(10-07-2016) ប៉ៃលិន៖ ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញប្រគេនភ្លើងបូជាសព ព្រះភិក្ខុ អាទិច្ចវំសោ វ៉ែន សុវត្ថ ដែលបានសុគតនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ ដោយជំងឺគាំងបេះដូង។
ព្រះភិក្ខុ អាទិច្ចវំសោ វ៉ែន សុវត្ថ ធ្លាប់គង់នៅវត្តរតនសោភ័ណ ហើយបានបន្តការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទស្សនវិទ្យា នៅសកលវិទ្យាល័យមហាមង្កដរាជ ព្រះរាជាណាចក្រថៃ ។ ព្រះភិក្ខុ អាទិច្ចវំសោ វ៉ែន សុវត្ថ គឺជាបុគ្គលដ៏សំខាន់ មួយរូបដែលធ្លាប់បានបូជាទាំងកំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ចូលរួមក្នុងសកម្មភាពសង្គម និងព្រះពុទ្ធសាសនា។ ព្រះអង្គទទួលបានការកោតសរសើពីញាតិញោមពុទ្ធបរិស័ទ គ្រប់មជ្ឈដ្ឋាន រួមទាំងមន្រ្តីរាជការ និងក្រសួងធម្មការ និងសាសនាផងដែរ។
ឯកឧត្តម កើត សុធា អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍សំដែងការសោក ស្តាយអាឡោះអាល័យចំពោះព្រះភិក្ខុ អាទិច្ចវំសោ វ៉ែន សុវត្ថ ដែលជាព្រះសង្ឃមួយអង្គ ធ្លាប់មានគុណបំណាច់ក្នុងការចូលរួមអប់រំសីលធម៌សង្គម , កិច្ចការសង្គម និងកិច្ចការព្រះពុទ្ធសាសនាជាច្រើនទៀត។ ឯកឧត្តមបានមានប្រសាសន៍ថា ការបាត់បង់ព្រះភិក្ខុ អាទិច្ចវំសោ វ៉ែន សុវត្ថ គឺជាការបាត់បង់បុគ្គលដែលមានចំណេះដឹង មានសមត្ថភាពម្នាក់ដែលសង្គមជាតិកំពុងត្រូវការជាចាំបាច់។ ឯកឧត្តម ក៏បានបួងសួងសូមអោយវីញ្ញាណខ័ន្ធព្រះភិក្ខុ អាទិច្ចវំសោ វ៉ែន សុវត្ថ សោយសុខតិភព និងកុំបីឃ្លៀងឃ្លាតឡើយ៕
[youtube id= “9R0DeaX6P6w”]