(03-11-2016) ប៉ៃលិន៖ ក្នុងកិច្ចប្រជុំសាម័ញ្ញលើកទី៣០ អាណត្តទី២របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលធ្វើឡើងកាលពីថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងដោយមាន ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ សមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត លោកមេឃុំ ចៅសង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលបានចូលរួមផងនោះ, ក្រុមប្រឹក្សាខេត្តបានស្នើអោយគណអភិបាលបន្តជជែកគ្នាអោយបានជាក់លាក់ជាមួយផ្នែកធនាគា និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងខេត្តប៉ៃលិន កុំអោយមានការរឹបអូស ដី ឬផ្ទះសំបែងរបស់ប្រជាពលរដ្ឋកូនបំណុល តែទុកឱកាសអោយពួកគាត់បន្តទៀត ដើម្បីរកប្រាក់មកសងធនាគារ និងមីក្រូហិរញ្ញវត្ថុវិញ។ ក្រុមប្រឹក្សាខេត្តបានលើកឡើងថា ដោយសារកត្តាអាការធាតុ គួបផ្សំនឹងកត្តាតម្លៃកសិផលនៅលើទីផ្សារ និងកត្តាផ្សេងៗមួយចំនួនទៀត ធ្វើអោយប្រជាពលរដ្ឋយើងបានខាតបង់ជាច្រើនលើមុខរបរធ្វើស្រែ ចំការ និងមិនមានលទ្ធភាពបង្វឹលថវិកាមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញបាន។ ក្រុមប្រឹក្សាបានលើកឡើងបន្តថា កន្លងមកអាជ្ញាធរខេត្តក៏មានការផ្សព្វផ្សាយ, ហើយទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ និង ធនាគារផ្ទាល់នោះ, ក៏បានដឹងហើយពីការចុះហត្ថលេខាយោគយល់គ្នាមួយ រវាងធនាគារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយផ្នែកធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលមិនតម្រូវអោយមានការរឹបអូសយកដី ផ្ទះសំបែងរបស់ប្រជាពលរដ្ឋកូនបំណុល តែត្រូវទុកពេលអោយប្រជាពលរដ្ឋកូនបំណុលរកថវិកាមកសងវិញ។ ប៉ុន្តែកន្លងមក ផ្នែកធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន ហាក់មិនគោរពតាមការខ្លឹមសារនៃឯកសារយោគយល់គ្នាដែលបានចុះហត្ថលេខានោះឡើយ។ ជាក់ស្តែងកន្លងមកនេះ នៅក្នុងភូមិអូតាប្រាង សង្កាត់អូតាវ៉ៅ ក៏មានករណីបង្ខិតបង្ខំអោយប្រជាពលរដ្ឋកូនបំណុលលក់ផ្ទះ លក់ដីយកលុយមកសងធនាគារមីក្រូហិរញ្ញវត្ថុជាម្ចាស់បំណុលវិញផងដែរ។
ក្នុងកិច្ចប្រជុំសាម័ញ្ញលើកទី៣០នេះដែរ ក្រុមប្រឹក្សាខេត្តក៏បានស្នើអោយគណអភិបាលពិនិត្យមើលមន្រ្តីនគរបាល ដែលគេនិយាយថា បានយកលុយច្រើនហួសប្រមាណ ពីការធ្វើអត្រានុកូលដ្ឋាននិង សៀវភៅគ្រួសារ ហើយក៏មានមន្រ្តីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដី ដែលបានយកលុយច្រើនលើសពីតម្លៃសេវាកម្មបានកំណត់ ក្នុងការធ្វើប្លង់កម្មសិទ្ធកាន់កាប់ដីធ្លី ។ ក្រុមប្រឹក្សាខេត្តក៏បានស្នើផងដែរសូមអោយមន្ទីរធនធានទឹកយកចិត្តទុកដាក់អោយបានខ្លាំងក្លាក្នុងការកសាងទំនប់ស្ទាក់ទឹក សំរាប់ស្តុកទឹកទុកប្រើប្រាស់នៅរដូវរាំងស្ងួត ចំណែកមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មត្រូវប្រឹងប្រែងអោយបានខ្លាំងថែមទៀតក្នុងការទំនាក់ទំនងទីផ្សារលក់កសិផលរបស់ប្រជាពលរដ្ឋអោយបានតម្លៃខ្ពស់។
ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន តំណាងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា នឹងយកសំណើររបស់ក្រុមប្រឹក្សាទៅអនុវត្តអោយបានល្អប្រសើរ ហើយក៏បានណែនាំអោយមន្ទីរ អង្គភាពដែលជាប់ពាក់ព័ន្ធនឹងសំណើរ ការលើកឡើងរបស់ក្រុមប្រឹក្សាខេត្តនាពេលនេះ ត្រូវធ្វើការបំភ្លឺជាលាយលាក់អក្សរ ហើយបញ្ជូនមកសាលាខេត្តអោយបានយ៉ាងយូថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕
[youtube id= “BbIsCKT2VZA”]