(28-09-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម អៀង វុធ អភិបាលរងខេត្ត លោក រាម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក លោកស្រីថ្នាក់ដឹកនាំក្រុង/ស្រុកបានអញ្ជើញជួបប្រជុំជាមួយធនាគារជាតិនិងបណ្តាមីក្រូហិរញ្ញវត្ថុនានាទូទាំងខេត្តប៉ៃលិន។
ដោយថ្មីៗកន្លងមកនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា ប្រជាកសិករបានជួបនូវបញ្ហា ប្រឈមនិងមានការលំបាកក្នុងការលក់ផលិតផលរបស់ខ្លួន ព្រមទាំងទទួលរងសម្ពាធហិរញ្ញវត្ថុ ដោយសារតម្លៃកសិផលបាននិងបន្តធ្លាក់ចុះជាបន្តបន្ទាប់ជាពិសេសតម្លៃស្រូវនៅដើមដូវកាលនៃការប្រមូលផលស្រូវក្រអូប ដែលការធ្លាក់ចុះនេះ បណ្តាលមកពីកត្តាសត្យានុម័តជាច្រើន រួមមានអស្ថិរភាពថ្លៃនៅលើទីផ្សារអន្តរជាតិ។ ទទឹមនិងនោះមានការធ្លាក់ភ្លៀងយ៉ាងគំហុករយៈពេលជិតពីរសប្តាហ៍កន្លងមកនេះ ធ្វើឲ្យមានការប៉ះពាល់ដល់គុណភាពផលិតផល និងការនាំចេញផងដែរ។
ឯកឧត្តមកើត សុធា បានមានប្រសាសន៍ថា៖ យើងត្រូវដើរតាមនិងអនុវត្តគោលនយោបាយទន់ភ្លន់របស់រាជរដ្ឋាភិបាល និងអនុគ្រោះយោគយល់សមស្របចំពោះកសិករជួបប្រទះបញ្ហាជាក់ស្តែងដែលមានឥទានដល់កាលកំណត់សងរបស់ពួកគាត់ មីក្រូហិរញ្ញវត្ថុនិងដៃគូពាក់ព័ន្ធទាំងអស់ត្រូវចូលរួមនិងមានកិច្ចសហការគ្នា ក្នុងការជួយសម្រាលដល់ទុក្ខលំបាករបស់ប្រជាកសិករនិងសម្រាលសម្ពាធហិរញ្ញវត្ថុក្នុងវិស័យកសិកម្មក្នុងកាលៈទេសៈលំបាកនេះ។ ឯកឧត្តមបានបន្តថា៖មីក្រូហិរញ្ញវត្ថុត្រូវប្រយ័ត្នប្រយែងប្លង់ដីដែលបងប្អូនយើងយកមកតម្កល់ទុកនិងស៊ើបប្រវត្តឲ្យបានច្បាស់លាស់ជៀសវាងមានរឿងទៅថ្ងៃមុខ សូមឲ្យធនាគារនិងមីក្រូហិរញ្ញវត្ថុផ្សែងៗផ្តល់អត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារដែលពួកគាត់បានយកមកតម្កល់ទុក ផ្តល់ជូនពួកគាត់វិញដើម្បីយកទៅចុះឈ្មោះបោះឆ្នោត។ ឯកឧត្តមបានសំណូមពរដល់មន្ទីរកសិកម្មនិងមន្ទីរពាណិជ្ជកម្មត្រូវរកទីផ្សារគ្រប់សភាពការអ្វីដែលសំខាន់ត្រូវយកចិត្តទុកដាក់ជាងគេគឺឈ្មួញកណ្តាលកុំឲ្យបង្ករភ្លៀងផ្គរហើយត្រូវដឹងទីផ្សារដើមនិងទីផ្សារក្នុងស្រុកនិងក្រៅស្រុក។ បន្តការផ្តល់ឥទាន និងបង្កើតទំហំឥទានដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន ឬពាណិជ្ជករប្រមូលទិញស្រូវតាមលទ្ធភាពជាក់ស្តែង ដើម្បីបង្កើនលទ្ធភាពក្នុងការប្រមូលទិញស្រូវ កសិផល និងកែច្នៃកសិផលគ្រប់ប្រភេទ សំដៅរួមចំណែករក្សាស្ថិរភាពថ្លៃស្រូវ-អង្ក កសិផលនិងទ្រទ្រង់ការកែច្នៃកសិផលនៅក្នុងប្រទេស។
[youtube id= “Mg_74Xyk_80”]