(25-09-2016) ប៉ៃលិន៖ ថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន បានអញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តរតនគិរីសីលារាម ហៅវត្តបរហ៊ុយ ដើម្បីនាំយកទេយ្យទៀន ទេយ្យវត្ថុ បច្ច័យទៅវេប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តរតនគិរីសីលារាម (ហៅវត្តបរហ៊ុយ) ស្ថិតនៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុងពិធីវេនកាន់បិណ្ឌទី៩នេះ បានបង្ហាញពីទឹកចិត្តសទ្ធាជ្រះថាសាមគ្គីគោរពស្រឡាញ់ព្រះពុទ្ធសាសនាដែលជាសាសនារបស់ជាតិយើង។ ម្យ៉ាងវិញទៀតដើម្បីទំនុកបម្រុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយហេតុរយៈពេលនេះជាពេលដែលមានភ្លៀងធ្លាក់ជោគជាំជាខ្លាំងនាំឱ្យមានការលំបាកសម្រាប់ព្រះសង្ឃក្នុងការត្រេចចរណ៍បិណ្ឌបាត្រ។ ហេតុនេះ បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌនេះត្រូវបានធ្វើឡើងដើម្បីសម្រាលដល់ជីវភាពរបស់អ្នកបួសក្នុងព្រះពុទ្ធសាសនា។
ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌគឺជាពិធីបុណ្យប្រពៃណីខ្មែរយើងប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ ហើយក្នុងពិធីបុណ្យកាន់បិណ្ឌនា ក្នុងការការផ្សារភ្ជាប់វិស័យព្រះពុទ្ធសាសនានិងបុណ្យទានផងនោះ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានប្រារព្ធពិធីសូត្រមន្តប័ង្សុកូល និង រាប់បាត្រ វេរប្រគេនគ្រឿងបរិក្ខារ ចង្ហាន់ និងបច្ច័យដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមាន មាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិហើយសូមឲ្យពួកគេទាំងឡាយសូមទៅសោយសុខ កុំបីឃ្លៀងឃ្លាតឡើយ ។ បុណ្យនេះត្រូវបានពុទ្ធសាសនិកខ្មែរធ្វើឡើងរៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ ថ្ងៃ១៥រោច ខែភទ្របទ (ចន្លោះខែកញ្ញា ) ។ ពុទ្ធសាសនិកខ្មែរធ្វើបុណ្យនេះដោយការយកទេយ្យទានផ្សេងៗមានអាហារជាដើមទៅផ្គត់ផ្គង់ព្រះសង្ឃនៅក្នុងវត្តដែលកំពុងគង់ចាំវស្សារយៈពេល ១៥ ថ្ងៃ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ព្រមទាំងពុទ្ធបរិស័ទ្ធក៏បាននាំយកទេយ្យទៀន ទេយ្យវត្ថុ បច្ច័យ ទៅវេប្រគេនដល់ព្រះសង្ឃ គង់នៅវត្តរតនគិរីសីលារាម ហៅវត្តបរហ៊ុយ នូវបច័្ចយចំនួន ៣,៦៦៦,៣០០រៀល សំរាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្ត ក៏ដូចជាការចូលរួមវិស័យព្រះពុទ្ធសាសនាផងដែរ។
[youtube id= “MPu4ULQXftY”]