ឯកឧត្តមកើត សុធា អភិបាលខេត្តប៉ៃលិន និងលោកជំទាវ ស៊ុំ ហៀង អញ្ជើញដង្ហែរអង្គកឋិនទានចូលវត្តសន្តិមារាម ហៅវត្តអូរច្រា


(13-11-2016) ប៉ៃលិន៖ ​ថ្ងៃទី​១៣ ​ខែវិច្ឆិកា​ ឆ្នាំ២០១៦ ​ឯក​ឧត្តម​កើត ​សុធា ​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​លោក​ជំទាវ ​គង់​ស្តី ​កើត​សុធា ​លោក​ជំទាវ ​ស៊ុំ ​ហៀង ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន ​ឯក​ឧត្តម ​អៀង​ វុធ​ អភិ​បាល​រង​ខេត្ត ​លោក​ជំទាវ ​ជា ​លាភ ​អភិបាល​រង​ខេត្ត ​លោក​ជំទាវ ​សោ ​មុន្នី​រត្ន​ អភិ​បាល​រង​ខេត្ត​ លោក ​     ឌឹន​ គឹម​ប្រធាន​មន្ទីរ​សាធា​រណៈ​ការ ​និង​ដឹក​ជញ្ជូន​ខេត្ត ​ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​បាន​អញ្ជើញ​ដង្ហែ​រអង្គ​កឋិន​ទាន​ទៅ​វេរ​ប្រគេន​ដល់​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​សន្តិ​មារាម ​ហៅ​វត្ត​អូរច្រា ​ស្ថិត​ក្នុង​ភូមិ​អូរច្រា ​  កណ្តាល​ ក្នុង​សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​កឋិន​ទាន​គឺ​ជា​បុណ្យ​មួយ​មាន​តែ​ក្នុង​ព្រះពុទ្ធ​សាសនា​តែ​ប៉ុណ្ណោះ ​, ជា​កាល​ទាន​ដ៏ពិសេស​ មាន​កំណត់​ពេល​វេលា​ច្បាស់​លាស់ ​ពុំ​មែន​ចេះ​តែ​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​តាម​ចិត្ត​នោះ​ឡើយ ​គឺ​អាច​ធ្វើ​បាន​តែ​ក្នុង​​រយៈពេល​តែ​១ខែ​គត់​ស្មើ​នឹង​ ២៩ថ្ងៃ ​ ចាប់​ពីថ្ងៃ ​១រោច​ខែអស្សុជ​ដល់​ថ្ងៃ ​១៥កើត​ខែ​កត្តិក​។​ វត្ថុ​ដែល​អាច​យក​មក​ធ្វើ​កឋិន​បាន​មាន​តែ​ស្បង់ ​ចីវរ ​និង​ក៏​សង្ឃា​ដី​តែ​ប៉ុណ្ណោះ ​ហើយ​ព្រះ​ភិក្ខុ​សង្ឃ​ ក៏​ក្រាល​គ្រង​បាន​តែ១​មុខ​ប៉ុណ្ណោះ​ដែរ​។​ ក្នុង​វត្ត​អារាម​នីមួយៗ ​បើ​ការ​ចាំ​វស្សា​គ្មាន​ភិក្ខុ​សង្ឃ​សោះ ​ក៏​មិន​អាច​ហែក​ឋិន​ចូល​ដែរ​ ព្រោះ​សាមណេរ​គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ ​លុះ​ត្រា​តែ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ភិក្ខុ ​១អង្គ​ដែរ ​ ហើយ​ដែល​បាន​ចាំ​ព្រះ​វស្សា​អស់​៣ខែ​បាន​ត្រឹម​ត្រូវ ​ទើប​អាច​ហែក​ឋិន​ចូល​បាន​។ ​បុណ្យ​កឋិន​ទាន​រមែង​ទទួល​បាន​អានិ​សង្ស​ ៥​យ៉ាង​គឺ​៖ ​ទី១​រមែង​ជា​អ្នក​មាន​បញ្ញា​ដ៏ច្រើន​។ ​ទី២ ​រមែង​បាន​ជា​អ្នក​មាន​រូបល្អ ​។​ទី៣​ រមែង​ជា​អ្នក​មាន​ពណ៌​សម្បុរ​កាយ​ស្អាត​ល្អ ​។​ទី៤ ​រមែង​ជា​អ្នក​មាន​រូបរាង​ទ្រង​ទ្រាយ​ស្អាត​ល្អ ​និង​ទី៥​ រមែង​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​ក្នុង​ជាតិ​ណា​មួយ​មិន​ខាន​ ។ ​

