(06-10-2016) ប៉ៃលិន៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តទី២របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឡី ចាន់ឆាយប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន , ក្រុមប្រឹក្សាខេត្តបានស្នើអោយគណអភិបាលខេត្ត រឹតបន្តឹងអោយបានខ្លាំងថែមទៀតលើការងារបង្ក្រាបទប់ស្កាត់ ការចរាចរ ប្រើប្រាស់គ្រឿងញៀន, ទប់ស្កាត់និង រុះរើចេញ នូវសំណង់អនាធិបតេយ្យលើចំណីផ្លូវនៅភូមិពេជ្រគិរី និងនៅលើគំរបលូ នៅភូមិផ្សាព្រំ, ទប់ស្កាត់ការយកសំរាមទៅចាក់ចោលពាសវាលពាសកាល នៅតាមដងផ្លូវ និងនៅលើដីឯកជនក្នុងភូមិផ្សាព្រំ, ទប់ស្កាត់ ការបោសដី បោសសំរាមចូលក្នុងលូធ្វើអោយស្ទះលូ នៅតតំបន់ខ្លះៗ នៅក្នុងក្រុងប៉ៃលិន និងនៅភូមិផ្សារព្រំ និងបញ្ហាជាច្រើនផ្សេងទៀត។
ក្រុមប្រឹក្សាខេត្តបានលើកឡើងថា បញ្ហាគ្រឿងញៀនហាក់ដូចមិនមានការថមថយឡើយ ទោះបីមានការបង្រ្កាបពីសមត្ថកិច្ចក៏ដោយ។នៅចំនុចខ្លះទោះបីមានការចង្អុលបង្ហាញពីប្រជាពលរដ្ឋមូលដ្ឋាន ពីការជួញដូរប្រើប្រាស់គ្រឿងញៀនដល់សមត្ថកិច្ចជំនាញ ប៉ុន្តែមកដល់ពេលនេះ នៅតែមានការលក់ដូរ ចរាចរ ដូចធម្មតា មិនទាន់មានចំណាត់ការណាមួយដែលមានប្រសិទ្ធភាពនៅឡើយទេ។ ម្យ៉ាងទៀត ការដាក់ទោសអោយជាប់ពន្ធនាគារ លើជនល្មើសគ្រឿងញៀនមួយចំនួន ហាក់មានរយៈពេលខ្លី ហើយពេលចេញពីពន្ធនាគារវិញ ជននោះ ជួញដូរគ្រឿងញៀនលើសដើមទៅទៀត។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា យើងបានបង្រ្កាបទប់ស្កាត់ការជួញដូរប្រើប្រាស់គ្រឿងញៀនបានជាបន្តបន្ទាប់ និងបានបញ្ជូនជនសង្ស័យទៅតុលាការ។ប៉ុន្តែបើអោយអស់នោះ គឺវាមិនអស់ទេ ព្រោះយើងចាប់បានតែបុគ្គល ចំណែកការជួញដូរគ្រឿងញៀនវិញ គឺគេធ្វើជាប្រព័ន្ធ មានការចាត់តាំង។ ចំពោះនិតិវិធីនៃការបង្រ្កាប ការជួញដូរគ្រឿងញៀនវិញ មានការស្មុគ្រស្មាញ ត្រូវការសាក្សី ឬភស្តុតាងច្បាស់លាស់ តែគ្រឿងញៀនតូចណាស់ ងាយក្នុងការលាក់កំបាំងពីភ្នែកសមត្ថកិច្ច។ ប៉ុន្តែទោះជាយ៉ាងណា យើងត្រូវតែខិតខំបន្ថែមទៀតក្នុងការបង្រ្កាបទប់ស្កាត់ការជួញដូរប្រើប្រាស់គ្រឿងញៀននេះ អោយបានជាអតិបរមា។ ចំពោះសំណើរផ្សេងៗទៀតរបស់ក្រុមប្រឹក្សាខេត្ត, គណអភិបាល មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យ និងអនុវត្តអោយមានប្រសិទ្ធភាព រក្សាបាននូវបរិស្ថាន និងសណ្តាប់ធ្នាប់ល្អក្នុងខេត្តក្រុងរបស់យើង។ ឯកឧត្តមបានមានប្រសាសន៍បន្តថា យើងត្រូវតែយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការងាររក្សាកាពារបរិស្ថានអោយល្អ ដើម្បីចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាត របស់រាជរដ្ឋាភិបាល និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាព អោយទទួលបានជោគជ័យ។ ឯកឧត្តម ក៏បានសំណូមពរសូមអោយឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ចូលរួមផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋមូលដ្ឋាន ស្តីពីការចុះហត្ថលេខា ឯកភាពគ្នា រវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិង ធានាគាជាតិនៃកម្ពុជា ជាមួយផ្នែកធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវមិនអោយរឹបអូសដីធ្លី ទ្រព្យសម្បត្តរបស់ប្រជាពលរដ្ឋ ជាកូនបំណុល តែត្រូវបន្តទុកពេលវេលាអោយប្រជាពលរដ្ឋរកថវិកាមកសងវិញ និងអាចបន្ថែមកម្ចី ដើម្បីធ្វើដើមទុនបន្តទៀត៕
[youtube id= “knGWGBDPSJk”]