(27-10-2016) ប៉ៃលិន៖ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាលខេត្តប៉ៃលិន បានបើកប្រជុំផ្សព្វផ្សាយខ្លឹមសារសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃ ដល់មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងអង្គការសង្គមស៊ីវិល នៃមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកប្រធានអនុប្រធានមន្ទីរ សមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត កងយោធពលខេមរភូមិន្ទ និងមន្រ្តីអង្គការសង្គមស៊ីវិលផងដែរ។
ឯកឧត្តម អៀង វុធ និងឯកឧត្តម សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិនបានអាននូវសារសារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃ ដោយបានប្រគល់ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីចាត់វិធានការអោយបានម៉ឺងម៉ាត់ ហ្មត់ចត់នូវការងារដូចជា៖ គ្រប់គ្រងសិប្បកម្មកែឆ្នៃ និងអាជីវកម្មធនធានព្រៃឈើដែលមានច្បាប់អនុញ្ញាត ព្រមទាំងទប់ស្កាត់ លុបបំបាត់សិប្បកម្មកែឆ្នៃ និងអាជីវកម្មធនធានព្រៃឈើ និងជលផលដែលគ្មានច្បាប់អនុញ្ញាតិ។ ត្រួតពិនិត្យ និងចាត់វិធានការលប់បំបាត់ការដឹកជញ្ជូន និងការស្តុកឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតិត្រឹមត្រូវ តាមច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចាត់វិធានការទប់ស្កាត់ និងលប់បំបាត់ការនាំចេញឈើ និងផលិតផលកែឆ្នៃពីឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃដែលគ្មានការអនុញ្ញាតិត្រឹមត្រូវតាមច្បាប់ទៅក្រៅប្រទេសតាមច្រកព្រំដែន និងតាមច្រករបៀង។ ដឹកនាំសម្របសម្រួលអធិការ ខ័ណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ, អធិការ ខ័ណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល, មន្ទីរបរិស្ថាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានា ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់និងបង្រ្កាបនូវសកម្មភាពបទល្មើសនីមួយៗក្នុងតំបន់ការពារនិងអភិរក្សធម្មជាតិក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងគោលបំណងដើម្បីគ្រប់គ្រងអាជីវកម្មល្បែង ពាណិជ្ជកម្មតាមបទដ្ឋានបច្ចេកទេស និងស្របតាមលិខិតបទដ្ឋានគតិយុត្តប្រកបដោយប្រសិទ្ធភាព ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវវិធានការអោយគណបញ្ជាការឯកភាពខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការលុបបំបាត់ បង្រ្កាប ទប់ស្កាត់ ការធ្វើអាជីវកម្មល្បែងភ្នាល់- ស៊ីសងខុសច្បាប់គ្រប់ប្រភេទរួមមាន ល្បែងបាញ់ត្រី ល្បែងអ៊ីនធឺណិត២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភ្នាល់ទឹកភ្លៀង និងល្បែងស៊ីសងជ្រកក្រោមល្បែងក្មេងលេង និងអាជីវកម្មទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទានខុសច្បាប់អោយអស់ពីមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។រាល់ការធ្វើអាជីវកម្មល្បែងពាណិជ្ជកម្មគ្រប់ប្រភេទត្រូវបានអនុញ្ញាតអោយដំណើរការតែក្នុងកាស៊ីណូ ដែលមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រមទាំងបង់ការតព្វកិច្ចចំណុលជូនរដ្ឋជាធរមាន។ ហាមដាច់ខាតការចេញនូវលិខិតអនុញ្ញាតិអោយបើកល្បែងភ្នាល់ ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះនៅទីណាក៏ដោយ។ បុគ្គលដែលឃុបឃិតអោយប្រព្រឹត្តល្បែងភ្នាល់ ស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបាន និងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មជាតិ ពិសេសលើវិស័យព្រៃឈើ និងជលផល តាមរយៈការជំរុញអោយមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធ ក៏ដូចជាការបែងចែកឡើងវិញនូវសមត្ថកិច្ចអោយបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ព្រមទាំងរវាងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ធានានូវការលើកកំពស់ប្រសិទ្ធភាព និងនិរន្តរភាពនៃការគ្រប់គ្រងធនធានធម្មជាតិ។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ការងារគ្រប់គ្រង អភិរក្សធនធានធម្មជាតិ ការការពារព្រៃឈើធម្មជាតិ គឺរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ដែលជាសេនាធិការអោយរដ្ឋបាលខេត្តប៉ៃលិន បានអនុវត្តមកជាយូណាស់ហើយ ដោយទទួលបានលទ្ធផលល្អប្រសើជាបន្តបន្ទាប់ ។ ឯកឧត្តមបានបន្តទៀតថា ស្របពេលដែលរាជរដ្ឋាភិបាលធ្វើការកំណែទម្រង់ ស៊ីជម្រៅលើការគ្រប់គ្រងធនធានធម្មធាតិនេះ គឺពិតបានដាស់តឿន ពញ្ញាក់ស្មារតីមន្រ្តី របស់យើងអោយកាន់តែខិតខំប្រឹកប្រែងបន្ថែមទៀត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការធានាការពារ អភិរក្សធនធានធម្មជាតិរបស់យើងអោយនៅគង់វង្ស។ ឯកឧត្តម បានបន្តថា វិធានការដំបូងដែលយើងត្រូវយកមកអនុវត្តនាពេលនេះ គឺយើងត្រូវក្តាប់អោយបានពីទិន្នន័យដីព្រៃ, ដីភ្នំ, និងដីវាលចំការរបស់ប្រជាពលរដ្ឋ អោយបានច្បាស់ រួចយើងធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ ហើយជំហានបន្ទាប់គឺយើងត្រូវធ្វើការបង្រ្កាបដោយមិនមានការយោគយល់អ្វីឡើយ។
[youtube id= “kWEdUN6XMgY”]