(07-06-2016) ប៉ៃលិន៖ នៅវត្តគិរីរតនារាមភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៦បានប្រារព្ធពីធីបុណ្យចម្រើនអាយុវឌ្ឍនៈមង្គល ៧៨ឈានចូល ៧៩ ព្រះវស្សា ព្រះគ្រូ រតនមុនី ចាន់ គង់ ព្រះរាជាគណៈថ្នាក់ចត្វាព្រះមេគណគណៈមហានិកាយខេត្តប៉ៃលិន និងជាព្រះគ្រូចៅអធិការវត្តគិរីរតនារាមភ្នំយ៉ាត ដោយមានការអញ្ជើញចូលរួមសំណាក់ ឯកឧត្តម ឡី ចាន់ ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិននិងលោកជំទាវ ឯកឧត្តម វេង សុធីអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាក្រុមការងារអចិន្រ្តៃយ៍មូលនិធិរបស់ឯកឧត្តម ប៉ាន់ សូរ សក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេងព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ ១០៨ អង្គ យាយជីតាជី និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ពិធីបុណ្យនេះបានធ្វើឡើងតាមប្រពៃណីទំនៀមទំលាប់ខ្មែរ តាមបែបព្រះពុទ្ធសាសនា ដើម្បីបួងសួងដល់បារមីវត្ថុសក្តិសិទិ្ធ ដែលស្ថិតនៅលើកំពូលភ្នំយ៉ាត និងទឹកដីខេត្តប៉ៃលិន គុណបុណ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងលោកយាយយ៉ាត ដើម្បីសុំសេចក្តី សុខសប្បាយ អាយុយឺនយូរ ប្រគេនដល់ ព្រះគ្រូ រតនមុនី ចាន់ គង់ និងថ្នាក់ដឹកនាំខេត្តព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា៖ តាំងនាមថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការកងកំលាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តប៉ៃលិន សូមថ្លែងនូវអំណរអរគុណយ៉ាងក្រៃលែងចំពោះគុណូបការៈដ៏ច្រើនរបស់ព្រះគ្រូ រតនមុនី ចាន់ គង់ ព្រះរាជាគណៈចត្វា ព្រះមេគុណគណៈមហានិកាយខេត្តប៉ៃលិន ដែលព្រះគ្រូបានដឹកនាំមន្រ្តីសង្ឃ សីលវន្ត សីវតី ប្រជាពុទ្ធបរិស័ទក្នុងខេត្ត បុណ្យ ធ្វើទាន និងបានចូលរួម អប់រំសីលធម៌ ចរិយាធម៌ គុណធម៌ ក៏ដូចជា សតិអារម្ម ណ៍ស្នារតី ដល់ ប្រជាពុទ្ធបរិស័ទ តាមបែបព្រះពុទ្ធសាសនា នាំមកនូវសេចក្តីសុខក្នុងផ្លូវចិត្តប្រកបដោយ សន្តិភាព និងការអភិវឌ្ឍន៍។ឯកឧត្តម បានមានប្រសាសន៍ថា ក្នុងសម័យកាលនៃការដឹកនាំគ្រប់គ្រងរបស់ព្រះគ្រូរតនមុន្នី ចាន់ គង់ នៅវត្តគិរីរតនារាមភ្នំយ៉ាតមានការកសាងនូវសមិទ្ធិផលផ្សេងៗជាច្រើនសំរាប់ទុកជាដំណែលដល់កូនចៅជំនាន់ក្រោយ បន្តគោរពប្រតិប័ត្តព្រះពុទ្ធសាសនាដូចជា៖ ឆ្នាំ ១៩៩៨ កសាង ព្រះវិហារ សាលាឆាន់ ផ្លូវឡើងភ្នំយ៉ាង , ក្នុងឆ្នាំ ២០០០ បានកសាងជណ្តើរឡើងភ្នំយ៉ាតកុដិលោកឪ, កុដិឈើ, កុដិថ្ម, អាស្រមលោកយាយយ៉ាតខាងលើ, អាស្រមលោកឪ, ចេតិយធំ, អាស្រមលោកយាយទេព, អាស្រមព្រះគោព្រះកែវ, ដងទង់ធំចំនួន និងការដាំកូនឈើ គ្រប់ប្រភេទ ៨០០០ដើមក្នុងឆ្នាំ ២០១២កសាង ព្រះអង្គធំ ២១ ម៉ែត្រ, ព្រះអង្គទ្រង់បាត្រ ៥ ម៉ែត្រ របងអាស្រមលោកយាយយ៉ាត អាស្រមលោកយាយយ៉ាតខាងក្រោម ស្រះមុជ្ជលិន្ទ ចេតិយតូច អាស្រមព្រះអង្គ ០២។ ក្នុងឆ្នាំ ២០១៤ កសាង ប្រសាទទ្វារ៨ ដែលជាសមិទ្ធផលមួយដ៏ធំលើភ្នំយ៉ាតផងដែរ។ ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ផងដែរថា សមិទ្ធផលទាំងអស់នេះ បានធ្វើអោយខេត្តប៉ៃលិនមានមុខមាត់ស្រស់បំព្រង ជាមណ្ឌលទេសចរណ៍វប្បធម៌ ធម្មជាតិក្នុងខេត្តប៉ៃលិន ទាក់ទាញនូវភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិគ្រប់ទីកន្លែង មកលេងកំសាន្នក្នុងខេត្តប៉ៃលិន។
[youtube id= “UcFZIsxFpMI”]