មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនបើកសិក្ខាសាលាផ្សព្វផ្សាយបញ្ហាប្រឈមនៃការនាំចេញកសិផលខ្មែរទាំង៦ខេត្តនៅភាគពាយព្យ


(09-08-2016) ប៉ៃលិន៖ ​នៅ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន ​ ថ្ងៃទី៩ ​ខែសីហា ​ឆ្នាំ២០១៦ ​មាន​រៀប​ចំ​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​ពី​បញ្ហា​ប្រឈម​នៃ​ការ​នាំចេញ​កសិផល​ខ្មែរ​ទាំង​៦ខេត្ត ​ នៅ​ភាគ​ពាយព្យ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។​ សិក្ខា​សាលា​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ឯក​ឧត្តម​ ហឿង​ សុគុណ ​អភិបាល​រង​ខេត្ត​បាត់​ដំបង ​លោក ​សាន​ ភិរុណ្ណា ​អគ្គនាយក​រង ​នៃ​អគ្គ​នាយក​ដ្ឋាន​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ ​លោក​ជំទាវ​ ស៊ុំ​ ហៀង​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត ​លោក​ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ មក​ពី​ខេត្ត​ទាំង​៦ ​នៃ​ភាគ​ពាយព្យ ​មាន​ខេត្ត​ព្រះវិហារ ​ ឧត្ត​មាន​ជ័យ ​ បន្ទាយ​មាន​ជ័យ  ​បាត់​ដំបង ​ពោធិសាត់​ និង​ខេត្ត​ប៉ៃលិន ​ ព្រម​ទាំង​មាន​តំណាង​ក្រុម​ហ៊ុន ​ អាជីវករ​ និង​ឈ្មួញ​នាំចេញ​កសិផល​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​បាន​ចូល​រួម​ផង​ដែរ​។​

​លោក​ សុខ ​សាធីម​ ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា ​កន្លង​មក​ភាគី​ថៃ​តែង​តែ​ដាក់​របាំង​បច្ចេក​ទេស​ជា​មួយ​ភាគី​កម្ពុជា​ ក្នុង​ការ​នាំចេញ​កសិផល​មួយ​ចំនួន​ដែល​បាន​ហាម​  ពិសេស​គឺ​ពោត​ក្រហម​។ ​ក្រៅពី​នោះ​មាន​កសិផល​ខ្មែរ​១៨មុខ​ទៀត​ដែល​ភាគី​ថៃ​ហាម​មិន​អោយ​នាំ​ចូល​ពី​កម្ពុជា​  លុះត្រា​តែ​ភាគី​កម្ពុជា​ធ្វើ​ការ​វិច​ខ្ចប់​អោយ​បាន​ត្រឹម​ត្រូវ ​ និង​បញ្ជាក់​ពី​ទីតាំង​អោយ​បាន​ច្បាស់លាស់​ ទើប​អាច​នាំ​ចូល​បាន​។ ​កសិផល​ទាំង​នោះ​មាន​ដូច​ជា ​ស្វាយ ​ ស្នៀត​ពោត ​ ម្នាស់ ​ មៀន​ប៉ៃលិន ​ ល្ពៅ ​ ល្ហុង ​ ននោង ​ ជ័រកៅស៊ូ​ ស្រូវ​ អង្កាំ ​ ក្រូច​ពោធិ​សាត់ ​ ស្រការ​នាគ ​ ត្រប់​ចង្កោម ​ ក្រូច​ឆ្មា  ​ប៉េង​ប៉ោះ  ​ធុរ៉េន ​ ចំប៉ា​ដក  ​និង​ឪឡឹក​។​

