សមណសិស្ស សិស្ស និងដូនជីសរុបចំនួន៧១ អង្គ/នាក់ ទទួលបានវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ត្រី ថ្នាក់ទោ និងថ្នាក់ឯក


​(13-10-2016) ប៉ៃលិន៖ ថ្ងៃ​ទី១៣ ​ខែតុលា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ បាន​អញ្ជើញ​ប្រគល់ ​និង​ប្រគេន ​វិញ្ញា​បន​ប័ត្រ​ធម្ម​វិន័យ​ថ្នាក់​ត្រី ​ថ្នាក់​ទោ ​និង​ថ្នាក់​ឯក​ ដល់​សមណ​សិស្ស ​សិស្ស​ និង​ដូន​ជី ​ក្នុង​ខេត្ត​ប៉ៃលិន​សរុប​ចំនួន​៧១ អង្គ​/នាក់ ​សំរាប់​ឆ្នាំ​សិក្សា ​២០១៥​-​២០១៦​។​ ពិធី​ប្រគល់​ និង​ប្រគេន​ វិញ្ញា​បន​ប័ត្រ​នេះ ​បាន​ធ្វើ​ឡើង​នៅ ​វត្ត​រតន​សោភ័ណ ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ជំទាវ​ សោ​ មុន្នីរ័ត្ន​ អភិបាល​រង​ខេត្ត ​លោក​អភិបាល​រង​ក្រុង​ប៉ៃលិន ​លោក​ប្រធាន​ អនុ​ប្រធាន​មន្ទីរ​ ព្រះ​គ្រូ​ធម្មក​ថា​ធិរាជ​ សាន់​លី ​ព្រះ​មេ​គណ​គណៈ​ធម្ម​យុត្តិ​កនិកាយ​ខេត្ត​ប៉ៃលិន ​ព្រះ​ចៅ​អធិការ​វត្ត​ប៉ាហ៊ី ​ ព្រះ​ចៅ​អធិ​ការ​វត្ត​អូប្រឹស​  វត្ត​ព្រំ​ សារ​វ៉ាន់ ​ព្រម​ទាំង​សីល​វ័ន ​សីល​វតី ​សិស្សា​នុ​សិស្ស​ជា​ច្រើន ​អង្គ​/​នាក់​ទៀត​។​

​ព្រះ​គ្រូ​ក្តៀង​ សាតរ៉ាត់​ ព្រះ​ចៅ​អធិការ​វត្ត​រតន​សោភ័ណ​ និង​ជា​នាយក​វិទ្យា​ល័យ​ពុទ្ធិក​សិក្សា​ហ៊ុន​សែន​ប៉ៃលិន​ បាន​មាន​សង្ឃ​ដីការ​ថា ​ក្នុង​ឆ្នាំ​សិក្សា ​២០១៥​- ​២០១៦ ​សមណ​សិស្ស​ដែល​បាន​ប្រលង​ធម្មវិន័យ​ថ្នាក់​ត្រី ​ទោ ​និង​ថ្នាក់​ឯក ​សរុប​មាន​ចំនួន​១១៦​អង្គ​/នាក់​ ក្នុង​នោះ​មាន​ថ្នាក់​ត្រី​ចំនួន ​៧៧អង្គ/​នាក់​។​ ថ្នាក់​ទោ​មាន​ចំនួន​២៩ អង្គ​/នាក់ ​និង​ថ្នាក់​ឯក​ ចំនួន១០​ អង្គ/​នាក់ ​។​ ជា​លទ្ធផល ​ថ្នាក់​ត្រី​បាន​ប្រលង​ជាប់​ជា​ស្ថាពរ​ចំនួន​ ៤២​ អង្គ/​នាក់ ​, ថ្នាក់​ទោ​ចំនួន​២២ អង្គ​/នាក់,​  និង​ថ្នាក់​ឯក​ចំនួន ​៧ អង្គ/​នាក់​។ ​សរុប​រួម​ចំនួន​៧១ អង្គ​/នាក់​។​ ព្រះ​អង្គ​បាន​បន្តថា ​មុខ​វិជ្ជា​ដែល​ត្រូវ​សិស្សា​មាន ​ពុទ្ធ​វិន័យ  ​ពុទ្ធ​ប្រវត្ត ​ប្រជុំ​កង​ធម៌​ និង​សាសន​សុភាសិត​។​

លោក​ សំ ​សាវឿន ​ប្រធាន​មន្ទីរ ​ធម្មការ ​និង​សាសនា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ ខេត្ត​ប៉ៃលិន​មាន​វត្ត​ចំនួន​២៩វត្ត,​ អាស្រម​ចំនួន​២ ​,និង​មណ្ឌល​វិប្បសនា​ចំនួន​១ ​សរុប​ចំនួន ​៣២ វត្ត​/អាស្រម​ ។​ មាន​ ព្រះ​សង្ឃ​ទាំង​ពី​គណៈ​ចំនួន​ ៣៦១​អង្គ ​ក្នុង​នោះ​មាន​សមណេ​ចំនួន​២៦០​ អង្គ​ ។​ មាន​សាលា​ពុទ្ធ​កវិទ្យា​ល័យ​១សាលា​ មាន​៣ថ្នាក់ ​ក្នុង​ឆ្នាំ​សិក្សា ​២០១៦-​២០១៧​ មាន​គ្រូប​ង្រៀន​ចំនួន​១១អង្គ​/នាក់​ និង​សមណ​សិស្ស​សរុប​ ៨៤អង្គ​/នាក់​។ ​ពុទ្ធិក​បឋម​សិក្សា ​មាន​៩សាលា,​ ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧​ មាន​គ្រូ​បង្រៀន​ចំនួន​១០អង្គ​/នាក់​ និង​សមណ​សិស្ស​សរុប ​៥៥​អង្គ​/នាក់​។​

​ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​ នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ​ ព្រះ​ពុទ្ធ​សាសនា​ ជា​ថ្នាល​បណ្តុះ​បណ្តាល​ធន​ធាន​ព្រះ​សង្ឃ ​សីល​វ័ន ​សីល​វតី ​អោយ​មាន​ចំណេះ​ដឹង​ និង​ជួយ​លើក​កំពស់​ វិស័យ​អប់រំ​  អោយ​មាន​ការ​រីក​ចំរើន​ផង​ដែរ​។ ​ព្រះពុទ្ធ​សាសនា​ ជា​យន្ត​ការ​ដ៏​សំខាន់​ ក្នុង​ការ​បង្កើន​នូវ​មហា​សាមគ្គី​ភាព​ ប្រមូល​ផ្តុំ​នូវ​គំនិត ​បញ្ញា​ញាណ ​និង​វិធាន​ការ​សម​ស្រប ​សំរាប់​ការ​កាត់​បន្ថយ ​និង​លុប​បំបាត់​អំពើ​អកុសល ​និង​អំពើ​ហឹង្សា​ទាំង​ឡាយ​ក្នុង​សង្គម​ ឈោង​ចាប់​នូវ​សន្តិភាព ​ទាំង​ផ្លូវ​កាយ​ ផ្លូវចិត្ត​ និង​ការអភិវឌ្ឍន៍​។​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ​ប្រព័ន្ធ​អប់រំ​នៅ​ក្នុង​ប្រទេស​ជាតិ​របស់​យើង​ មាន​ទាំង​ផ្នែក​អាណា​ចក្រ​ និង​ពុទ្ធ​ចក្រ ​ដែល​ផ្នែក​ទាំង​ពី​នេះ​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា ​មិន​អាច​អោយ​មាន​គំលាត​ពី​គ្នា​បាន​ទេ ​ដើម្បី​អោយ​មាន​សមត្ថ​ភាព ​ចំណេះ​ដឹង​ដូច​គ្នា ​រវាង​គ្រហស្ថ ​និង​ព្រះ​សង្ឃ ​នៅ​ពេល​អនុវត្ត​ការងារ​ជាក់​ស្តែង​នៅ​ក្នុង​សង្គម​។ ​ឯក​ឧត្តម​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​បច្ចុប្បន្ន​នេះ ​ប្រជា​ពល​រដ្ឋ ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​កំពុង​មាន​ការ​លំបាក​លើ​បញ្ហា​ជីវ​ភាព ​ដោយ​កត្តា​ធម្មជាតិ ​និង​កត្តា​ផ្សេងៗ​ទៀត ​ដែល​ត្រូវ​ការ​ជំនួយ​ពី​ថ្នាក់​ដឹកនាំ​ខេត្ត ​សប្បុ​រស់​ជន​ និង​ព្រះ​សង្ឃ​ផង​ដែរ​ក្នុង​ការ​បរិច្ចាក​នូវ​ធន​ធាន​ខ្លះៗ​  ដើម្បី​យក​មក​ជួយ​សំរួល​ដល់​ជីវភាព​ប្រជា​ពល​រដ្ឋ​យើង​ដែល​កំពុង​ជួប​ការ​លំបាក​ទាំង​នេះ។​ ជា​ការ​ពិត​កន្លង​មក​ព្រះ​សង្ឃ​មាន​សកម្មភាព​ច្រើន​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​របស់​យើង ​ដូច្នេះ​ក៏​សូម​អោយ​ព្រះ​សង្ឃ​បន្ត​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​យើង​ជា​បន្ត​បន្ទាប់​ទៀត​តាម​លទ្ធ​ភាព ​និង​ធន​ធាន​។ ​ឯក​ឧត្តម ​កើត ​សុធា ​ក៏​បាន​សំនូម​ពរ​សូម​អោយ​វត្ត​អារាម​គ្រប់​វត្ត​ ត្រូវ​មាន​ការ​ដាំ​ដើម​ឈើ​ក្នុង​បរិវេណ​វត្ត​អោយ​បាន​ច្រើន ​បង្កើត​បរិស្ថាន​ធម្មជាតិ​នៅ​ក្នុង​វត្ត​អារាម​របស់​យើង​អោយ​មាន​ភាព​ស្រស់​បំព្រង​  ត្រជាក់​ត្រជុំ​សំរាប់​ពុទ្ធ​បរិស័ទ​ ។​ម្យ៉ាង​ទៀត ​ព្រះ​សង្ឃ​គ្រប់​អង្គ​ ដែល​គ្រប់​ព្រះ​ជន្ម​សំរាប់​ការ​បោះឆ្នោត ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់ៗ​អង្គ ​ ដើម្បី​ចូល​រួម​បោះឆ្នោត​ក្រុប្រឹក្សា​ឃុំ ​សង្កាត់ ​នា​ឆ្នាំ២០១៧ ​ខាង​មុខ​នេះ​៕

cpp-13-10-2016-001 cpp-13-10-2016-002 cpp-13-10-2016-003 cpp-13-10-2016-004 cpp-13-10-2016-005 cpp-13-10-2016-006vv

[youtube id= “RtRo7XytcpM”]​