(29-08-2016) ប៉ៃលិន៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត អញ្ជើញចុះបិតស្ទិកគ័រចំណាំងផ្លាតដល់គោយន្តកន្រ្តៃរបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួនជាង៣០០គ្រឿង ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរចរនៅពេលយប់ ខណៈពេលដែលគោយន្តកន្រ្តៃទាំងនេះកំពុងបើកបរនៅលើដងផ្លូវសាធារណៈ។
លោកឌឹន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តប៉ៃលិនបានមានប្រសាសន៍ថា តាមការណែនាំរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ការបិតស្ទិកក័រចំណាំងផ្លាតនេះ គឺត្រូវធ្វើនៅគ្រប់គោយន្តកន្រ្តៃ និងយានជំនិះមួយចំនួនទៀត នូវទូទាំងខេត្តប៉ៃលិន។ លោកបានបន្តថា ការបិតស្ទិកគ័រចំណាំងផ្លាតនេះ គឺជួយអោយអ្នកបើកបរម៉ូតូ ឬឡានផ្សេងទៀតបានមើលឃើញថា មាន គោយន្តកន្រ្តៃនៅខាងមុខ ងាយស្រួលដល់អ្នកបើកម៉ូតូ ឬឡាននោះ គេចចេញបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរ។
ឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រទេសជាតិយើងមានសុខ សន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងលែងលំបាកវេទនា លេងស្លាប់ដោយសារសង្គ្រាមទៀតហើយ។ ប៉ុន្តែស្របពេលដែលយើងមានសុខ សន្តិភាព មានការអភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ខ្វាត់ខ្វែង ងាយស្រួលក្នុងការធ្វើដំណើរ យើងបានប្រឈមខ្លាំងនឹងបញ្ហាគ្រោះថ្នាក់ចរាចរ ដែលបានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ យើងជារៀងរាល់ថ្ងៃ។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ការបិតស្ទិកក័រចំណាំងផ្លាតនេះជាចំណែកមួយជួយបញ្ជៀសកុំអោយមានគ្រោះថ្នាក់ចរាចរ ប៉ុន្តែ ស្ទិកក័រចំណាំងផ្លាតនេះវាមិនគ្រប់គ្រាន់ទេ ដើម្បីការពារកុំអោយមានគ្រោះថ្នាក់ចរាចរទាំងស្រុងនោះលុះត្រាតែមនុស្សគ្រប់រូបត្រូវចូលរួមគោរពច្បាប់ចរាចរអោយបានគ្រប់គ្នា, បើកបរត្រូវគោរពសិទ្ធអាទិភាពអ្នកដទៃ បើកបរកុំអោយហួសល្បឿនកំណត់ កុំបើកបរក្នុងភាពស្រវឹងស្រា ឬគ្រឿងញៀន បើកម៉ូតូត្រូវពាក់មួកសុវត្ថភាព។ ឯកឧត្តមក៏បានណែនាំអោយប្រជាពលរដ្ឋទាំងអស់ត្រូវទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតអោយបានគ្រប់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំឃុំ សង្កាត់ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលការចុះឈ្មោះបោះឆ្នោតនេះត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៦ នេះតទៅ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិការឆ្នាំ២០១៦។
[youtube id= “ib6uwzI8N1w”]