(27-07-2016) ប៉ៃលិន៖ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកជំទាវ ជា លាភ អភិបាលរងខេត្ត លោក- លោកស្រីប្រធាន អនុប្រធានមន្ទីរ និង មន្ត្រីរាជការមួយចំនួនទៀត បាននាំយកអង្ករ ទឹកសុទ្ធ និងថវិកាមួយចំនួនទៀត ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួនជាង៣០០គ្រួសារ រស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អង្ករដែលបានយកទៅចែកជូនប្រជាពលរដ្ឋនាពេលនោះ សរុបចំនួន២តោន ដែលជាអំណោយរបស់ព្រះសង្ឃចិន ព្រះនាម សិ លៀនជឺ ។ ចំណែកថវិកា និងទឹកសុទ្ធអង្គរពូរ៉ូ ចំនួនជាង៣០០កេះ និងថវិកា ជាអំណោយរបស់សាលាខេត្តប៉ៃលិន ដោយប្រជាពលរដ្ឋម្នាក់ៗទទួលបានទឹកសុទ្ធមួយកេះ , អង្ករ១០គីឡូក្រាម និងថវិកា១០០០០រៀល។ ដោយឡែក ប្រជាពលរដ្ឋដែលមិនទទួលបានអង្ករ លោកជំទាវ ជា លាភ បានផ្តល់ជូនថវិកាចំនួន២០០០០រៀលបន្ថែមទៀត។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ស្របពេលដែលប្រទេសជាតិយើងមានសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងមានឱកាសប្រកបរបរចិញ្ចឹមជីវិតដោយសេរី ត្រឹមត្រូវ ហើយយើងតែងតែជួយគ្នាក្នុងពេលជួបគ្រាក្រលំបាក។ នៅក្នុងឱកាសនេះ យើងមានការជួយឧបត្ថម្ភពីព្រះសង្ឃនៃប្រទេសចិន អាជ្ញាធរខេត្ត បានពាំនាំនូវអំណោយមួយចំនួនបន្ថែមទៀត មកចែកជូនដល់ប្រជាពលរដ្ឋយើង នាពេលនេះ ដើម្បីសំរួលដល់ជីវភាពរស់របស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្ទឹងត្រង់នេះ។ ទោះបីចំណោយទាំងនេះមានចំនួនតិចតួច តែជាទឹកចិត្តរបស់ថ្នាក់ដឹកនាំ សប្បុរស់ជន ក្នុងការចូលរួមដោះស្រាយជីវភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម កើត សុធា អភិបាល នែគណអភិបាលខេត្តប៉ៃលិន ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវឧស្សាហ៍ព្យាយាម ខិតខំបង្ករបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ លើកស្ទួយជីវភាពគ្រួសារ ហើយមិនត្រូវនាំគ្នាលេងល្បែងស៊ីសង សេពគ្រឿងស្រវឹង បង្ករអំពើហឹង្សាក្នុងគ្រួសារឡើយ ហើយត្រូវណែនាំបង ប្អូន កូនចៅទាំងអស់អោយជៀសឆ្ងាយពីបញ្ហាគ្រឿងញៀន ។ បងប្អូនប្រជាពលរដ្ឋគ្រប់រូបក៏ត្រូវមានការប្រុងប្រយ័ត្នក្នុងពេលបើកបរម៉ូតូ ឡាន យានជំនិះសព្វបែបយ៉ាង មិនត្រូវបើកហួសល្បឿនកំណត់ មិនត្រូវបើកបរក្នុងសភាពស្រវឹងស្រា បើកបរត្រូវគោរពសិទ្ធអាទិភាពអ្នកដទៃ។ ឯកឧត្តម កើត សុធា ក៏បានណែនាំសូមអោយប្រជាពលរដ្ឋដែលមិនទាន់បានធ្វើសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ ត្រូវប្រញាប់ធ្វើអោយបានរូសរាន់ ដើម្បីបំពេញកាព្វកិច្ចប្រជាពលរដ្ឋ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាឆ្នាំ២០១៧ខាងមុខនេះ ព្រោះបើគ្មានអត្តសញ្ញាណប័ណ្ណគំរូថ្មីទេ គឺយើងមិនអាចចុះឈ្មោះបោះឆ្នោត និងមិនអាចបោះឆ្នោតបានឡើយ គឺមានន័យថា យើងបានបាត់បង់សិទ្ធក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្តរួចទៅហើយ៕
[youtube id= “BpGzQFuGFiE”]