(06-08-2016) ប៉ៃលិន៖ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិន និង ព្រះគ្រូ អ៊ា សុផន ព្រះចៅអធិការវត្តប៉ាហ៊ី រួមដំណើរដោយ លោកស្រីសោ មុន្នីរ័ត្ន លោកស្រី ប៊ុន គឹមហេង លោកស្រី គង់ សុភ័ក្រ លោកយាយ លោកតាវត្តនៅប៉ាហ៊ី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកចំណីអាហារ និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ទៅឧបត្ថម្ភជូនដល់មន្រ្តីអនុរក្សពន្ធនាគារ និងទណ្ឌិតដែលកំពុងជាប់ឃុំនៅពន្ធនាគារខេត្តប៉ៃលិន។
ព្រះគ្រូ អ៊ា សុផន ព្រះចៅអធិការវត្តប៉ាហ៊ីបានមានសង្ឃដីកាណែនាំអោយទណ្ឌឹតទាំងអស់ ត្រូវមានការភ្ញាក់រលឹកកែប្រែខ្លួនអោយបានល្អ នៅពេលដែលរួចផុតពីទោសទណ្ឌ វិលត្រលប់ទៅរស់នៅក្នុងសង្គមគ្រួសារវិញ។ ព្រះអង្គបានមានសង្ឃដីការថា យើងធ្វើអំពើអ្វី ផលនៃអំពើនោះនឹងតមស្នងមកយើងវិញ ជៀសមិនរួចឡើយ ដូច្នេះពុទ្ធបរិស័ទទាំងអស់ត្រូវតែធ្វើអំពើណាដែលល្អប្រពៃ ផ្តល់ផលប្រយោជន៍ដល់សង្គម និងខ្លួនឯង ជៀសវាងការធ្វើអំពើណាដែលមិនល្អ ខុសច្បាប់ទម្លាប់ នាំអោយមានទោសទណ្ឌ និងមានបាបតទៅជាតិក្រោយៗទៀត។ ព្រះអង្គបានបន្តថា ទោះបីពេលនេះយើងបានធ្វើខុសច្បាប់ ទទួលរងនូវទោសទណ្ឌ ប៉ុន្តែវាមិនទាន់ហួសពេលនៅឡើយទេ ក្នុងការកសាងខ្លួនអោយបានល្អឡើងវិញ។
លោកជំទាវ ជា លាភ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថា អំណោយទាំងអស់នេះមានចំនួនតិចតួច តែជាទឹកព្រះទ័យរបស់ព្រះសង្ឃ និងជាទឹកចិត្ត យាយជី តាជី និងថ្នាក់ដឹកនាំខេត្តប៉ៃលិន ក្នុងការចែករំលែកជូនដល់មន្រ្តីអនុរក្សពន្ធនាគារ ក៏ដូចជាទណ្ឌិតដែលកំពុងជាប់ឃុំនៅពន្ធនាគារនេះ ។ លោកជំទាវបានបន្តថា ក្នុងនាមអាជ្ញាធរខេត្ត តំណាងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន តែងតែមានការគិតគូជានិច្ចពីសុខទុក្ខ ការលំបាករបស់បងប្អូនមន្រ្តីអនុរក្សពន្ធនាគារ ក៏ដូចជា ទណ្ឌឹតទាំងអស់ក្នុងពន្ធនាគារនេះ ទោះបីយើងធ្លាប់មានកំហុសឆ្គង តែយើងនឹងប្រសើឡើងវិញនៅពេលដែលយើងចេះដឹកកំហុស ហើយកែប្រែកំហុសរបស់ខ្លួន ងាកមកប្រព្រឹត្តនូវអំពើល្អ ក្លាយជាពលរដ្ឋល្អ រួមគ្នាកសាងសង្គមជាតិរបស់យើងអោយរីកចំរើន៕
[youtube id= “t_V2lh0TtYE”]