(08-06-2016) ប៉ៃលិន៖ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិនព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ក្រុមប្រឹក្សាខេត្ត បានបើកកិច្ច ប្រជុំសាមញ្ញលើកទី២៥ អាណត្តទី២ ដែលកិច្ចប្រជុំនេះស្ថិតក្រោមវត្តមានឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម កើត សុធា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង មានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក/ក្រុង លោកប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការ បញ្ជាការរង កងកំលាំងប្រដាប់អាវុធ និង ស្ថាប័នជំនាញនានាជុំវិញខេត្តផងដែរ ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី៖ ទី១/ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំសាមញ្ញលើកទី២៤ របស់ប្រឹក្សាខេត្ត។ទី២/ពិនិត្យ និងអនុម័តលើកំណត់ហេតុប្រជុំសាមញ្ញលើកទី២៧របស់ប្រឹក្សាខេត្ត។ទី៣/ពិនិត្យ និងអនុម័តរបាយការណ៏ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែឧសភា ឆ្នាំ២០១៦។ ទី៤/ពិនិត្យនិងអនុម័តដីការស្តីពីប្រតិទិនកិច្ចប្រជុំសាមញ្ញសំរាប់រយៈពេល១២ខែ ឆ្នាំទី៣របស់ក្រុមប្រឹក្សាខេត្ត។
បន្ទាប់ពីកិច្ចប្រជុំបានពិនិត្យនិងអនុម័តតាមរបៀបវិរៈនីមួយៗរូចមក ក្រុមប្រឹក្សាខេត្តក៏បានពិភាក្សានិងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងត្រូវបន្ត ដោះស្រាយ ដូចជា៖ទី១/បញ្ហាមេឃុំ/សង្កាត់ធ្វើផែនការវិនិយោគមិនទាន់ពេលវេលា។ ទី២/បញ្ហាប្រជាពលរដ្ឋភ្ជួរដីចំនីផ្លូវសាធារណៈដើម្បីធ្វើការដាំដុះនិងប្រើប្រាស់ផ្សេងៗ។ទី៣/បញ្ហាការចោលសំរាមនៅតាមដងផ្លូវសាធារណនៅផ្សាប៉ារលឹម។ទី៤/បញ្ហាគ្រឿងញៀន និងបញ្ហាការចោទប្រកាន់ចាប់រំលោភនៅភូមិអណ្តូង៤។ទី៥/បញ្ហាប្រជាពលរដ្ឋធ្វើការអត្តសញ្ញាប័ណ្ណអត់មានឯកសារច្បាស់លាស់។ទី៦/បញ្ហាប្រជាពលរដ្ឋទៅសាកសួរសុខទុក្ខកូន ឫបងប្អូននៅពន្ធធានាគារមិនអោយយកសំភារៈចូល។ទី៧/បញ្ហាក្រុមហ៊ុនថ្មភ្នំស្ពង់ពេលបំផ្ទុះកំទេចថ្មម្តងៗធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជំវិញភ្នំស្ពង់យ៉ាងខ្លាំង។ទី៨/បញ្ហាក្មេងទំនើងជិះម៉ូតូអត់មានបំពង់សេម៉ាំងសំឡេងលឺខ្លាំងធ្វើអោយរំខានដល់បងប្អូនប្រជាពលរដ្ឋ។ទី៩/បញ្ហាគ្រោះថ្នាក់ចរាចណ៏ និងបញ្ហាសិស្សានុសិស្សបោះបង់ការសិក្សានៅតែកើតមាន។និងទី១០/បញ្ហាការបំរែបំរួលអាកាសធាតុ ធ្វើអោយអាកាសធាតុក្តៅ ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់និងបង្កបង្កើនផល។
ឯកឧត្តម កើតសុធា អភិបាលនៃ គណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ កន្លងមករដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានាជាបន្តបន្ទាប់ ព្រមទាំងបានជំរុញអោយមន្ត្រីជំនាញទាំងអស់អនុវត្ត និង ចាត់វិធាការដោះស្រាយអោយបានឆាប់រហ័សផងដែរ ។ឯកឧត្តមមានបន្តថា៖ គ្រប់ស្ថាប័នជំនាញទាំងអស់បានយកចិត្តទុកធ្វើការបំរើសេវាជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានបានល្អ ជាពិសេសបានអនុវត្តយុទ្ធសាស្រ្តដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាអោយបានត្រឹមត្រូវនិងមានប្រសិទ្ធិភាព។ ឯកឧត្តមក៏បានណែនាំដល់មន្ត្រីមន្ទីរជំនាញ គ្រប់ស្ថាប័នទាំងអស់ត្រូវចូលរួមប្រជុំអោយបានជាប់ជានិច្ច ព្រោះកិច្ចកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ដើម្បីចូលរួមមតិយោបល់ ព្រមទាំងធ្វើបកស្រាយបំភ្លឺជូនសមាជិកក្រុមប្រឹក្សាខេត្ត និងដោះស្រាយបញ្ហាដែលលើកឡើងក្នុងន័យបំរើផលប្រយោជន៍ប្រជាពលរដ្ឋ និងរក្សាសណ្តាប់ធ្នាប់សុខសុវត្តិភាពអោយល្អផងដែរ។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានស្នើអោយមន្ទីរធនធានទឹកធ្វើផែនការ គំរោងទំនប់ស្ទាក់ទឹកជីកអណ្តូង ស្រះអោយបានច្រើនដើម្បីបំរើសេចក្តីត្រូវការរបស់ប្អូនប្រពលរដ្ឋនៅពេលខាងមុខ និង ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីផ្តល់ព័ត៌មានអោយបានច្បាស់លាស់ក្នុងការអនុវត្តគំរោងនេះអោយទទួលបានជោគជ័យ។
ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍សំដែងការកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពមន្ទីរស្ថាប័នទាំងអស់ដែលបានខិតខំអនុវត្តការងាររបស់ខ្លួនបានល្អប្រសើរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍រីកចំរើននៅក្នុងខេត្តប៉ៃលិន។ឯកឧត្តមបានសំណូមពរដល់គណៈអភិបាលខេត្តត្រូវពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងរដ្ឋបាលអោយបានរឹងមាំ ដើម្បីឆ្លើយតបបំរើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធិភាព។ចំពោះសន្តិសុខសណ្តាប់ចរាចរណ៏លើផ្លូវសាធារណៈនៅខេត្តប៉ៃលិន ឯកឧត្តមបានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវមានកិច្ចសហការគ្នាឲ្យបានល្អដើម្បីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក អោយប្រជាពលរដ្ឋមានការយល់ដឹងគ្រប់ៗគ្នា។ទន្ទឹមនេះថ្នាក់ដឹកនាំទាំងអស់ត្រូវចុះជួប ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីធ្វើការដោះស្រាយ ជូនពួកគាត់ អោយមាន ភាពយុត្តិធម៌ និងជឿទុកចិត្តផងដែរ។
[youtube id= “wvygg8A2Dag”]