ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោកជំទាវ គង់ ស្តី ដែលមានការចូលរួមពីលោកជំទាវ ជា លាប អភិបាលរងខេត្ត លោកជំទាវ ស៊ុម ហៀង ប្រធានសភាពាណិជ្ជកម្ម និងឯកឧត្តម គង់ ដួង ទីប្រឹក្សាក្រសួងព័ត៌មាន ព្រមទាំងក្រុមគ្រួសារថ្នាក់ដឹកនាំ បានធ្វើពិធីបង្សូល និងយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តរតនៈសោភ័ណក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


​(01-10-2016) ប៉ៃលិន៖ ថ្ងៃ១៥រោច ​ខែ​ភទ្របទ ​ឆ្នាំវក​ អដ្ឋ​ស័ក ​ព.​ស ​២៥៦០ ​ត្រូវ​នឹង​ថ្ងៃទី១ ​ខែតុលា​ឆ្នាំ​២០១៦ ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ ​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​អោយ​ឈ្មោះ​ថា​ជា​ពិធី​បុណ្យ ​ភ្ជុំបិណ្ឌ។​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​និង​ លោក​ជំទាវ ​គង់ស្តី ​កើត​សុធា ​រួម​ដំណើរ​ដោយ​លោក​ជំទាវ ​ជា​លាភ ​អភិបាលរង​ខេត្ត​ លោក​ជំទាវ​ ស៊ុម​ ហៀង​ប្រធាន​សភាពាណិជ្ជ​កម្ម​ខេត្ត  ​  ឯក​ឧត្តម​ គង់​ដួង ​និង​ ពុទ្ធ​បរិស័ទ្ធ​មួយ​ចំនួន​ទៀត ​បាន​នាំយក​ទេយ្យ​ទាន ​មាន​ អង្ករ មី​ ផ្លែ​ឈើ ​ទឹក​សុទ្ធ ​ថវិកា​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ​ ទៅ​វេ​ប្រគេន​ជូន​ដល់​ព្រះ​សង្ឃ​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​រតន​សោភ័ណ ​ស្ថិត​ក្នុង​ភូមិ​វត្ត ​សង្កាត់​ប៉ៃលិន ​ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​ជារៀង​រាល់​ឆ្នាំ ​ក្នុង​ឱកាស​នៃ​ពិធីបុណ្យ​កាន់​បិណ្ឌ ​ភ្ជុំបិណ្ឌ​នេះ ​ ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​ខេត្ត ​និង​លោក​ជំទាវ ​គង់ស្តី ​កើត​សុធា​ លោក​ជំទាវ ​ស៊ុ ​ហៀង ​លោក​ជំទាវ ​ជា ​លាភ ​ឯក​ឧត្តម ​គង់ ​ដួង​ រួម​នឹង​ថ្នាក់​ដឹកនាំ​ខេត្ត ​មន្រ្តី​រាជការ ​ប្រជា​ពុទ្ធ​បរិស័ទ្ធ​ក្នុង​ខេត្ត ​តែង​តែ​នាំយក​ចង្ហាន់​ បច្ច័យ ​គ្រឿង​ឧបភោគ ​បរិភោគ ​ទៅ ​ វេ​ប្រគេន​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​តាម​វត្ត​អារាម​នីមួយៗ​ក្នុង​ខេត្ត ​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​ព្រះ​មហាក្សត្រ ​ ព្រះ​បរមរតន​កោដ ​និង​ ដួង​វិញ្ញាណ​បុព្វ​ការី​ជន​ មាន​មាតា​បិតា​ ជីដូន​ ជីតា ​ញាតិ​ការ​ទាំង៧​សណ្តាន​ដែល​បាន​បែក​កាយ​រំលាយ​ខ័ន្ធ ​លា​ចាក​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខទៅ​ហើយ ​សំរាប់​ការ​បួង​សួង​សុំ ​សេចក្តី​សុខ ​សប្បាយ ​ ចំរុង​ចំរើន ​ទាំង​នៅ​ក្នុង​ក្រុម​គ្រួសារ ​និង​ក្នុង​សង្គម​ជាតិ​ទាំង​មូល​។ ​ទង្វើ ​ដ៏​ប្រពៃ​របស់​ឯក​ឧត្តម​ កើត​ សុធា ​អភិបាល​ខេត្ត ​លោក​ជំទាវ ​គង់​ស្រី ​កើត​សុធា ​និង​ថ្នាក់​ដឹកនាំ​ខេត្ត ​មន្រ្តី​រាជការ ​ទាំង​អស់ ​ ជា​ស្មារតី​ដ៏​ល្អ​ក្នុង​ការ​ចូលរួម​ថែរក្សា ក៏​ដូច​ជា ​គំរូ​ល្អ ​សំរាប់​ប្រជា​ពុទ្ធ​បរិស័ទ ​ក្នុង​ការ​ចូលរួម​ថែរក្សា ​អភិរក្ស​នូវ​វប្បធម៌ ​ប្រពៃណី​ដ៏​ល្អ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​។​

សូម​រំលឹក​ថា ​ប្រជា​ជន​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​កាន់​បិណ្ឌ​ជា​រៀង​រាល់​ឆ្នាំ ​ដោយ​គិត​ចាប់​ពីថ្ងៃ​១រោច   ​ខែ​ ភទ្របទ ​ទៅ​ដល់​ថ្ងៃ១៤​រោច​ខែភទ្របទ​ គឺ​មាន​រយៈ​ពេល​១៤ថ្ងៃ,​ ដែល​យើង​តែង​និយម​ហៅថា ​ពិធី​បុណ្យ​កាន់​បិណ្ឌ ​ចំណែក​ថ្ងៃទី១៥​ ជា​ថ្ងៃ​ចុង​ក្រោយ​ហៅថា”​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​” ​។​ តាំង​ពី​ដើម​ឡើយ ​ គេ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈពេល​ ៣ខែ​ ព្រោះ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​ក្នុង​ការ​និមន្ត​បិណ្ឌ​បាត្រ​របស់ ​ព្រះ​សង្ឃ ​នា ​រដូវ​វស្សា​ដែល​ពោរពេញ​ទៅ​ដោយ​ភក់​ជ្រាំ ​និង​ទទឹក​ដល់​ស្បង់​ចីវរ​ ។ ​ប៉ុន្តែ​អាស្រ័យ​ដោយ​មាន​ការ​បម្រែ​បម្រួល ​និង​ បំលាស់​ប្ដូរ​ស្ថាន​ភាព​សង្គម ​សេដ្ឋកិច្ច ​របស់​ប្រជា​ជន​ពី​មួយ​ថ្ងៃទៅ​មួយថ្ងៃ​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​ ក៏​បាន​ធ្វើ​ឲ្យ​ការ​កាន់​បិណ្ឌ​ចេះ​តែ​ខើច​ទៅៗ​ រហូត​នៅ​សល់​រយៈពេល​១៥ថ្ងៃ​ប៉ុណ្ណោះ ។​ ពាក្យ​ថា​”ភ្ជុំបិណ្ឌ​”មាន​ន័យ​ថា ​ការ​ប្រមូល​ដុំ​បាយ ​ឬ ​ការពូត​ដុំបាយ ​ដែល​យើង​តែង​ហៅថា ​”បាយ​បិណ្ឌ”​ ។​ ចាប់​តាំង​ពី​ថ្ងៃ​បិណ្ឌ១​ រហូត​ដល់ ​បិណ្ឌ១៤ ​ ប្រជា​ជន​ខ្មែរ​មួយ​ចំនួន​ភ្ញាក់​ពី​ព្រលឹម ​ ឬ​ នាំ​គ្នា​ទទួល​ទាន​ដំណេក​នៅ​ទីវត្ត​អារាម​តែ​ម្ដង ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការបោះ​បាយ​បិណ្ឌ​ ដោយ​ការ​ដើរ​ជុំវិញ​ព្រះវិហារ ​ព្រោះ​គេ​មាន​ជំនឿ​ថា​វិញ្ញាណ​របស់​បងប្អូន ​ជីដូន​ជីតា ​ញាតិ​មិត្ត​ដែល​ស្លាប់​បាត់​បង់​ជីវិត​ទៅ​នោះ ​ ក៏​បាន​ក្លាយ​ទៅ​ជា​ប្រេត ​ហើយ​ជា​រៀង​រាល់​១ឆ្នាំ​ម្ដង ​ប្រេត​ទាំង​នោះ​ត្រូវ​បាន​គេ​ដោះ​លែង​ឲ្យ​មក​ទទួល​យក​នូវ​អានិសង្ស ​ដែល​បងប្អូន​សាច់​សា​លោហិត ​ ឧទ្ទិស​ទៅ​ឲ្យ ​ ហើយ​ប្រេត​ទាំង​នោះ​អាច​ចេញ​មក​ទទួល​បាន​តែ​នៅ​ពេល​ងងឹតៗ​គ្មាន​ពន្លឺ​ថ្ងៃ ​ប៉ុណ្ណោះ ​។​ ក្រៅ​ពី​ការ​បោះបាយ​បិណ្ឌ ​ គេ​ក៏​នៅ​មាន​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ ​ចូល​បច្ច័យ​បង្សុកូល​ ពូន​ភ្នំ​ខ្សាច់ ​ ដើម្បី​ឧទ្ទិស​មគ្គ​ផល​ទាំង​នោះ​ឲ្យ​បាន​ដល់​បព្វការី​ជន​និង ​មាន​អ្នក​ខ្លះ​ទៀត ​ គេ​ជូន​ប្រាក់​កាស ​នំ​ចំណី​ដល់​ ចាស់ទុំ ​ជន​ក្រីក្រ ​អ្នក​សុំទាន  ​ជន​ពិការ ​ឬ ​យាយ​ជីតា​ជី ​ដែល​នៅ​សំណាក់​ធម៌ ​ ថែរក្សា​ក្នុង​ទីវត្ត​អារាម​នោះ ​។​ ក្នុង​រយៈ​ពេល១៥​ថ្ងៃ​នៃ​ពិធី​កាន់​បិណ្ឌ​និង​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ  ​ប្រជា​ជន​ខ្មែរ​តែង​តែ​ឆ្លៀត​ពេល​ទៅ​វត្ត ​ យ៉ាង​ហោច​ណាស់​ក៏​បាន​ទៅ​វត្ត ​ម្ដង​ដែរ ​ ទោះ​បី​ជា​មាន​ការ​មមាញឹក​ក្នុង​ការងារ​ចិញ្ចឹម​ជីវិត​យ៉ាង​ណា​ក៏​ដោយ​ បើពុំ​នោះ​ទេ​អ្នក​ទាំង​នោះ​និង​ត្រូវ​បងប្អូន ​ជីដូន​ ជីតា ​ដែល​បាន​ស្លាប់​ទៅ​ជេរ​ដាក់​បណ្ដា​សា ​ឲ្យរ​ងទុក្ខ​វទនា ​ក្រីក្រ​លំបាក​ ព្រោះ​ប្រេត​ទាំង​នោះ​ត្រូវ​ដើរ​រក​កុសល ​ផល​បុណ្យ ​មាន​ជា​ទាន​ ម្ហូប​អាហារ ​នៅ​តាម​ទីវត្ត​អារាម​នានា ​បើ​មិន​ឃើញ​ទេ  ​នឹង​ខឹង​សម្បាជា​មិន​ខាន​ឡើយ​។​

cpp-01-10-2016-001 cpp-01-10-2016-002 cpp-01-10-2016-003 cpp-01-10-2016-004 cpp-01-10-2016-005 cpp-01-10-2016-006vv

[youtube id= “F3-GICe59dk”]