(04-11-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិនស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៦/២០១៧ ក្រោមអធិបតីភា ពឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និងមានការអញ្ជើញពីសំណាក់ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះកផងដែរ។
លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តប៉ៃលិនបានធ្វើរបាយការណ៏ថាៈក្នុងឆ្នាំសិក្សា២០១៥/ ២០១៦ កន្លងទៅ សាលារៀនទូទាំងខេត្តមានចំនួន៨៥សាលា ថ្នាក់រៀនចំនួន៤៨២ថ្នាក់ សិស្សសរុបចំនួន១៥១១១នាក់ ស្រីចំនួន៧៣២០នាក់។សាលាមតេ្តយ្យ២៦សាលាសិស្ស៩២៣នាក់ បឋមសិក្សា ចំនួន៥០សាលា សិស្សចំនួន១០៣៥៣នាក់ អនុវិទ្យាល័យ៦សាលា នឹង សាលាវិទ្យាល័យ ចំនួន២ សិស្សានុសិស្សចំនួន១១៦២នាក់មានលោកគ្រូអ្នកគ្រូនិង បុគ្គលិកសិក្សាចំនួន៧៨០នាក់។លទ្ធផលប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិស្មើ៧៣,១១% កើន១៣,៦៣%។ ដោយឡែកសំរាប់ឆ្នាំសិក្សាថ្មី២០១៦/ ២០១៧នេះយើងមានសិស្សថ្មីទើបគ្រប់អាយុ៦ឆ្នាំបានចុះឈ្មោះចូលរៀនប្រមាណជា១៦៥៦នាក់ ដែលចូលរៀនថ្នាក់ទី១។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តបានអានសារលិខិតរបស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងឱកាសបើកបវេសន កាល ឆ្នាំសិក្សា២០១៦/២០១៧ដែលមានខ្លឹមសារថាៈ ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៦នេះគឺជាការ បើកទំព័រឆ្នាំ សិក្សាថ្មីសំរាប់សិក្សានុសិស្ស និសិត្ស ដែលជាកុលបុត្រកុលធិតាជាទីស្រឡាញ់របស់យើងគ្រប់ៗគ្នាបានបន្តការសិក្សាទៅថ្នាក់ខ្ពស់បន្តទៀត និង ជាថ្ងៃផ្តើមជីវិតសិក្សាដំបូង របស់កុមារដែលទើបនិងដល់អាយុត្រូវចូលរៀន។យើងទាំងអស់គ្នាបានដឹងហើយថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការងារមួយ តម្រូវអោយ មានការលើកកំពស់និង អភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធាន មនុស្ស ប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍន៍សង្គម ជាតិអោយមានការ រីក ចំរើន ភាពសុខដុម និងចិរភាពទៀតផង។ ដូច្នេះ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ សូមក្មួយៗសិក្សានុសិស្ស និងយុវជន យុវនារីទាំងអស់ បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឳពុកម្តាយនិងស្រឡាញ់អនាគត់ដ៏រុងរឿង គឺនៅអោយឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះណែនាំមិត្តភ័ក្រអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។ទន្ទឹមនេះក្មួយៗប្រតិបត្តិច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួនដោយត្រូវចេះយោគយល់និងអធ្យាស្រ័យគ្នាដើម្បីធានានូវសុវត្តិភាពផ្ទាល់ខ្លួនឯងនិងអ្នកដ៏ទៃ ក៏ដូចជារក្សានូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូលផងដែរ។ ជាមួយគ្នានេះស្នើសុំអោយ មាតា បិតាឬ អាណាព្យាបាលសិស្ស សហគម និង អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរួមចំណែកអោយបានខ្លាំងក្លាដើម្បីធានា និង រក្សាអោយបាន នូវ ការ អនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្តិភាព ហើយចូលរួមយ៉ាងសកម្មក្នុង ការអប់រំ កូន ចៅ ទាំងផែ្នកសុខភាពចំណេះដឹង និង សីលធម៌ ដើម្បីបន្តលើកកំពស់កិតិ្តយស់ សង្គមជាតិ អោយស័ក្កសមជាប្រជាជនអោយមានឈាមជ័រតភ្ជាប់គ្នាពីសម័យអង្គរដ៏រុងរឿង។
ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើអោយប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំក៏បានយកចិត្តទុកដាក់ជាអទិភាពផងដែរ។ជាក់ស្តែងនៅខេត្តប៉ៃលិនកាលពីមុនមានតែសាលា១ខ្នងនិងមានសិស្សតែ៥០០នាក់ប៉ុណ្ណោះ តែមកដល់ឆ្នាំសិក្សាថ្មី២០១៦/២០១៧នេះមានសលារៀនគ្រប់កំរិតតាំងពីទីក្រុងរហូតដល់ជនបទនិងមានសិស្សចូលរៀនកើនឡើងជាង១៧០០០នាក់ ហើយកាលពីថ្ងៃទី១៩តុលាឆ្នាំ២០១៦កន្លងទៅថ្មីៗនេះក្នុងឱកាសអញ្ជើញចុះសាកសុខទុក្ខមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្សនិងប្រជាពលរដ្ឋខេត្តប៉ៃលិនសម្តេចតេជោ ហ៊ុនសែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់អាគារសរុបចំនួន២១ខ្នងស្មើ១៩៥បន្ទប់បន្ថែមទៀត។ នេះបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យអប់រំនៅខេត្តប៉ៃលិន ឲ្យកាន់តែរីកចំរើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយបានកសាងធនធានមនុស្សមួយប្រកបដោយចំណេះដឹងនិងចំណេះធ្វើសំរាប់កសាងនិងអភិវឌ្ឍន៍សង្គមជាតិយើងឲ្យរីកចំរើន។ ឯកឧត្តម អ៊ីឈាន ក៏បានផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងឆ្នាំសិក្សាថ្មីនេះ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ធ្វើខ្លួនឲ្យបានល្អ ចេះគោរពស្រឡាញ់មាតាបិតា លោកគ្រូ អ្នកគ្រូ ព្រឹទ្ធាចារ្យ និងមិត្តភក្រ ហើយជាពិសេសនៅឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនជាសត្រូវរបស់យើង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា។ទន្ទឹមនេះមាតាបិតានិងអាណាព្យាបាលសិស្សត្រូវជំរុញកូនចៅឲ្យបានចូលរៀនគ្រប់ៗគ្នា ទោះមានការលំបាកយ៉ាងណាក៏ដោយ ព្រោះការសិក្សាអប់រំវាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ចំណេះដឹងដល់កូនចៅជំនាន់ក្រោយឲ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីការពារ និងកសាងមាតុភូមិយើងឲ្យបានរុងរឿង។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានចែកសៀវភៅដល់សិស្សានុសិស្ស២០០០នាក់ម្នាក់ៗសៀវភៅ២ក្បាលប៊ិច២ដើម និងថវិកា៥០០០រៀល លោក គ្រូ អ្នកគ្រូ ចំនួន ១៣០នាក់ ម្នាក់ៗ២០០០០រៀលផងដែរ។
[youtube id= “OcGEhAia4s0”]