(09-08-2016) ប៉ៃលិន៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ ជា លាភ អភិ បាលរងខេត្ត ជាតំណាង, បានដឹកនាំក្រុមការងារខេត្តមាន៖ លោកស្រីសោ មុន្នីរ័ត្ន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកស្រីឧត្តមសេនីយ៍ត្រី សាន់ សាវឿន ស្នងការរងនគរបាលខេត្ត លោក ស្រី ប៊ុន គឹមហេង អនុប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន លោកអភិបាលស្រុកសាលាក្រៅ លោកប្រធានក្រុមប្រឹក្សាស្រុក នាំយកអំណោយស្បៀងទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៣៦គ្រួសាររស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ការចែកស្បៀងនេះបានធ្វើឡើងនៅទីកន្លែងផ្សេងៗពីគ្នា នៅក្នុងឃុំស្ទឹងត្រង់ ដោយមួយគ្រួសារៗទទួលបានអង្ករ ២០Kg ទឹកសុទ្ធអង្គពូរ៉ូមួយយួរ ទឹកត្រីមួយដប និង ប៊ីចេងមួយកញ្ចប់។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា ដោយទទួលបានព័ត៌មានតាមរយៈលោកមេភូមិ មេឃុំ អំពីប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានណែនាំអោយក្រុមការងារខេត្ត ចុះយកអំណោយស្បៀងទាំងនេះមកចែកជូនដល់ប្រជាពលរដ្ឋយើង។ទោះបីអំណោយទាំងនេះមានចំនួនតិចតួច តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការចែករំលែកនូវធនធានមួយចំនួន មកផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋខ្វះខាតស្បៀង សំរាប់ជួយសំរួលដល់ជីវភាពរបស់បងប្អូនទាន់ពេលវេលា ។ លោកជំទាវបានបន្តថា ៖កន្លងមករដ្ឋបាលខេត្តប៉ៃលិន តែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបាននាំអំណោយទៅឧបត្ថម្ភដល់បងប្អូនដែលខ្វះខាតស្បៀងក្នុងខេត្តប៉ៃលិនជាហូហែរ មិនអោយប្រជាពលរដ្ឋណាម្នាក់រងគ្រោះអត់ឃ្លាន ខ្វះបាយហូប ដោយមិនមានការជួយឧបត្ថម្ភពីអាជ្ញាធរឡើយ។ លោកជំទាវក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នថែទាំសុខភាពអោយបានល្អ ត្រូវរស់នៅស្អាត ផឹកស្អាត មានអនាម័យ និងដេកក្នុងមុង។ ម្យ៉ាងទៀតបងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវប្រញាប់រួសរាន់ធ្វើអោយបានឆាប់រហ័ស សំរាប់ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ឃុំសង្កាត់ ដែលខ្លួនស្រឡាញ់ពេញចិត្តនៅឆ្នាំ២០១៧ខាងមុខនេះ។
[youtube id= “Yg-35lMhdOA”]