(24-10-2016) ប៉ៃលិន៖ នៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តមកើត សុធា អភិបាលនៃគណៈអភិបាលខេត្តនិងមន្ត្រីរាជការបានអញ្ជើញចូលរួមពិធីដាំកូនឈើជាមួយគណៈប្រតិភូក្រុមការងារវិទ្យាសាស្រ្ត វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៏ បរិស្ថាន (NIDA) នៃខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ។
លោក ចាំលូងភូនបូន ប្រធានគ្រប់គ្រងវិទ្យាសាស្រ្ត វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៏បរិស្ថាននៃខេត្តចាន់បុរី ប្រទេសថៃបានអោយដឹងថា៖ក្នុងឱកាសកាន់ទុក្ខដ៏ក្រៀមក្រំ ចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ តុលា ឆ្នាំ២០១៦ក្នុងព្រះជន្ម៨៨វស្សា ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៏បរិស្ថាននៃខេត្តចាន់បុរី ប្រទេសថៃនាំយកកូន ចំនួន៧៥ដើម សំរាប់ដាំនៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ដើម្បីជានិមិត្តរូបនៃកិច្ចការពារបរិស្ថាននិងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថ្លែងនូវអំណរគុណយ៉ាងជ្រាវជ្រៅដល់លោក ចាំលូងភូនបូន ប្រធានគ្រប់គ្រងវិទ្យាសាស្រ្ត វិទ្យាស្ថានជាតិនៃរដ្ឋបាលអភិវឌ្ឍន៏បរិស្ថាននៃខេត្តចាន់បុរី ប្រទេសថៃនិងគណៈប្រតិភូទាំងអស់ដែលបាននាំយកកូនឈើមកដាំនៅវិទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន នៅពេលនេះក្នុងគោលបំណងធ្វើអោយបរិស្ថានប្រសើឡើង។ដូច្នេះសិស្សានុសិស្សនិងលោកអ្នកគ្រូទាំងអស់ត្រូវខិតខំប្រឹងបែ្រងថែរក្សាការពារកូនឈើដែលបានដាំរួច អោយបានគង់វង្ស ដើម្បីអោយក្មួយៗជំនាន់ក្រោយស្គាល់ និងជាពិសេស ចូលរួមចំណែក ការពារ ការបំរែបំរួលអាកាសធាតុនៅពេលថ្ងៃអនាគត់ផងដែរ។ ឯកឧត្តមសង្ឃឹមថាតាមរយះការដាំកូនឈើពេលនេះគឺជានិមិត្តរូបនៃការទំនាក់ទំនងសាមគ្គីភាពមិត្តភាពរវាងថា្នក់ដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋខេត្តប៉ៃលិន និងខេត្តចាន់បុរីកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសបានពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។ឯកឧត្តម កើតសុធា ក្នុងនាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋខេត្តប៉ៃលិនបានសម្តែងនូវ ការចូលរួមរំលែកទុក្ខ និងសោកសង្រេងជាទីបំផុតជាមួយប្រជាជនថៃ ចំពោះការបាត់បង់ដ៏ធំធេង ព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត(Bhumibol Adulyadej) និងសូមបួងសួងសូមវិញ្ញាណក្ខន្ធព្រះអង្គ ឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ។
[youtube id= “vq5JI1MxMD0”]