(30-10-2016) ប៉ៃលិន៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បាននាំយក ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងម៉ាស៊ីនព្រីនធឺ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសដែលសម្តេច អញ្ជើញចុះសាកសួរសុខទុក្ខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ដើម្បីចែកជូនដល់សាលាចំនួន ០៣ គឺ ១-សាលាអនុវិទ្យាល័យ សន្តិភាព ស្ថិតនៅភូមិអូរបេង ឃុំស្ទឹងកាច់ ២-សាលាបឋមសិក្សាសាលាក្រៅ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ៣-សាលាអនុវិទ្យាល័យភ្នំកុយ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ដោយចង់ដឹងពីសុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផ្ទាល់ សម្តេចតេជោ សែន បានអញ្ជើញបំពេញបេសកកម្មយ៉ាងនឿយហត់មកតាមបណ្តាខេត្តទូទាំងប្រទេស ដើម្បីពិនិត្យមើលស្ថានភាពជីវភាពរស់នៅ និងពិនិត្យមើលនូវសមិទ្ធិផលជាតិដែលសម្រេចបាន ព្រមទាំងឧបត្ថម្ភបន្ថែមទៀតទៅតាមតម្រូវការចាំបាច់ ដែលជាអំណោយផ្ទាល់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ជាក់ស្តែងនៅក្នុងបំពេញបេសកកម្មអញ្ជើញមកខេត្តប៉ៃលិន សម្តេចតេជោ ហ៊ុនសែន បានផ្តល់អគារសិក្សា សរុប ៥៦ខ្នង ស្មើនឹង ៥០៦បន្ទប់ ព្រមទាំងសម្ភារៈសិក្សាមួយចំនួន ដូចជា ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនហ្វូតូកូពី និងម៉ាស៊ីនព្រីនធឺ ដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស ហើយសមិទ្ធិផលទាំងអស់នេះនឹងក្លាយជាថ្នាលបណ្តុះបណ្តាលនូវគុណភាពអប់រំរបស់កម្ពុជាឲ្យកាន់តែខ្លាំងក្លា ជាពិសេសគឺយុវជនដែលជាទំពាំងស្នងឫស្សីរបស់សង្គមជាតិសម្រាប់ជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ឯកឧត្តម កើត សុធា ក៍បានសំណូមពរដល់ នាយកសាលា លោកគ្រូ អ្នកគ្រូ ត្រួវយកសម្ភារៈទាំងអស់នេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងប្រើប្រាស់បានយូរអង្វែង ដើម្បីជាប្រយោជន៍សម្រាប់បង្កើនប្រសិទ្ធភាពដល់ការអប់រំ បណ្តុះបណ្តាលសិស្សានុសិស្ស ដែលជាការឆ្លើយតបទៅនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអណាព្យាបាល មានសេចក្តីត្រេកអរ សប្បាយរីករាយ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អគារសិក្សាថ្មីៗ សម្ភារៈសិក្សាទំនើបៗ ដល់សាលា ដើម្បីសិស្សានុសិស្សបានសិក្សារៀនសូត្រកាន់តែងាយស្រួល និងកាន់តែល្អប្រសើឡើង។
បើតាមរបាយការណ៍របស់លោក តង់ ធារ៉ា បានឱ្យដឹងថា៖ សាលាដែលទទួលបានសម្ភារៈសិក្សាពីសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាពេលនេះ គឺទី១-សាលាអនុវិទ្យាល័យ សន្តិភាព ទទួលបាន ម៉ាស៊ីនកុំព្យូទ័រ ០២គ្រឿង ម៉ាស៊ីនហ្វូតូកូពី ០១គ្រឿង និងម៉ាស៊ីនព្រីនធឺ ០១គ្រឿង ទី២-សាលាបឋមសិក្សាសាលាក្រៅ ទទួលបាន ម៉ាស៊ីនកុំព្យូទ័រ ០២គ្រឿង ម៉ាស៊ីនហ្វូតូកូពី ០១គ្រឿង និងម៉ាស៊ីនព្រីនធឺ ០១គ្រឿង និងទី៣-សាលាអនុវិទ្យាល័យភ្នំកុយ មានម៉ាស៊ីនកុំព្យូទ័រ ១០គ្រឿង ម៉ាស៊ីនហ្វូតូកូពី ០១គ្រឿង និងម៉ាស៊ីនព្រីនធឺ ០២គ្រឿង ។
[youtube id= “U-rXiSIUoNA”]