ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋខេត្តប៉ៃលិន ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម


(12-06-2015) ប៉ៃលិន៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០១៥ ​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តប៉ៃលិន ​មាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ​សម្តេច​អគ្គមហាធម្មពោធិសាល​ ជា ស៊ីម​និង​ប្រារព្ធ​ពិធី ​រាប់​បាត​ព្រះសង្ឃ​ចំនួន​ ៨៣អង្គ​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​ សម្តេច​អគ្គមហាធម្មពោធិសាល ​ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អតីតៈ​ប្រធាន​ព្រឹទ្ធិសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម ​ប៉ាន សូរស័ក្តិ​ ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ខេត្ត​ប៉ៃលិន​ ឯកឧត្តម​ កើត សុធា​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត ​ឯកឧត្តម​ ឡី ចាន់ឆាយ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ មន្ត្រី​រាជការ​ សមាជិក​ សមាជិកា ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​ចំនួន​១៤០០​នាក់​ចូល​រួម​ផងដែរ។

​ឯកឧត្តម​ កើត​ សុធា ​បាន​អាន​សារ​លិខត​ចូល​រួម​រំលែក​ទុក្ខ​ដែល​មាន​ខ្លឹម​សារ​ថាៈ​ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត  ​គណៈអភិបាល​ខេត្ត​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​មន្រ្ដី​រាជការ ​នៃ​រដ្ឋបាល​ខេត្ត​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​  ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់​មាន​សេចក្ដី​តក់ស្លុត​រន្ធត់​ចិត្ត​យ៉ាង​ក្រៃ​លេង​  រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​ ចំពោះ​ការ​ទទួល​មរណៈភាព​រប់ស់​សម្ដេច​អគ្គមហាធម្មពោធិសាល​ ជា ស៊ឹម ​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​នា​ថ្ងៃ​ច័ន្ទ ​៧រោជ​ ខែ​ជេដ្ឋ​ឆ្នាំ​មមែ ​សប្ដស័ក ​ពុទ្ធសករាជ​ ២៥៥៩​ ត្រូវ​និង​ថ្ងៃ​ទី០៨ ​   ខែ​មិថុនា​ឆ្នាំ​២០១៥ ​វេលា​ម៉ោង​ ១៥,៤៥​នាទី​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​ដោយ​រោគាពាធ ។

​ក្នុង​ក្ដី​អាឡោះ​អាល័យ​ដ៏​សែន​សោក​សង្រេង​ ខ្សឹម​ខ្សួល​រំជួល​ចិត្ត​ឥត​ឧបមាន​នេះ  ​យើង​ខ្ញុំ​ទាំង​អស់​គ្នា ​សុំ​គោរព​ចូល​រួម​រំលែក​ទុក្ខ​ប្រកប​ដោយ​ក្ដី​ក្ដុកក្ដួល​សោកស្តាយ​ស្រណោះ​អាឡោះ​អាល័យ​ជាទី​បំផុត​ ចំពោះ​ការ​បាត់​បង់​ សម្តេច​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា  ​ព្រម​ទាំង​ជា​មេ​គ្រួសារ​ បិតា ​ជីតា​ ជីតាទួត ​ជា​ទី​គោរព​ស្រលាញ់​ប្រកប ​ដោយ​ព្រហ្មវិហាធម៌ ​និង​ទឹក​ចិត្ត​សណ្ដោស​ប្រណី​ដ៏​ថ្លៃថ្លា​គ្មាន​អ្វី​កាត់​ថ្លៃ​បាន ។

​សម្ដេច​អគ្គមហាធម្មពោធិសាល​ ជា ស៊ឹម​ គឺ​ជា​វីរ​យុទ្ធជន​ដ៏​អង់អាច​ក្លាហាន​មួយ​រូប ​ដែល​ស្ទើ​តែ​មួយ​ជីវិត​បាន​ប្រយុទ្ឋ​តស៊ូ​មិន​ស្តាយ​ជីវិត ​លះបង់​កម្លាំង​កាយ​ចិត្ត​ ប្រាជ្ញា​ស្មារតី​ ដើម្បី​តែ​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ​ រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៏​បញ្ចប់​សង្រ្គាម​ដ៏​រ៉ាំ​រ៉ៃ ​បង្កើត​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​បរិបូណ៏​ ហើយ​បន្ត​ដឹក​នាំ​យ៉ាង​សកម្ម​ខ្លាំងក្លា​ក្នុង​កិច្ច​ដំណើរ​ការ​ស្ដារ​ កសាង​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ដូច​បច្ចប្បន្ន​នេះ ។

​សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ ក៏​ជា​វីរជន​ស្នេហា​ជាតិ​ដ៏​ឆ្នើម ​ប្រកប​ដោយ​គុណធម៌ ​ សម្ដេច​បាន​បំពេញ​បេសកម្ម​ដ៏​ថ្លៃថ្លា​បម្រើ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ ដឹក​នាំ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​របស់​ជាតិ​ ទទួល​បាន​ជោគជ័យ​យ៉ាង​ក្រៃ​លែង​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ ក្នុង​ដំណើ​រការ​ពង្រឹង​នីតិរដ្ឋ ​លិទ្ធិ​ប្រជាធិបតេយ្យ ​សេរី​ពហុបក្ស​ ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​កែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ និង​ការ​អភិវឌ្ឍន៍​កសាង​ជាតិ​មាតុភូមិ​យ៉ាង​ពិត​ប្រកដ ។ ​ក្នុង​ឋានៈ​ជា​ប្រធាន​ សម្តេច​បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​ប្រសូត្រ​ចេញ​ពី​ប្រជាជន​  ដើម្បី​ប្រជាជន​ និង​បំរើ​ប្រជាជន ​ទទួល​បាន​នូវ​ការ​ស្រឡាញ់​បោះឆ្នោត​គាំទ្រ​ពី​មហាជន​ ពី​ប្រជាជន​កម្ពុជា​យ៉ាង​ច្រើន​លើស​លុប​គ្រប់​អាណត្តិ ​គ្រប់​និតិកាល​ទាំង​អស់ ។

​មរណៈភាព​របស់​សម្ដេច​ប្រធាន​ព្រឹទ្ធសភា ​គឺ​ជា​ការ​បាត់​បង់​ឥស្សរជន​ដ៏​ឆ្នើម​របស់​ជាតិ​នៃ​ប្រជាជន​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​មូល ។ ​យើង​ខ្ញុំ​ទាំង​អស់​គ្នា ​សូម​ចង់​ចាំ​ទុក​ក្នុង​ក្រអៅ​បេះដូង​ជាប់​ជានិច្ច​នូវ​គុណូ​បការៈ​ដ៏​ថ្លៃថ្លា​មហា​ពលិកម្ម​ដ៏​ធំ​ធេង ​និង​ទឹក​ចិត្ត​ស្នេហា​ជាតិ​ដ៏​ស្មោះ​ស្ម័គ្រ​របស់​សម្ដេច​ប្រធាន​ព្រឹទ្ធសភា ​ជា​និច្ច​និរន្ត​លុះ​អវសាន្ត ។

​ក្នុង​ឱកាស​ដ៏​សែន​ក្រៀមក្រំ​នេះ​ តាង​នាម​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈ​អភិបាល​ខេត្ត ​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ មន្រ្ដី​រាជការ​នៃ​រដ្ឋបាល​ខេត្ត​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​  សូម​លំឱន​កាយ​ ឧទ្ទិស​នូវ​កុសល​ផលបុណ្យ​ អានិសង្ឃ​ទាំង​ឡាយ ​ព្រម​ទាំង​វត្ថុ​សាកសិទ្ធិ​ក្នុង​លោក  ​គុណ​ព្រះពុទ្ធ ​ព្រះធម៌ ​ព្រះសង្ឃ​សូម​ទ្រទ្រង់​វិញ្ញាណក្ខន្ធ​របស់​ សម្ដេច​អគ្គមហាធម្មពោធិសាល​ ជា ស៊ឹម​ បាន​ចាប់​បដិ​សន្ធិ​ ក្នុង​សុគតិ​ភព​កុំ​បី​ឃ្លាងឃ្លាត​ឡើយ ។ ​តមក​គណៈធិបតី​និង​អ្នក​ចូល​រួម​ទាំង​អស់​បាន​អញ្ជើញ​រាប់​បាត​ព្រះសង្ឃ​ចំនួន​៨៣អង្គ ​ដើម្បី​កុសល​ផល​បុណ្យ​ជូន​ដល់​សម្តេច​ជាស៊ីម ​បាន​ចាប់​បដិ​សន្ធិ​ ក្នុង​សុគតិ​ភព​កុំ​បី​ឃ្លាងឃ្លាត​ឡើយ។

12-06-2015-001a 12-06-2015-001b 12-06-2015-001c 12-06-2015-002 12-06-2015-003 12-06-2015-004 12-06-2015-005 12-06-2015-006 12-06-2015-007 12-06-2015-008

[youtube id= “DnhpgRa_Aes”]