(17-07-2016) ប៉ៃលិន៖ នៅព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិននិងលោកជំទាវ គង់ស្តីព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការជុំវិញខេត្ត បាននាំយកទៀនវស្សា និងទេយ្យទានមួយចំនួនទៀតទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តបុព្វារាមហៅ វត្តសាលាក្រៅចាស់ ដែលស្ថិតនៅ ឃុំស្ទឹងត្រង់ ស្រុកសាលា ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ឯកឧត្តមកើត សុធាបានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ្ធដោយបានលើកឡើងថា៖ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងទាំងអស់គ្នាបានមានឱកាសមកជួបជុំគ្នាប្រារព្វធ្វើបុណ្យទានតាមគន្លង វិស័យព្រះពុទ្ធសាសនាដែលកំពុងតែមានការវិវត្តរីកចំរើននៅទូទាំងខេត្តប៉ៃលិនក៏ដូច ជានៅទូទាំងប្រទេសផងដែរ។សន្តិភាពបានធ្វើឲ្យប្រជាពលរដ្ឋយើងបានរស់នៅជួបជុំទទួលបាននូវសេចក្តីសុខសុភមង្គល ហើយប្រទេសជាតិយើងមានឱកាសពេញលេញក្នុងការកសាងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា៖ ដោយសារតែមានការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ រីកចំរើនជាបន្តបន្ទាប់។ តែកន្លងមកពួកអគតិមួយចំនួនបានប្រឌិតរឿងដើរញ៉ុះញ៉ុងអុចអាលបងប្អូនប្រជាពលរដ្ឋយើងតាមមូលដ្ឋានភូមិឃុំ រំខានដល់ការរស់នៅរកស៊ីធ្វើការងារបង្ករបង្កើនផល មានចេតនា បង្ករនូវភាពអសកម្ម នានាដើម្បីបំផ្លាញនូវសមិទ្ធផល និងបរិយាកាសសន្តិភាព។ ដូចនេះសុំឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់កុំជឿតាមការឃោសនាអកុសល់របស់ពួកក្រុមជ្រុលនិយមទាំងនេះ ហើយចូលរួមសាមគ្គីគ្នាថែរក្សាការពារអោយបាននូវសុខសន្តិភាព ដែលជាព្រលឹងអាយុជីវិតប្រទេសជាតិយើង។
ព្រមជាមួយនេះផងដែរ ឯកឧត្តមក៏បានណែនាំ ដល់បងប្អូនប្រជាពលយើងដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ត្រូវរួសរាន់ធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានឆាប់ ដើម្បីចុះឈ្មោះបោះឆ្នោត ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធិភាព ដោយរួមគ្នាទប់ស្កាត់កុំឲ្យមានក្រុមក្មេងទំនើង ការសេពគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្នុងភូមិឃុំ ហើយនិងចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ត្រូវពាក់មួកសុវត្ថភាព ក្នុងពេលបើកបរ ។
ទេយ្យទានដែលនាំយកទៅប្រគេនព្រះសង្ឃនៅពេលនោះរួមមានទៀនវស្សាមួយគូរ អង្ក២ ការ៉ុង ទឹកបរិសុទ្ធដបធំ ១០កេស មី១០កេសនិងទេយ្យវត្ថុផ្សេងៗមួយចំនួនទៀត ព្រមទាំងប្រគេនថវិកាសម្រាប់កសាងវត្ត១.២០០.០០០រៀល ប្រគេនព្រះសង្ឃ៦អង្គ មួយអង្គ ៥ម៉ឺនរៀល លោកតាលោកយាយចាស់ៗចំនួន១០០នាក់ក្នុងមួយនាក់ចំនួន១៥០០០រៀល និងកុមារាកុមារី៥៤នាក់ ម្នាក់ៗ២០០០រៀលផងដែរ។
តមកឯកឧត្តមនិងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់បានបន្តដំណើរទៅពិនិត្យមើល ការសាងសង់អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសាលាក្រៅ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ដែលផ្តើមកសាងឡើងដោយលោករាមសុមានប្រធានក្រុមការងារគណបក្សប្រជាជនខេត្តចុះជួយឃុំសាលាក្រៅ ដែលមកដល់ពេលនេះការកសាងបាន៨០%ហើយ។
[youtube id= “BepoOKxLF70”]