(29-10-2016) ប៉ៃលិន៖ កាលពីវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងកងកម្លាំងមានសមត្ថកិច្ចនគរបាលខេត្តផង បានចុះត្រួតពិនិត្យស្តង់លក់អង្ករមួយកន្លែង ស្ថិតនៅខាងជើងផ្សារសាមគ្គី ហៅផ្សាប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បន្ទាប់ពីមានប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ទិត្យ អុល ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធ ឈ្មោះ ចាន់ ចំរើន អាយុ ៥០ឆ្នាំ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ផ្អើលឆោរឡោដោយសង្ស័យថា អង្ករដែលខ្លួនបានទិញពីស្តង់មួយកន្លែងនៅខាងជើងផ្សារប៉ាហ៊ី យកទៅដាំបាយហូប ជាអង្ករជ័រប្លាស្ទិក។ ពួកគាត់បានបញ្ជាក់ថា នៅពេលដែលគាត់បានយកអង្ករនេះទៅលីង ធ្វើជាអង្ករលីងសំរាប់ដាក់ជាមួយផ្អកត្រីប្រៃនោះ ស្រាប់តែឆេះខ្លោចឡើងព៌ណខ្មៅកកជាដុំៗ ពេលពិនិត្យទៅឃើញសង្ស័យថា ជាអង្ករមានជ័រប្លាស្ទិកហើយក៏ផ្អើលតែម្តង។ ក្រោយពេលបានទទួលដំណឹងពីប្រជាពលរដ្ឋ និងពីក្រុមការងារចុះជួយមូលដ្ឋាន ឯកឧត្តមកើតសុធាអភិបាលនៃគណអភិបាលខេត្តប៉ៃលិន ក៏បានណែនាំអោយសមត្ថកិច្ចជំនាញចម្រុះចុះពិនិត្យស្រាវជ្រាវភ្លាមៗ ដើម្បីស្វែងរកការពិត និងចាត់វិធានការទប់ស្កាត់បានទាន់ពេលវេលា។
ក្រោយការត្រួតពិនិត្យ និងធ្វើពិសោធន៍តាមបច្ចេកទេសយ៉ាងល្អិតល្អន់របស់សមត្ថកិច្ចជំនាញចំរុះរួចមកមន្រ្តីកាំកុងត្រូលសាខាខេត្តប៉ៃលិន បានឱ្យដឹងថា មូលហេតុ ដែលប្រជាពលរដ្ឋមួយគ្រួសារខាងលើ លីងអង្កររហូតដល់ខ្លោចខ្លាំងជ្រុលពេក ទើបបានកើតក្លាយទៅជាដុំៗ ហើយស្មានថាជាដុំជ័រកៅស៊ូតែម្តងទៅ ។ មន្រ្តីជំនាញបានបញ្ជាក់ថា យើងរកពុំឃើញមានលក្ខណៈត្រង់ណាដែលបង្ហាញថា អង្ករនោះមានជាតិជ័រកៅស៊ូប្លាស្ទិកនោះទេ ។ អង្ករ ជាច្រើនប្រភេទដែលបានយកមកសាកល្បងលីងសារជាថ្មី រហូតដល់ខ្លោចជ្រុល គឺមានសភាពដូចគ្នាទាំងអស់ ពុំមានលក្ខណៈឆេះរលាយជាជ័រស្អិត ឫមានក្លិនឈ្ងៀមរបៀបជាជ័រឆេះភ្លើងនោះទេ ។ មិនតែប៉ុណ្ណោះអង្ករដែលបានសង្ស័យថាជាអង្ករប្លាស្ទិកក៏បានសាកល្បងដាក់ត្រាំជាមួយប្រេងកាតផងដែរ ព្រោះថា ជាតិជ័រកៅស៊ូ បើត្រាំជាមួយប្រេងកាតវានឹងរីកធំខុសពីធម្មតា ។ ប៉ុន្តែក្រោយការដាក់ត្រាំជាមួយប្រេងកាតហើយ ក៏នៅតែពុំមានអ្វីប្រែប្រួលដែរ ។ ដូច្នេះការពិតជាក់ស្តែងត្រូវបានរកឃើញថា អង្ករដែលប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ទិត្យ អុល ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធ ឈ្មោះ ចាន់ ចំរើន អាយុ ៥០ឆ្នាំ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន សង្ស័យថាជាអង្ករជ័រប្លាស្ទិកនោះ គឺជាអង្ករធម្មតាសុទ្ឋសាធ ពុំមែនជាអង្ករមានលាយជាតិជ័រប្លាស្ទិកដូចព័ត៌មានចចាមអារ៉ាមនោះឡើយ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ កុំមានការភ្ញាក់ផ្អើល និងសូមកុំជឿតាម ការនិយាយចចាមអារ៉ាម តៗ គ្នាពីមាត់មួយទៅមាត់មួយ ថាមានអង្ករជ័រប្លាស្ទិកនោះគឺពុំមែនជាការពិតនោះឡើយ ។
[youtube id= “Zn1TFBacsbY”]