ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវមួយខ្សែប្រវែង ៤៨៥០មនៅក្នុងភូមិអូតាវ៉ៅ


(15-08-2016) ប៉ៃលិន៖ ​ថ្ងៃទី១៥ ​ខែសីហា ​ឆ្នាំ២០១៦ ​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន ​ បាន​អញ្ជើញ​បើក​ការ​ដ្ឋាន​ជួស​ជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​ប្រវែង ​៤៨៥០ម​ នៅ​ក្នុង​ភូមិ​អូរតា​វ៉ៅ ​សង្កាត់​អូរតាវ៉ៅ​ ក្រុង​ប៉ៃលិន ​ខេត្ត​ប៉ៃលិន​។​

​កំណាត់​ផ្លូវ​លំ​មួយ​ខ្សែ​នេះ ​គឺ​ជា​ផ្លូវ​យុទ្ធ​សាស្រ្ត​ដ៏​សំខាន់​មួយ​ សំរាប់​ដឹក​កសិផល​ ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​មក ​ របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត ​ដែល​ផ្លូវ​នេះ​មាន​ប្រវែង​ ៤៨៥០ម,​ ទទឹង​៧ម,​ មាន​សំណង់​លូ ​៧កន្លែង​, ចាប់​ផ្តើម​ពី​ចំណុច​គល់​ស្ពាន​បេឡេ​ ផ្លូវ​បំបែក​ភូមិ​អូរតាវ៉ៅ ​រហូត​ដល់​ ផ្លូវ​បំបែក​ពេជ្រ​គិរី ​ចំនុច​ខ្ទម​អ្នក​តា​ ស្ថិត​ក្នុង​ភូមិ​អូរតាវ៉ៅ ​ ដែល​ចំណាយ​កញ្ចប់​ថវិកា​ជួស​ជុល​របស់​សាលា​ខេត្ត​ប៉ៃលិន​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ​ក្រោម​ម្លប់​សន្តិ​ភាព​ក្នុង​រយៈ​ពេល​ជាង​១០ឆ្នាំ​មក​នេះ ​យើង​មាន​ឱកាស​កសាង​ អភិវឌ្ឍន៍​ខេត្ត-​ក្រុង​របស់​យើង​អោយ​មាន​ការរីក​ចំរើន ​ទាំង​ផ្នែក​ហេដ្ឋារ​ចនា​សម្ព័ន្ធ ​និង​ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ​យើង​។​ ផ្លូវ​លំ​ជា​ច្រើន​ខ្សែ ​ទាំង​នៅ​ក្នុង​ទីក្រុង​ និង​នៅ​ជន​បទ ​យើង​បាន​រៀប​ចំ​បាត​គ្រិះ​ផ្លូវ​ រួចរាល់ ​សំរាប់​ការ​ប្រើប្រាស់​របស់​ប្រជា​ពល​រដ្ឋ​ជា​បណ្តើរៗ​  ហើយ​មាន​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​យើង​បាន​សំរេច​ការ​កសាង​ជា​ស្ថាពរ​ផង​ដែរ។​ ជាក់​ស្តែង​សំរាប់​ឱកាស​ពេល​នេះ​យើង​បាន​បើក​ការ​ដ្ឋាន​ជួស​ជុល​ផ្លូវលំ​មួយ​ខ្សែ​បន្ថែម​ទៀត ​សំរាប់​បំរើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ ដែល​ផ្លូវ​នេះ​យើង​ធ្លាប់​បាន​កសាង​ពី​មុន​រួច​មក​ហើយ ​ តែ​ត្រូវ​បាន​ខូច​ខាត​ទៅវិញ​មួយ​ចំនួន​ធំ​។ ​ឯឧត្តម​បាន​បន្តថា​ យើង​ពិត​ជា​នៅ​មាន​តម្រូវ​ការ​ផ្លូវ​ថ្នល់​ច្រើន​សំរាប់​ប្រជា​ពល​រដ្ឋ​ធ្វើ​ដំណើរ​  ដឹក​ជញ្ជូន​កសិកម្ម​  ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ដោយ​សន្សឹមៗ​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ទៅ​តាម​លទ្ធភាព​របស់​យើង ​, អោយ​តែ​យើង​នៅ​មាន​សន្តិភាព​ មាន​ការ​ឯក​ភាព​ជាតិ ​យើង​នឹង​នៅ​តែ​មាន​ឱកាស ​កសាង​ អភិវឌ្ឍន៍​ខេត្ត ​ ក្រុង​របស់​យើង​អោយ​រីក​ចំរើន​ជា​លំដាប់​។​ ឯក​ឧត្តម​ បាន​មាន​ប្រសាសន៍​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​ត្រូវ​ចេះ​ជួយ​ថែរក្សា ​ចេះ​សំអាត​ផ្លូវថ្នល់​របស់​យើង​អោយ​បាន​ល្អ ​ធានា​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង ​ព្រោះ​វាជា​ផ្លូវ​របស់​យើង​ទាំង​អស់​គ្នា ​ហើយ​យើង​ទាំង​អស់​គ្នា​ជា​អ្នក​ប្រើប្រាស់​ផ្លូវ​នេះ  ​ដូច​ទៅ​នឹង​មនុស្ស​យើង​អញ្ចឹង​ដែរ ​បើ​ស្អាត​ មាន​សោភ័ណ​ភាព​ មាន​អនាម័យ ​ យើង​នឹង​មាន​លាភ ​ មាន​រាសី ​ទៅ​តាម​នោះ​ដែរ​។​ ឯក​ឧត្តម ​ក៏​បាន​ណែនាំ​សូម​អោយ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​មិន​ទាន់​មាន​សំបុត្រ​បញ្ជាក់​កំណើរ ​និង​អត្ត​សញ្ញាណ​ប័ណ្ណ ​ត្រូវ​ប្រញាប់​ធ្វើ​អោយ​បាន​រូស​រាន់​ ព្រោះ​អត្ត​សញ្ញាណ​ ប័ណ្ណ​មាន​សារៈ​សំខាន់​ណាស់​សំរាប់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប ​, អត្ត​សញ្ញាណ​ប័ណ្ណ ​ជា​អ្នក​បញ្ជាក់​ថា​យើង​ជា​នណា?​  មក​ពីណា?​ ។ ​ការ​ស្នាក់​នៅ ​ការ​លក់​ដូរ​ផ្ទេរ​កម្ម​សិទ្ធ ​ការ​ធ្វើ​ដំណើរ ​ការ​ធ្វើ​ការងារ​ ការរៀន​សូត្រ​របស់​កុមារ ​ គឺ​ត្រូវ​ការ​អត្ត​សញ្ញាណ​ប័ណ្ណ​ទាំង​អស់ ​ពិសេស​គឺ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ​និង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ ​សំរាប់​ប្រើ​សិទ្ធ​របស់​ខ្លួន​ក្នុង​ការ​ជ្រើស​រើស​ថ្នាក់​ដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​ពេញ​ចិត្ត​៕​

cpp-15-08-2016-001 cpp-15-08-2016-002 cpp-15-08-2016-003 cpp-15-08-2016-004 cpp-15-08-2016-005 cpp-15-08-2016-006vv

[youtube id= “3_XTVSFAaFM”]