(02-08-2016) ប៉ៃលិន៖ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម អគ្គលេខាធការ សមាគមន៍អតីតយុទ្ធជន បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិការ សមាគន៍អតីតយុទ្ធជនខេត្តប៉ៃលិនជាង ២៥០នាក់ នៅសាលាខេត្តប៉ៃលិន។ កិច្ចសំណេះសំណលនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សែង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនខេត្តប៉ៃលិន និងមន្រ្តីរាជការអ្នកមុខ អ្នកការមួយចំនួនទៀត។
ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តយសសមាគមន៍អតីតយុទ្ធជនខេត្តប៉ៃលិនបានមានប្រសាសន៍ថា វត្តមានដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម ក្នុងកិច្ចសំណេះសំណាលជាមួយសមាជិក សមាជិការ សមាគន៍អតីតយុទ្ធជនខេត្តប៉ៃលិន នាឱកាសនេះ គឺបង្ហាញពីការគិតគូ យកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលចំពោះអតីតយុទ្ធជនខេត្តប៉ៃលិនយើង ដែលជាគំរូវីរភាព និងជាអ្នកមានគុណបំណាច់ដ៏ធំធេង ពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ មាតុភូមិ។ ឯកឧត្តមបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែតែបានណែនាំដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់មើលលើសុខទុក្ខជីវភាពរស់នៅ និងការផ្តល់សេវារដ្ឋបាល សព្វបែបយ៉ាងជូនបងប្អូនអតីតយុទ្ធជនយើងអោយបានល្អប្រសើ។
ឯកឧត្តមនាយឧត្តម សេនីយ៍ គន់ គីម អគ្គលេខាធការ សមាគមន៍អតីតយុទ្ធជន បានមានប្រសាសន៍ពាំនាំការសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជជាណាចក្រកម្ពុជា ចំពោះអតីតយុទ្ធជនទាំងអស់។ ឯកឧត្តមបានមានប្រសាសន៍ថា សម្តេចហ៊ុនសែន មានការយកចិត្តទុកដាក់ខ្ពស់ណាស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន យើងទាំងអស់ ព្រោះបងប្អូនអតីតយុទ្ធជនគឺជាអ្នកលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយក៏ជាអ្នកដែលចូលរួមសកម្ម ក្នុងគោលនយោបាយឈ្នះ- ឈ្នះ ដែលបាននាំមកនូវសុខ សន្តិភាពនៅទូទាំងប្រទេសកម្ពុជាយើង។ មានសុខ សន្តិភាពទើបមានការអភិវឌ្ឍន៍ មានអ្វីៗដូចយើងមានសព្វថ្ងៃនេះ និងបន្តរីកចំរើនទៅមុខយ៉ាងខ្លាំងក្លាទៀត នៅពេលដែលសុខសន្តិភាពនេះ នៅតែមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ឯកឧត្តមបានបន្តថា ពួកយើងទាំងអស់គ្នា សុទ្ធតែជាអ្នកធ្នាប់បានក្រាបលូន ទទួលរងការឈឺចាប់ ព្រាត់ប្រាស់ដោយសារសង្គ្រាមរាំងជល់ កាប់សំលាប់គ្នាឯង អស់ជាង ៣ ទស្សវត្សន៍។ ដូច្នេះយើងមានការខ្លាចរអា និងការពារដាច់ខាតមិនអោយកើតមានសង្គ្រាមបន្តទៀតទេ ហើយយើងត្រូវគាំទ្រ ដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល, គាំទ្រគោលនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាយើង៕
[youtube id= “b0WiB0I_g-s”]