(27-09-2016) ប៉ៃលិន៖ ព្រឹកថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំមន្រ្តីរាជការ សហការី និងពិធីករ ពិធីការនី នៃមន្ទីរព័ត៌មានខេត្តប៉ៃលិនបានអញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ ហៅវត្តអូររអិល ដើម្បីនាំយកទេយ្យទៀន ទេយ្យវត្ថុ បច្ច័យទៅវេប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តស្ថិតនៅភូមិអូររអិល សង្កាត់ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងពិធីវេនកាន់បិណ្ឌទី១១ នេះ បានបង្ហាញពីសាមគ្គីភាពនិងទឹកចិត្តសទ្ធាជ្រះថារបស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃមន្ទីរព័ត៌មានដែលមានសាមគ្គីគោរពស្រឡាញ់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិយើង។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីខ្មែរយើងប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំមិនដែលខានឡើយវាជាពេលវេលាជួបជុំក្រុមគ្រួសារមួយដែលខានមិនបានឡើយ ហើយក្នុងពិធីបុណ្យកាន់បិណ្ឌនេះផងដែរ ដើម្បីការផ្សារភ្ជាប់វិស័យព្រះពុទ្ធសាសនានិងបុណ្យទានផងនោះ ឯកឧត្តម គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំង មន្ត្រីរាជការ បុគ្គលិកក្រោមឱវាទនៃមន្ទីរព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍និងវិទ្យុផងនោះ ហើយនឹងពុទ្ធបរិស័ទបានប្រារព្ធពិធីសូត្រមន្តប័ង្សុកូលនិងរាប់បាត្រ វេរប្រគេនគ្រឿងបរិក្ខារ ចង្ហាន់ និងបច្ច័យផ្សេងៗដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិហើយសូមឲ្យពួកគេទាំងឡាយសូមទៅសោយសុខ ដែលពួកគេបានភ្លាំងភ្លាត់ទៅជាពពួកប្រេតណាមួយនោះ សូមបុញ្ញានុផលនៃផលបុណ្យនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងពេលនេះដើម្បីមកទទួលមគ្គផលដែលកូនចៅបានធ្វើជុំគ្នានិងឧទ្ទិសកុសលជូនផងនោះ។
សូមបញ្ជាក់ផងដែរថាបុណ្យនេះត្រូវបានពុទ្ធបរិស័ទសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ ថ្ងៃ១៥រោច ខែភទ្របទ (ចន្លោះខែកញ្ញា ) ។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល ១៥ ថ្ងៃ ។
ក្នុងឱកាសនោះដែរឯកឧត្តម គង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និងលោកស្រី ស្រ៊ី ចាន់អេង ព្រមទាំងគ្រួសារក៏បានចែកជូនអំណោយជាថវិកាដល់តាជីយាយជីដោយក្នុងម្នាក់ៗទទួលបានបច្ច័យ ២ម៉ឺនរៀល និងបានប្រមូលទេយ្យទានបច្ច័យសម្រាប់ព្រះសង្ឃដែលគង់នៅវត្តប៉ៃលិនធម្មាភិវឌ្ឍន៍ ហៅវត្តអូររអិល នូវបច័្ចយកសាងបានចំនួន ៣,៧០០,០០០រៀល សំរាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្ត ក៏ដូចជាការចូលរួមវិស័យព្រះពុទ្ធសាសនាក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ៕
[youtube id= “vMAkgbGeG_4”]