(14-11-2016) ប៉ៃលិន៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃពេញបូរមី ១៥កើតខែកក្តិក ឆ្នាំវក ព.ស ២៥៦០ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន លោកជំទាវ គង់ស្តី កើតសុធា លោកជំទាវ ស៊ុំ ហៀង ប្រធានសភាពណិជ្ជកម្មខេត្ត លោកជំទាវ ជាលាភ អភិបាលរងខេត្ត លោកជំទាវ សោ មុន្នីរត្ន អភិបាលរងខេត្ត ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត ព្រមទាំងមន្រ្តីរាជការ ប្រជាពលរដ្ឋពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យ អកអំបុក សំពះព្រះខែ នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី និងវត្តរតនសោភ័ណហៅវត្ត កោងកាង ស្ថិតក្នុងភូមិប៉ាហ៊ី និងក្នុងភូមិវត្ត ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឲ្យមានឡើង ជាច្រើនរឆ្នាំមក ហើយ។ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្ដិកជារៀងរាល់ឆ្នាំ ប៉ុន្តែមានឆ្នាំខ្លះ រាជរដ្ឋាភិបាលសំរេចលុបចោល ដោយសារមានមូលហេតុ អ្វីមួយច្បាស់លាស់។
ពិធីបុណ្យ សំពះព្រះខែ និងអកអំបុក មានប្រវត្តិជាប់ទាក់ទង យ៉ាងជិត ស្និទ្ធទៅនឹងប្រវត្តិ របស់ព្រះពុទ្ធ ដែលកាលវេលានោះ ព្រះបរមពោធិសត្វ ទ្រង់យាងយកកំណើត ជាទន្សាយពោធិសត្វ។ កាលនោះព្រះឥន្ទ ទ្រង់ កាឡាខ្លួនជាព្រាហ្មណ៍ ចាស់ម្នាក់ មកសុំសាច់ របស់ទន្សាយ ពោធិសត្វធ្វើជាអាហារ។ ទន្សាយពោធិសត្វ បានឲ្យ ព្រាហ្មណ៍នោះ បង្កាត់ភ្លើងឆេះ យ៉ាងសន្ធោរសន្ធៅ។ ទន្សាយពោធិសត្វ ក៏រលាស់ខ្លួនឡើង បីដង ដើម្បីឲ្យសត្វល្អិត ដែលជាប់និង រោមជ្រុះចេញ រួចក៏លោតចូលក្នុងភ្លើងភ្លាម , ភ្លើងនោះប្រែជាពុំឆេះសន្ធោរ សន្ធៅដូចមុនឡើយ។ ឃើញដូច្នេះ ព្រះឥន្ទ្រព្រាហ្មណ៍ក៏ស្ទុះ ទៅពរយក ទន្សាយពោធិសត្វ ឡើងទៅដល់ មណ្ឌលព្រះច័ន្ទ ហើយទ្រង់ក៏យកម្នាងសិលា គូររូបទន្សាយពោធិសត្វ ហើយឥន្ទ្រព្រាហ្មណ៍ អធិដ្ឋានថាសូមឲ្យ រូបទន្សាយ ពោធិសត្វដែល យើងខ្ញុំគូរនេះនៅ ជាប់រហូតដល់ ទីបំផុតកប្ប។
ដោយអនុភាពទាន នៃព្រះពោធិសត្វផង និងសេចក្ដី អធិដ្ឋានរបស់ឥន្ទ្រព្រាហ្មណ៍ផង រូបទន្សាយ ក៏ឃើញ ប្រាកដ ក្នុងមណ្ឌលព្រះច័ន្ទ ជាដរាប រហូតដល់សព្វថ្ងៃនេះ។ ក្នុងជំនឿនេះហើយ បានជានៅវេលារាត្រី ពេញបូរមីថ្ងៃ១៥កើតខែកក្តិក រៀងរាល់ឆ្នាំខ្មែរ យើង យកនំចំណី មានអំបុកចេក ជាដើមមកបូជាព្រះច័ន្ទ ហៅថាពិធីបុណ្យសំពះ ព្រះខែ អកអំបុក ។ នៅក្នុងពិធីសំពះព្រះខែនេះ គឺមានសម្រក់ទៀន លើស្លឹកចេកស្រស់ ដើម្បីផ្សងមើល ទឹកភ្លៀងក្នុងឆ្នាំ បន្ទាប់ផងដែរ។
ពិធីបុណ្យសំពះព្រះខែ និង អកអំបុកមានអត្ថន័យ និងខ្លឹមសារថា៖ ទី១ ធ្វើសក្ការៈបូជាចំពោះទន្សាយ ព្រះពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៍ របស់ព្រះអង្គផ្ដិត ជាប់នឹង ព្រះខែ ដើម្បីបំភ្លឺ សត្វលោករៀងមក។ ទី២ ដើម្បីឧទ្ទិសថ្វាយ ព្រះពោធិសត្វ នូវផល្លានុផល ដែលជាចំណីរបស់ព្រះអង្គ ក្នុងវេលាយប់ ពេញបូរមី នៃខែកក្ដិកជា ពេលព្រះខែ លេចរូបរាងច្បាស់។ ទី៣ ដើម្បីអបអរសាទរ នូវទិន្នផលដែល បានមកពីការបង្កបង្កើនផល របស់ប្រជាពលរដ្ឋកម្ពុជា និង ទី៤ ការជ្រើសរើសយកថ្ងៃទី១៥កើត ដើម្បីប្រារព្ធពិធីបុណ្យសំពះព្រះខែ និងអកអំបុក នៅម៉ោង១២យប់ នោះ ពីព្រោះ យប់ថ្ងៃនេះ គឺព្រះច័ន្ទមានមណ្ឌលមូលពេញលេញ ភ្លឺជាងថ្ងៃណាៗទាំងអស់ និងលោកខែ នៅជិតភពផែនដី ដែលមនុស្ស សត្វរស់នៅ ដែលងាយស្រួល ក្នុងការនិយាយទាក់ទងគ្នា មើលឃើញគ្នា និងស្តាប់គ្នាបាន៕
[youtube id= “t9rWmdXsonY”]