(24-10-2016) ប៉ៃលិន៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ ជា លាភ អភិបាលរងខេត្ត ជាតំណាង, បានដឹកនាំក្រុមការងារខេត្តមាន៖ លោកស្រីឧត្តមសេនីយ៍ សាន់ សាវឿន ស្នងការរងនគរបាលខេត្ត លោក ស្រី ប៊ុន គឹមហេង អនុប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន លោកស្រី គង់ សុភ័ក្រ បាននាំយកអំណោយស្បៀងទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រសរុបចំនួន១០គ្រួសារ ដែលមាន៨គ្រួសាររស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និង ២គ្រួសាររស់នៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
អំណោយស្បៀងដែលបានយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រនាពេលនោះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០Kg ទឹកសុទ្ធអង្គពូរ៉ូមួយយួរ ទឹកត្រី៣ដប និង ទឹកស៊ីអ៊ីវ៣ដប ប៊ីចេងមួយកញ្ចប់ អំបិល២កញ្ចប់ និងមី១០កញ្ចប់។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយទទួលបាន ការណែនាំពីឯកឧត្តម កើត សុធា អភិបាល នៃគណអភិបាលខេត្តប៉ៃលិន, ក្រុមការងារខេត្ត បានចុះយកអំណោយស្បៀងទាំងនេះ មកចែកជូនដល់ប្រជាពលរដ្ឋយើង ដែលកំពុងមានការលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ ។ លោកជំទាវបានបន្តថា ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនមានការគិតគូជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយតែងតែណែនាំអោយក្រុមការងារខេត្ត ចុះនាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្ររបស់យើង។ លោកជំទាវក៏បានណែនាំសូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្តថែទាំសុខភាពអោយបានល្អ ត្រូវរស់នៅស្អាត ផឹកស្អាត មានអនាម័យ និងដេកក្នុងមុង។ បងប្អូននារីៗ ដែលមានផ្ទៃពោះត្រូវទៅពិនិត្យពោះអោយបានទៀងទាត់នៅមណ្ឌលសុខភាព, ចំណែកម្តាយដែលទើបសំរាលកូនក៏ត្រូវប្រញាប់ទៅចុះបញ្ជីអត្រានុកូលដ្ឋានអោយកូនអោយបានត្រឹមត្រូវផងដែរ។ លោកជំទាវក៏បានណែនាំសូមអោយប្រជាពលរដ្ឋទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា សំរាប់ចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ឃុំ សង្កាត់ ដែលខ្លួនស្រឡាញ់ពេញចិត្តនៅឆ្នាំ២០១៧ខាងមុខ។
[youtube id= “ytIwh5bAykg”]