(16-09-2016) ប៉ៃលិន៖ បន្ទាប់គយប្រទេសថៃហាមឃាត់មិនអោយពាណិជ្ជករនាំស្វាយកែវរមៀតរបស់ខ្មែរចូលក្នុងទីផ្សារប្រទេសថៃនាពេលកន្លងទៅ អាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយលោកជំទាវ ស៊ុំ ហៀងប្រធានសភាពាណិជ្ជកម្មខេត្ត លោកសុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្ត លោក សុខ សាវុធ ប្រធានច្រកទ្វារអន្តរជាតិព្រំដែនខេត្តប៉ៃលិន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត បានជួបប្រជុំចរចាជាមួយអភិបាលខេត្តចាន់ថៈបុរី និងមន្រ្តីពាក់ព័ន្ធរបស់ប្រទេសថៃ ដើម្បីសំរួលការនាំចេញស្វាយកែវរមៀត មៀនប៉ៃលិន និងកសិផលមួយចំនួនទៀតរបស់ខេត្តប៉ៃលិនចូលក្នុងទីផ្សារប្រទេសថៃអោយបានប្រក្រតីឡើងវិញ។
លោកជំទាវស៊ុំ ហៀងប្រធានសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានមានប្រសាសន៍ថា សព្វថ្ងៃនេះយើងបាននាំផ្លែឈើរបស់ថៃ មាន ផ្លែមង្ឃុត ស្វាយ និងប្លង់កង់ចូលក្នុងទីផ្សារប្រទេសកម្ពុជា តែដោយឡែកខាងភាគីកម្ពុជាវិញនាំចេញទៅខាងថៃមានតែស្វាយកែវរមៀតប៉ុណ្ណោះ។ ក្នុងពេលដែលភាគីគយថៃបានដាក់របាំងបច្ចេកទេស ហាមមិនអោយនាំស្វាយកែវរមៀតរបស់ខ្មែរ ចូលក្នុងទីផ្សារប្រទេសថៃនេះ ទាំងពាណិជ្ជករខ្មែរ ក៏ដូចជាពាណិជ្ជករថៃមានការមិនសប្បាយចិត្តដូចៗគ្នា។ (ឃ្លីប)
ជាលទ្ធផលក្រោយពីកិច្ចប្រជុំប្រព្រឹត្តទៅពេញមួយមួយរសៀល នៅចំណុចផ្សារបានផាកាត ស្រុកពោណាំរ៉នប្រទេសថៃ, ភាគីថៃបានអនុញ្ញាតអោយនាំចូលផ្លែស្វាយ កែវរមៀត មៀនប៉ៃលិន ទៅក្នុងទីផ្សារប្រទេសថៃដូចធម្មតាឡើងវិញ សំរាប់ទឹកដីខេត្តចាន់ថៈបុរី ហើយអភិបាលខេត្តចាន់ថៈបុរី ក៏បានសន្យានឹងពិភាក្សាជាមួយថ្នាក់លើរបស់ខ្លួនសំរួលការនាំផ្លែស្វាយកែវរមៀតនេះ ទៅកាន់ខេត្តផ្សេងៗទៀត និងទីក្រុងបាងកកផងដែរ។
(ឃ្លីបឯកឧត្តមអៀង វុធ)
ក្នុងឱកាសនោះដែរ លោកសុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តក៏បានពន្យល់ណែនាំអោយ ពាណិជ្ជករ និងកសិករខ្មែរត្រូវខិតខំសំរិតសំរាំងគុណភាពកសិផលរបស់ខ្លួនអោយបានល្អ ត្រឹមត្រូវតាមស្តង់ដាកំណត់ ។ ម្យ៉ាងទៀតក៏ត្រូវមានការចងក្រងគ្នាជាសមាគមន៍ ដើម្បីងាយស្រួលក្នុងការជជែកតវ៉ាជាមួយភាគីប្រទេសថៃក្នុងករណីមិនប្រក្រតីឬ ការគាបសង្កត់អ្វីមួយ មកលើភាគីពាណិជ្ជករខ្មែរយើង។
[youtube id= “oJQTo_8489I”]