ ការប្រើប្រាស់បង្គន់អនាម័យមានអត្រាគ្របដណ្តប់ចំនួន៥៨%ការធ្វើប្រព្រឹត្តកម្មទឹកសមស្របសម្រាប់បរិភោគចំនួន៧០% និងការផ្លាស់ប្តូរឥរិយាបថលាងសម្អាតដៃ និងសាប៊ូចំនួន៤៥%។
លោកជំទាវ ជាលាប អភិបាលរងខេត្តប៉ៃលិន បានអានសារលិខិតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្តល់អនុសាសន៏ថា៖ទី១/ក្រសួងអភិវឌ្ឍន៏ជនបទ ត្រូវបង្កើនការយកចិត្តទុកដាក់អោយកាន់តែខ្លាំងបន្ថែមទៀតក្នុងការសម្របសម្រួលនិងសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៏ អង្គការមិនមែនរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីរិះរកវិធានការនិងធនធានក្នុងការអនុវត្តន៏អោយបានជោគជ័យនូវផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទ។ទី២/ផ្អែកលើផែនការសកម្មភាពជាតិ អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ជំរុញ ដឹកនាំអោយអស់លទ្ធភាពដើម្បីធ្វើអោយកាន់តែប្រសើរឡើនូវស្ថានភាពអនាម័យមូលដ្ឋាន។ទី៣/គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបង្កើនការគាំទ្រនិងចូលរួមតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដើម្បីជំរុញការលើកកម្ពស់អនាម័យសមស្របតាមសមត្ថកិច្ចការងាររបស់ខ្លូន។ទី៤/បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសហគន៏ជនបទត្រូវរួមគ្នាលើកកម្ពស់អនាម័យនៅតាមគ្រួសារនីមួយៗជាប្រចាំដោយចាត់ទុកថានោះជាករណីកិច្ចចាំបាច់ដើម្បីផាសុខភាពក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកជំទាវ ជាលាប អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ណែនាំដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយទិវាជាតិលើក កំពស់អនាម័យជនបទក្រោមប្រធានបទ(រួមគ្នាលើកកម្ពស់អនាម័យជនបទ)ទាំងអស់គ្នាដើម្បីអោយបងប្អូនប្រជាពលរដ្ឋនៅតាមភូមិឃុំមានការយល់ដឹងពីសារៈសំខាន់ការថែរទាំ និងសំអាត អនាម័យនៅទីធ្លាលំនៅឋាន ព្រមទាំងនៅក្នុងលំនៅឋានផងដែរ ជាពិសេសត្រូវហូបស្អាត ងូតទឹកស្អាត ដោយផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា។ដូច្នេះសិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងថែរក្សាអនាម័យអោយជាប់ជានិច្ច គឺមិនត្រូវធ្វើអី្វនាំអោយកខ្វក់ដែលបណ្តាលអោយមានជំងឺផ្សេងៗដែលធ្វើអោយយើងខាត់បង់ពេលវេលា ប្រាក់កាកនៅក្នុងគ្រួសារផងដែរ។
ក្នុងនោះដែរ លោកជំទាវ ជាលាប អភិបាលរងខេត្តប៉ៃលិនិងក្រុមការងារក៏បានធ្វើពិធីលាងសម្អាតដៃជានិមិត្តរូបដើម្បីអោយសិស្សានុសិស្សនៅវិទ្យាល័យសន្តិភាពយល់ដឹងអោយបានច្បាស់និងអនុវត្តទាំងអស់គ្នាជាប្រចាំ ព្រមទាំងប្រគល់សម្ភារៈអនាម័យដល់សិស្សានុសិស្សផងដែរ។
[youtube id=”tKQ9t-KyZNE”]