​ឯក​ឧត្តម ​អៀង​ វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា​ ស្រប​ពេល​ដែល​ប្រទេស​ជាតិ​របស់​យើង​កំពុង​មាន​សុខ ​សន្តិ​ភាព​ យើង​មាន​ឱកាស​ជួប​ជុំ​គ្នា​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ​ ធ្វើ​បុណ្យ​កឋិន​ទាន​មហា​សាមគ្គី​នៅ​ក្នុង​វត្ត​អូរច្រា​នេះ ​ដើម្បី​ទទួល​បាន​នូវ​មហា​កុសល​ដែល​កើត​ចេញ​ពី​សេចក្តី​ជ្រះថ្លា​របស់​ពុទ្ធ​បរិស័ទ​គ្រប់​ៗរូប​ សំរាប់​ជាតិ​នេះ ​និង​អនា​គត​ជាតិ​។ ​ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ​សាមគ្គី​គឺ​ជា​កំលាំង​ដ៏រឹងមាំ​តែង​តែ​ឈ្នះ​លើ​មារ ​សត្រូវ​ និង​បញ្ហា​លំបាក​ទាំង​ពួង​ ។​ ដូច្នេះ​សូម​អោយ​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គំនិត​សាមគ្គី​នេះ​អោយ​បាន​ជាប់​ជានិច្ច ​ដើម្បី​សេចក្តី​សុខ​សាន្ត ​និង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​យើង​អោយ​មាន​ការ​រីក​ចំរើន​ទៅ​មុខ​។ ​ឯក​ឧត្តម ​បាន​មាន​ប្រសាន៍​បន្ត​ទៀត​ថា ​សព្វ​ថ្ងៃ​នេះ​យើង​មាន​ការ​លំបាក​លើ​បញ្ហា​ទី​ផ្សារ​លក់​កសិ​ផល​របស់​ប្រជា​ពល​រដ្ឋ​យើង ​ហើយ​បញ្ហា​នេះ​ឯក​ឧត្តម ​កើត ​សុធា​ អភិបាល​នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន​  មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វះ​ស្វែង​ ទាក់​ទង ​រក​ទីផ្សារ​លក់​កសិ​ផល​របស់​ប្រជា​ពល​រដ្ឋ​យើង​ ធ្វើ​យ៉ាង​ណា​អោយ​ឈ្មួញ​ទទួល​ទិញ​កសិផល​របស់​ប្រជា​កសិករ​យើង​បាន​តម្លៃ​ខ្ពស់​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ប្រជា​កសិករ​យើង​ក៏​ត្រូវ​មាន​ការ​គិត​គូ​អោយ​បាន​ល្អិត​ល្អន់​ មុន​នឹង​ចាប់​ផ្តើម​ដាំដុះ​ដំណាំ​គ្រប់​ប្រភេទ​ ត្រូវ​គិត​ពី​បញ្ហា​អាកាស​ធាតុ ​បញ្ហា​ទីផ្សារ​ជា​ដើម ​មិន​ត្រូវ​ធ្វើ​អ្វីៗ​តាម​តែ​គ្នា ​នោះ​ទេ​ ហើយ​ពិសេស​ត្រូវ​ងាក​មក​គិត​លើ​ការ​ចិញ្ចឹម​សត្វ​ផង​ដែរ​ ព្រោះ​ការ​ចិញ្ចឹម​សត្វ​ដូច​ជា ​គោ ​ជ្រូក​ជា​ដើម​នេះ ​ក៏​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​គួ​សម​ មិន​ចាញ់​ការ​ធ្វើ​ចំការ​នោះ​ទេ​។​

​ក្នុង​ឱកាស​នៃ​ការ​ដង្ហែរ​អង្គ​កឋិន​ទាន​ទៅ​កាន់​វត្ត​សន្តិ​មារាម ​ហៅ​វត្ត​អូរច្រា​នេះ ​ឯក​ឧត្តម ​កើត​ សុធា​ និង​លោក​ជំទាវ ​គង់​ស្តី​កើត​សុធា ​លោក​ជំទាវ​ស៊ុំ ​ហៀង ​និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ទាំង​អស់​ក៏​បាន​ប្រមូល​ថវិកា​សរុប​ប្រាក់​រៀល​ចំនួន​២៤លាន​រៀល ​ប្រាក់​ដុល្លា​ចំនួន​១១៦០០$ ​និង​ប្រាក់​បាត​៤០០០​បាត​ផង​ដែរ​ សំរាប់​តម្កល់​កសាង​សមិទ្ធ​ផល​នានា​នៅ​ក្នុង​វត្ត​៕​

cpp-13-11-2016-001 cpp-13-11-2016-002 cpp-13-11-2016-003 cpp-13-11-2016-004 cpp-13-11-2016-005 cpp-13-11-2016-006 cpp-13-11-2016-007 cpp-13-11-2016-008vv

[youtube id= “JTJSqhSgZcw”]