(06-07-2016) ប៉ៃលិន៖ កាលពីថ្ងៃទី០៦កក្កដាឆ្នាំ២០១៦ ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយសប្បរសជនមកពីខេត្តសៀមរាបបានអញ្ជើញសាកសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្ថម្ភជូនដល់ពលទាហាន នាយទាហានអង្គភាពកងវរៈសេនាតូចលេខ៥០៧ស្ថិតនៅក្នុងភូមិសាស្ត្រភ្នំបេង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
បន្ទាប់ពីលោកវរៈសេនីយ៍ឯក កែម អនុជ មេបញ្ជាការរងតំបន់ប្រតិបត្តិការសិករងខេត្តប៉ៃលិនធ្វើរបាយការពីសកម្មភាពនិងតួនាទីរបស់កងវរៈសេនាតូចលេខ៥០៧ ក្នុងកិច្ចការពារព្រំដែនរួចមក លោក ប៉ា បូ មេឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម ខេត្តសៀមរាបបានអោយដឹងថាៈអំណោយដែលក្រុមការងារយកមកឧបត្ថម្ភកងកម្លាំងពេលនេះគឺជាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងឃុំរបស់លោកក្នុងការលើកទឹកចិត្តដល់កងកម្លាំងនៅឈរជើងការពារព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។
ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍កោតសរសើនិងថ្លែងអំណគុណដល់សប្បរសជនមកពីខេត្តសៀមរាបដែលបានលះបង់ធនធានផ្ទាល់ខ្លួនបាននាំយកអំណោយចែកជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា ថៃ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងអោយកាន់តែមានគោលជំហរស្មារតីការពារបូរណៈភាពទឹកដីអោយបានគង់វង្ស។ នេះបានបង្ហាញឲ្យឃើញពីសកម្មភាពសាមគ្គីភាព និងសីល្បៈចែករំលែក រវាងសមរភូមិក្រោយ ផ្សាភ្ជាប់សមរភូមិមុខ។ឯកឧត្តម កើត សុធា បានផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងកិច្ចសហការគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធឲ្យបានជិតស្និទ្ធថែរក្សាការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងឲ្យបានគង់វង្ស ។ ទន្ទឹមនេះកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃអោយបានល្អ រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនអោយបានជាប្រចាំ ជាពិសេសពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានរឹមាំដើម្បីប្រែក្លាយជាតំបន់ព្រំដែនមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនឡើងលើគ្រប់វិស័យ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនក៏បានចែកអំណោយដល់អង្គភាពកងវរសេនាតូចលេខ៥០៧ រួមមានទឹកសុទ្ធ៤០យួរនិងមី៣០កេះ ត្រី១៦០គីឡូក្រាម និងថវិកាមួយចំនួន។
[youtube id= “bF6l0ISMPms”]