​លោក​ប្រធានមន្ទីរ​ទាំង​៦ខេត្ត  ​នៅ​ភាគ​ពាយព្យ ​និង​អាជីវករ ​ក្រុម​ហ៊ុន​នាំចេញ​កសិផល​ខ្មែរ​ បាន​លើក​ឡើង​ថា ​កន្លង​មក​ការ​នាំចេញ​កសិផល​ខ្មែរ​យើង​គឺ​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​ថៃ​ និង​វៀតណាម​ ហើយ​ប្រទេស​ទាំង​នោះ ​តែង​មាន​របាំង​បច្ចេក​ទេស ​បញ្ជាក់​ពី​គុណ​ភាព ​ ទីកន្លែង​ផលឹត​ មាន​ក្រុម​ហ៊ុន​ច្បាស់​លាស់ ​។​  ប្រទេស​ថៃ​មាន​ឯក​សារ​ច្បាប់​ស្មុគ្រ​ស្មាញ ​ហើយ​ត្រូវ​ទៅ​បំពេញ​នៅ​ទីក្រុង​បាង​កក ​ចំណាយ​ពេល​វេលា​ និង​ថវិកា ​។ ​ម្យ៉ាង​ទៀត ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ក៏​មាន​ការ​លំបាក​ ដោយ​ពី​មុន​អាច​ ដឹក​កសិផល​ដោយ​ប្រើ​រថយន្ត​ធន់​ធំ,​ ដឹក​បាន​ច្រើន,​ តែ​ពេល​នេះ​គេ​កំណត់​អោយ​ដឹក​តែ​រថយន្ត​កង់៦​ តែ​ការ​បង់​សេវា​ផ្សេងៗ​ គឺ​នៅ​មាន​តម្លៃ​ ដដែល​។ ​នៅ​ខេត្ត​ព្រះវិហារ ​ការ​ទំនាក់​ទំនង​ទ្វេរ​ភាគី​ជា​មួយ​ថៃ​មិន​សូវ​បាន​ល្អ ​ការ​នាំចេញ​កសិផល​របស់​ប្រជា​ពល​រដ្ឋ​រឹត​តែ​មាន​ការ​លំបាក ​ហើយ​កសិ​ផល​ជា​ច្រើន​របស់​ប្រជា​កសិករ​មិន​មាន​ទីផ្សារ​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា​ រាជរ​ដ្ឋាភិបាល​មាន​យុទ្ធ​សាស្រ្ត​រួច​ហើយ ​ក្នុង​ការ​កសាង​ស្ពាន ​ផ្លូវ​ មធ្យោបាយ​ដឹក​ជញ្ជូន ​ទៅ​កំពង់ផែ​ ក៏​ដូច​ជា​ការ​រទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ទី៣​ដោយ​ផ្ទាល់ ​មិន​បាច់​នាំចេញ​តាម​រយៈ​ប្រទេស​ថៃ ​ឬ​វៀតណាម​ទៀត​ទេ​។​ ដូច្នេះ​ យើង​លែង​ពិបាក​លើ​បញ្ហា​ទីផ្សារ​កសិផល​របស់​យើង​ទៀត​ហើយ។​ ប៉ុន្តែ​សំរាប់​រយៈ​ពេល​បច្ចុប្បន្ន​នេះ​ យើង​ត្រូវ​ពឹង​លើ​ទីផ្សារ​ប្រទេស​ទាំង​នោះ ​ហើយ​យើង​ចាំបាច់​ត្រូវ​មាន​ការ​ជួប​ពិភាក្សា​នូវ​កិច្ច​សហ​ប្រតិប័ត្ត​ការ​រវាង​អាជ្ញាធរ ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាង​ណា​ដើម្បី​សំរួល​លើរ​ការងារ​ពាណិជ្ជ​កម្ម​ដឹក​ជញ្ជូន​របស់​ប្រជា​ពល​រដ្ឋ​យើង​អោយ​បាន​ល្អ ​ រក​ទីផ្សារ​លក់​ផលឹត​ផល​ប្រជាក​សិក​រខ្មែ​រយើង​។ ​ទន្ទឹម​នេះ​ប្រជា​កសិករ​យើង​ក៏​ត្រូវ​សំរិត​សំរាំង​ផលឹត​ផល​របស់​ខ្លួន​អោយ​បាន​ល្អ ​មាន​គុណ​ភាព​ ស្តង់​ដា​កំណត់​ផងដែរ​។​ សមត្ថ​កិច្ច​ពាក់​ព័ន្ធ​របស់​កម្ពុជា​យើង ​ក៏​ត្រូវ​ខិតខំ​សំរួល​ការ​ងារ​អោយ​បាន​ល្អ​ប្រសើ​ជូន​អាជីវករ​ ក្រុម​ហ៊ុន​នាំចេញ​កសិផល​របស់​ប្រជា​ពល​រដ្ឋខ្មែរ​ លើក​ទឹក​ចិត្ត​ ក្នុង​ការ​នាំ​កសិផល​ខ្មែរ​យើង​ទៅ​កាត់​ទីផ្សារ​, បើ​ភាគី​ថៃ​លំបាក​ហើយ​ សូម​កុំ ​អោយ​ខាង​ខ្មែរ​លំបាក​ថែម​ទៀត។​ ឯក​ឧត្តម ​បាន​មាន​ប្រសាសន៍​បន្តថា ​យើង​ក៏​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ ​ការ​ជំរុញ​អោយ​មាន​វិន្និយោគ​ក្នុង​ស្រុក​ ក៏​ដូច​ជា​វិន្និយោគ​ពី​ខាង​ក្រៅ ​បង្កើត​កន្លែង​កែច្នៃ​កសិផល​ក្នុង​ស្រុក​ ដែល​ជា​ទីផ្សារ​មួយ​របស់​ប្រជា​កសិករ​ខ្មែរ​យើង​ផង​ដែរ​។​ ឯក​ឧត្តម ​កើត ​សុធា ​ក៏​បាន​ស្នើ​សុំ​រាជ​រដ្ឋាភិបាល​បង្កើត​កន្លែង​ត្រួត​ពិនិត្យ​គុណ​ភាព ​អនាម័យ​ មួយ​កន្លែង​នៅ​នឹង​ខេត្ត​ជាប់​ព្រំដែន​ភាគ​ពាយ័ព្យ​នេះ​ដើម្បី​សំរួល​ដល់​អាជីវករ​ ក្រុម​ហ៊ុន ​សំរាប់​បញ្ជាក់​ពី​គុណ​ភាព​ អនាម័យ​សំរាប់​នាំចេញ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ​៕​

cpp-09-08-2016-005 cpp-09-08-2016-006 cpp-09-08-2016-007 cpp-09-08-2016-008vv

[youtube id= “emVzdV2qfww”]