(10-06-2016) ប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦គណៈប្រតិភូគណៈកម្មការនីតិកម្ម និង យុត្តិធម៌នៃព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា បានអញ្ជើញជួបជាមួយ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធក្នុងខេត្តជាច្រើននាក់ទៀត ដើម្បីសិក្សាស្វែងយល់ពីវិធានទាំងឡាយនៃការដោះស្រាយទំនាស់វិវាទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធតុលាការ និងការអនុវត្តច្បាប់នៅខេត្តប៉ៃលិន។
បន្ទាប់ពីឯកឧត្តម ធូ ភា អភិបាលរងខេត្ត រាយការណ៏សង្ខេបស្តីពីលទ្ធផលនៃការអនុវត្តច្បាប់ចូលជាធរមាន និងរបៀបដោះស្រាយវិវាទដីធ្លីរបស់គណៈកម្មាការសុរិយោដីខេត្តរួចមក ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានលើកឡើងពីបញ្ហាការដោះស្រាយទំនាស់ផ្សេងៗដែលកើតមាននៅខេត្តប៉ៃលិន ជាពិសេសការដោះស្រាយទំនាស់ដីធ្លី មានការស្មុគស្មាញច្រើន ហើយ ការដោះស្រាយនៅមានកំរិត ព្រោះថាប្រជាពលរដ្ឋមិនទាន់មានការយល់ដឹងពីនីតិវិធីនៃការដោះស្រាយក្រៅប្រព័ន្ធតុលាទេច្រើនតែដាក់ពាក្យបណ្តឹងទៅតុលាផ្ទាល់តែម្តង ។ឯកឧត្តមបន្តទៀតថា៖ បន្ទាប់ពីខេត្តប៉ៃលិនសាមារណកម្មជាមួយរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត បានធ្វើប័ណ្ណសម្គាល់អចលនទ្រព្យតាមរយៈចលនាបង្រួបបង្រួមជាតិ ហើយបានផ្លាស់ប្តូមកបណ័្ណកម្មសិទ្ធិតាមច្បាប់ភូមិបាល និងលិខិតបទដ្ឋាន គតិយុត្តិនានា ដែលពាក់ព័ន្ធនិងដីធ្លីនេះ។ជាទូទៅដីកម្មសិទ្ធិស្ថិតនៅក្នុងភូមិ ពុំសូវមានបញ្ហាទំនាស់វិវាទទេ។ដោយឡែកក្រោយពីសមាហរណកម្ម ដីព្រៃជាច្រើនត្រូវបានប្រជាពលរដ្ឋពីខេត្តផ្សេងៗ មកតាំងទីលំនៅដែលពុំមានព្រំប្រទល់ជាក់លាក់ទេធ្វើអោយមានកើតវិវាទដីធ្លីជាច្រើន ។ជាក់ស្តែងដោយមានការណែនាំរបស់ថ្នាក់ជាតិគណៈកម្មការសុរិយោដីខេត្តបានចាត់វិធានការដោះស្រាយវិវាទដីធ្លីជូនភាគីទំនាស់ បានជាបន្តបន្តាប់។
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភាបានមានប្រសាសន៏ថា៖កិច្ចប្រជុំពិភាក្សានៅពេលនេះដើម្បីសិក្សាស្វែងយល់ពីវិធានទាំងឡាយនៃការដោះស្រាយទំនាស់វិវាទក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធតុលាការ ព្រមទាំងការអនុវត្តច្បាប់ និង ការដោះស្រាយទំនាស់ដែលថ្នាក់ស្រុក ក្រុងបញ្ជូនមក ព្រមទាំង ការផ្សព្វផ្សាយច្បាប់ និងការងារនីតិកម្ម ព្រមទាំងការចូលរួមអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ និងការទប់ស្តាត់បទល្មើសព្រហ្មទណ្ឌ ផ្សេងៗ ជាពិសេសការ ប្រមូលព័ត៌មានដែលជាប់ពាក់ព័ន្ធ និងបញ្ហាផ្សេង ដើម្បីយកទៅដាក់ជូនគណៈកម្មាធិការ អចិន្ត្រៃយ៏ព្រឹទ្ធសភា ធ្វើការដោះស្រាយជូន ។ដូច្នេះថ្នាក់ដឹកនាំគ្រប់អង្គភាពស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវលើកឡើងពីបញ្ហាដែលកើតមានឡើងកន្លងមក ដូចជាការដោះស្រាយទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តប៉ៃលិនអោយបានត្រឹមត្រូវយុត្តិធម៌ក្នុងន័យបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អនិងទាន់ពេលវេលា និងធ្វើអោយពួកគាត់ជឿទុកចិត្តមកលើថ្នាក់ដឹកនាំរបស់យើង។ឯកឧត្តមក៏ផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិនទាំងអស់ត្រូវខិតខំបំពេញភារៈកិច្ចអោយបានល្អ ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ ទប់ស្កាត់និងបង្ក្រាបបទល្មើសនានាអោយបានទាន់ពេលវេលា។ទន្ទឹមនេះត្រូវផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយបានយល់ដឹងនិងការអនុវត្តច្បាប់នានារបស់រដ្ឋអោយបានល្អ ហើយត្រូវជំរុញការផ្តល់សេវាសាធាណៈជូនពួកគាត់អោយបានឆាប់រហ័សដូចជា ការធ្វើសំបុត្រកំណើត ធ្វើអត្រាកូលដ្ឋាន ធ្វើសៀវភៅគ្រួសារ ស្នាក់នៅ សំបុត្រអាពាហ៏ពិពាហ៏ សំបុត្រទទួលមរណៈភាពនិងធ្វើអត្តសញ្ញាណប័ណ្ណ អោយ គ្រប់ៗគ្នាដើម្បីយកទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខនេះ។
[youtube id= “sctmYhoSgzc”]