(08-08-2016) ប៉ៃលិន៖ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយ ក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ និងមន្រ្តីរាជការ មួយចំនួនទៀត បាននាំយកអំណោយស្បៀងទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២៨គ្រួសារ រស់នៅក្នុងសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋក្រីក្រដែលបានមកទទួលអំណោយនាពេលនោះបានជ្រើសរើសមកពីភូមិនានាក្នុងសង្កាត់អូតាវ៉ៅ ដូចជាភូមិ កូនភ្នំ ភូមិក្រចាប់លើ និងភូមិនានាមួយចំនួនទៀត ដែលមួយគ្រួសារៗ ទទួលបាន អង្ករ ២០គីឡូក្រាម មីមួយកេះ ទឹកសុទ្ធអង្គរពូរ៉ូមួយកេះ និងទឹកត្រីមួយដប។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា អំណោយដែលបាននាំយកមកចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក៏ពិតមែនតែ វាអាចសំរួលដល់ជីវភាពរបស់បងប្អូនបានមួយ រយៈពេល។ ដូច្នេះ បងប្អូនត្រូវខិតខំប្រកបរបរទទួលទាន ធ្វើចំការដាំដំណាំគ្រប់ប្រភេទ ចិញ្ចឹមសត្វ ដោយខ្លួនឯង អោយបានច្រើនសំរាប់ដោះស្រាយជីវភាពក្រុមគ្រួសារ។ លោកជំទាវបានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការគិតគូពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយសម្តេចតែងតែបានណែនាំដល់អាជ្ញាធរខេត្ត មន្រ្តីរាជការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋយើង និងបញ្ហាផ្សេងៗទៀត មិនអោយប្រជាពលរដ្ឋណារងគ្រោះអត់បាយដោយមិនមានការជួយឧបត្ថម្ភពីអាជ្ញាធរឡើយ។ លោកជំទាវ ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាព ហើយត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្តនៅពេលមានជម្ងឺតម្កាត់កើតឡើង កុំទុកអោយជម្ងឺកាន់តែធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋក៏ត្រូវមានការប្រុងប្រយ័ត្ន កុំចំណាកស្រុកដោយប្រថុយប្រថានទៅធ្វើការនៅប្រទេសផ្សេង ដោយមិនស្របច្បាប់អោយសោះ។ ទន្ទឹមនេះបងប្អូនប្រជាពលរដ្ឋត្រូវទៅធ្វើសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណ អោយបានគ្រប់គ្នា ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាឆ្នាំ២០១៧ខាងមុខនេះដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត។
[youtube id= “59lvWmXrT34”]