(24-07-2016) ប៉ៃលិន៖ ក្នុងពេលចុះជួបសំណេះសំណាល ជាមួយក្រុមការងារបក្សចុះជួយភូមិប៉ាហ៊ីត្បូង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ស៊ុន យី ប្រធានគណបក្សក្រុងប៉ៃលិន បានជុំរុញឲ្យក្រុមការងារបក្សទាំងអស់ ចុះជួយតាមភូមិនីមួយៗ ត្រូវជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងជាពិសេស សេវាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ លោកបានបន្តថា គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាយើងកន្លងមក តែងតែយកចិត្តទុកដាក់ គិតគូពីជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ ហើយបានកសាងសមិទ្ធិផលនានា ជាច្រើនជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍សាធារណៈ ។
លោកមានប្រសាសន៏ថា បច្ចុប្បន្ននេះប្រទេសជាតិ យើងកំពុងមានសុខសន្តិភាពពេញលេញ និងកំពុងមានការអភិវឌ្ឍន៏ ហើយសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលយើងត្រូវដោះស្រាយជាបន្ទាន់ដូចជា ការធ្វើអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើតជាដើម។ ហើយនៅពេលខាងមុខនេះ គឺមានការចុះឈ្មោះអ្នកបោះឆ្នោត សម្រាប់រៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ដើម្បីត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨។ ដូចនេះ ក្រុមការងារបក្សយើង ដែលចុះជួយនៅតាមភូមិនីមួយៗ ត្រូវខិតខំជួយដោះស្រាយជូនប្រជាពលរដ្ឋយើង តើបងប្អូនណាខ្លះមានអត្តសញ្ញាណបណ្ណ ហើយបងប្អូនណាខ្លះមិនទាន់បានធ្វើអត្តសញ្ញាណបណ្ណ តើមានការផ្លាស់ប្ដូរ ទីលំនៅ ចេញចូលចំនួនប៉ុន្មាន ចំណាកស្រុកមានចំនួនប៉ុន្មានឲ្យបានច្បាស់លាស់ ហើយត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយើង ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា។ ព្រមជាមួយនេះលោក ក៏បានឲ្យលោក មេភូមិគ្រប់ភូមិ ត្រូវស្រង់ឈ្មោះអ្នកដែលមានបញ្ហាប្រឈមនានាទាំងអស់ និងធ្វើរបាយការណ៏មកដល់ក្រុមការងារ ដើម្បីក្រុមការងារយើង យកបញ្ហាទាំងនោះ ទៅពិនិត្យនិងដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋឲ្យបានសមស្រប និងទាន់ពេលវេលា។
ក្នុងឱកាសនោះដែរក្រុមការងារក៏បានឧបត្ថម្ភសម្ភារៈគ្រឿងបរិភោគមួយចំនួនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួនពីរគ្រួសារដោយមួយគ្រួសារៗទទួលបាន អង្ករ ២២គីឡូក្រាម ,ទឹកត្រី ៦ដប ,មី១កេស , ត្រីខ១យួរ, ស្ករសរ ១គីឡូក្រាម, ទឹកស៊ីអ៊ីវ១យួរផងដែរ៕
[youtube id= “R33QX0KSHOI”]